ខេត្តបន្ទាយមានជ័យ ៖ ក្រោយភាគីថៃបិទព្រំដែនស្ទើរទាំងស្រុងតាមបន្ទាត់ព្រំដែនជាប់កម្ពុជា ផ្លូវធំលើស្ពានព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក គេឃើញរថយន្តធុនធំរបស់ថៃឆ្លងទៅមកជាធម្មតា បិទតែអ្នកដំណើរថ្មើរជើង ។ ជាស្តែង ត្រីរបស់ខ្មែរយើងអាចឆ្លងព្រំដែនបាន លុះត្រាតែដឹកតាមរថយន្តថៃទើបអាចចូលទៅបាន ។
ប្រភពបន្តថា ក្រោយភាគីថៃប្រកាសបិទទ្វារព្រំដែន សម្រាប់អ្នកដំណើរថ្មើរជើងទាំងភ្ញៀវជាតិ-អន្តរជាតិអះអាងថា ដើម្បីទប់ស្កាត់ជំងឺកូវីត-១៩ កាលពីព្រឹកថ្ងៃទី២៣ មីនា ២០២០ ទ្វារធំលើស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញរថយន្តធុនធំដឹកទំនិញរបស់ថៃ នៅបន្តឆ្លងព្រំដែនចេញ-ចូលកម្ពុជាជាធម្មតា ។ ប៉ុន្តែភាគីថៃមិនអនុញ្ញាតឲ្យយានយន្ត ឬរទេះដឹកទំនិញរបស់កម្ពុជា ឆ្លងព្រំដែនទៅទឹកដីថៃទេ ហើយអ្វីដែលឃើញច្បាស់ និងភ្នែកថែមទៀតនោះ គឺត្រីខ្មែរអាចឆ្លងព្រំដែនទៅដីថៃបានដ៏រាបណាឈ្មួញថៃយករថយន្តមកដឹកពីដីខ្មែរ។
ដោយឡែក ពលករខ្មែរដែលជាប់គាំងលើដីថៃ ក្រោយភាគីថៃបិទព្រំដែន ត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣និង២៤ មីនា ២០២០ មានចំនួន១៤៨៦នាក់ (ស្រី៧១៥, កុមា៦៥នាក់) នេះមិនគិតពីចំនួនពលករដែលសម្រុកមកកម្ពុជា មុនភាគីថៃបិទទ្វារព្រំដែនយ៉ាងគគ្រឹកគគ្រេងមួយថ្ងៃទល់កណ្តាលអធ្រាត្រ កាលពីថ្ងៃទី២២ មីនា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ពលករទាំងនេះ ក្រោយភាគីកម្ពុជាទទួលបានព័ត៌មានពីភាគីថៃអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត រួមជាមួយមន្ត្រីនិងសមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ អមដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ។ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសហការជាមួយភាគីថៃ ចូលទៅរកដំណោះស្រាយស្នើ សុំទទួលយកពលករទាំងនេះមកកម្ពុជាវិញជាបន្តបន្ទាប់។
ក្រោយទទួលពីគោលដៅនានាពលករទាំងនេះ គេយកទៅដាក់ទីតាំង២កន្លែង ក្នុងក្រុងប៉ោយប៉ែតពិនិត្យកំដៅ និងតាមដានសុខភាពអាជ្ញាធរអះអាងថារកឃើញអ្នកសង្ស័យ២៥នាក់ ។ អាជ្ញាធរបញ្ជាក់ថា អ្នកជាប់សង្ស័យយកសំណាកវិភាគពីទឹកដីខេត្តបន្ទាយមានជ័យ ទៅធ្វើតេស្កិនៅវិជ្ជាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញមាន៣៣នាក់ ក្នុងនោះពលករវិលពីថៃ២៥នាក់ ក្រៅពីនេះជាអ្នករស់នៅខេត្តបន្ទាយមានជ័យ ប៉ុន្តែអះអាងថាលទ្ធផលអវិជ្ជមានពោលទាំងពលករនិងអ្នកខេត្តបន្ទាយមានជ័យ គ្មានអ្នកផ្ទុកមេរោគកូវីត-១៩ ទេ ។