ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ថ្ងៃ​សន្យា​បើក​ប្រាក់ខែ​ បែរ​ជា​ថៅកែ​រត់​បាត់​ កម្មករផ្ទុះ​ការ​តវ៉ា​នាំ​គ្នាផ្តិត​មេដៃ​ប្តឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ​៖ កម្មករ ក​ម្មការី​នី​របស់​រោងចក្រ​បោះពុម្ព​ខោអាវ ស៊ី ជេ​ក្រា​ហ្វិ​ច​អាត ​ព្រី​ន​ធី​ង​ស្ទូ​ឌី​យោ ប្រមាណ​៧០​នាក់​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ទៅ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​រាជធានី​ភ្នំពេញ ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ដោះស្រាយ បន្ទាប់​ពី​ដល់​ថ្ងៃ​សន្យា​បើក​ប្រាក់ខែ​…

រាជធានី​ភ្នំពេញ​ ​៖ កម្មករ ក​ម្មការី​នី​របស់​រោងចក្រ​បោះពុម្ព​ខោអាវ ស៊ី ជេ​ក្រា​ហ្វិ​ច​អាត ​ព្រី​ន​ធី​ង​ស្ទូ​ឌី​យោ ប្រមាណ​៧០​នាក់​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ទៅ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​រាជធានី​ភ្នំពេញ ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ដោះស្រាយ បន្ទាប់​ពី​ដល់​ថ្ងៃ​សន្យា​បើក​ប្រាក់ខែ​ ស្រាប់តែថៅកែ​វេច​បង្វិច​រត់គេច​ខ្លួន​បាត់​។

ការ​តវ៉ា​ផ្តិត​មេដៃ​ប្តឹង​​របស់​កម្មករ​ខាងលើ​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ២០២០ ដោយ​កម្មករ ក​ម្មការី​នី បាន​ជួប​ប្រមូលផ្តុំ​នៅ​ក្នុង​ទីតាំង​រោងចក្រ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ចុង​ថ្នង់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​តាម​តំណាង​កម្មករ​បានអោយ​ដឹង​ថា ថៅកែរោងចក្រ​ខាងលើ​ឈ្មោះ ស៊ី​ជេ វ៉ូ ជា​ជនជាតិ​ចិន​ម៉ា​ឡេ​ស៊ី បាន​រត់គេច​ខ្លួន​បាត់​ ខ​ណៈ​ពេល​ដែល​កម្មករ​បាន​នាំ​គ្នា​មក​បើក​លុយ​តាម​ការ​សន្យា ។ ការ​រត់គេច​ខ្លួន​របស់ថៅកែម្នាក់នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​រយៈ​ពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ មិនដឹង​ថា ទៅ​ទីណា​នោះ​ទេ ក្នុង​ស្ថានភាព ​ដែល​វីរុស​កូ​វី​ដ-19 កំពុង​តែ​ផ្ទុះ​ឡើង​បែប​នេះ​។

តាម​ប្រភពពី​កម្មក​រ​បានអោយ​ដឹង​ថា រោងចក្រ​បោះពុម្ព​ខោអាវ​ខាងលើ​នេះ​មាន​កម្មករ ក​ម្មា​ការី​នី ចំនួន​៧០​នាក់ ក្នុង​នោះ​មាន​​បុរស​ចំនួន​២០​នាក់​ ។ ​ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​មិនល្អ ថៅកែ​រោងចក្រ​បាន​ប្រកាស​ព្យួរការងារ​កាលពី​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ ២០២០ ។ បន្ទាប់​ពី​ប្រកាសព្យួរការងារ​នៅ​ថ្ងៃ​ទី​១០ ​ខែមីនា ថៅកែ​វក៏​បាន​បើក​ប្រាក់ខែកុ​ម្ភៈ តែ​កន្លះ​ខែ ដោយ​សន្យា​ថា នឹង​បើក​​ឱ្យនៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ ២០២០ ស្រាប់តែ​ដល់​ថ្ងៃ​កំណត់ ស្រាប់តែ​​ថៅកែ និង​រដ្ឋបាល​ក៏​បាន​គេចខ្លួន​បាត់​ ទើប​ពួក​គាត់​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​តែ​ម្តង ។

​តាម​លិខិត​បើក​ប្រាក់ខែ​៥០​ភាគរយ​របស់​រោងចក្រ​បាន​បញ្ជាក់​​ថា មូលហេតុ​ដែល​ក្រុមហ៊ុន ស៊ី ជេ​ក្រា​ហ្វិ​ច​អាត​ព្រី​ន​ធី​ង​ស្ទូ​ឌី​យោ​បើក​ប្រាក់ខែ​៥០​ភាគរយ ដោយសារ​តែ​ក្រុមហ៊ុន​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ និង​ផលិតផល​មិន​អំណោយផល​ ។​ នៅ​ក្នុង​លិខិត​នោះដែរ​ ក្រុមហ៊ុន​ក៏​បាន​សន្យា​ថា នឹង​បើក​ជួន​គ្រប់​ចំនួន​អោយ​ទៀងទាត់​ចាប់ពី​ខែ​ក្រោយ​ៗ​នេះ​តទៅ​ ។ ​ទោះបីជា​យ៉ាងណា គេ​មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​ ស្រាប់តែ​ដល់​ថ្ងៃ​សន្យា បែរ​ជា​ថៅកែ​​រត់​​គេចខ្លួន​បាត់​បែប​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ