ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​ដេញ​ប៉ផាប់​ចាប់​ពភីង ក្រោយ​​ដាក់​អន្ទាក់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដេញ​ប៉ផាប់​ចាប់​ពភីង ហើយ​ឃាត់​ខ្លួន​បាន​នៅ​ចំណុច​ត្រពាំង​កកោះ បន្ទាប់​ពី​ជន​នេះ លួច​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ចំនួន​៣៥​ខ្សែ ជា​ប្រភេទ​អន្ទាក់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​សត្វព្រៃ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដេញ​ប៉ផាប់​ចាប់​ពភីង ហើយ​ឃាត់​ខ្លួន​បាន​នៅ​ចំណុច​ត្រពាំង​កកោះ បន្ទាប់​ពី​ជន​នេះ លួច​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ចំនួន​៣៥​ខ្សែ ជា​ប្រភេទ​អន្ទាក់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​សត្វព្រៃ និង​មនុស្ស នៅ​ចំណុច​អូរ​ល្វេ​រ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កាលពី​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ រួច​កសាង​សំណុំរឿង​បទ​ល្មើស​ធនធានធម្មជាតិ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ឈ្មោះ សា វា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ជី​មៀត ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ចោទប្រកាន់​តាម​បញ្ញត្តិ​មាត្រា​៦១ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដកហូត​វត្ថុ​តាង​ជាក់ស្ដែង​នូវ​កាំបិត​ផ្គាក់​ចំនួន​១, ចបជីក​ចំនួន​១ និង​ម៉ូតូ​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង ដើម្បី​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​បរិស្ថាន​។ ចំណែក​អន្ទាក់​ដែល​បាន​ដាក់​រួច ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទៅ​ប្រមូល​យក រួច​ដុត​កម្ទេច​ចោល​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

គួរ​រម្លឹក​ថា ជនសង្ស័យ​រូប​នេះ​មាន​ប្រវត្តិ​នៃ​ការ​ផ្តន្ទាទោស​ពី​មុន ដោយ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី ចំនួន​២​ខែ ពាក់ព័ន្ធ​ករណី​បទល្មើស​ធនធានធម្មជាតិ​ផង​ដែរ ដែល​ជា​ការ​មិន​រាងចាល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ