អាជីវក​ផ្សារ​ត្អូញត្អែរ​គ្រប់​គ្នា ខណ​:​លក់​អត់​ដាច់​អ្នកខ្លះ​បិទ​តូប បន្ទាប់​ពី​ផ្ទុះ​ករណី​វីរុស​កូ​រ៉ូ​ណា


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ អាជីវករ​លក់ដូរ​ជា​ច្រើន​នាក់ បាន​ត្អូញត្អែរ ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ករណី​ជ​ងឺ​ឆ្លង​ដ៏​កាច​សាហាវ​ថ្មី​ឈ្មោះ កូ​រ៉ូ​ណា ហៅ Covid 19 អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​អ្នក​លក់ដូរ​នៅ​ក្នុង​ផ្សារ​ត្រី​ថ្មី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន គឺ​លក់​អត់​សូវ​ដាច់​នោះ​ទេ ព្រោះ​មិនសូវ​ឃើញ​មាន​អតិថិជន​ចូល​ទៅ​ទិញ​ម្ហូបអាហារ ឬ​សម្លៀក​បំពាក់​ប្រើប្រាស់​ច្រើន ដូច​កាលពីមុន​នោះ​ឡើយ ពោល គឺ​ស្ងាត់ឈឹង​តែ​ម្តង ។

ដោយ​ក្នុង​១​ថ្ងៃ​ៗ គេ​អាច​លក់ដាច់​បាន​ប្រាក់​ត្រឹមតែ​៤០០០០​រៀល ទៅ​៥០០០០​រៀល​ប៉ុណ្ណោះ ដែល​ខុស​ពី​មុន ក្នុង​១​ថ្ងៃ​ៗ អាជីវករ​អាច​លក់ដូរ​ដាច់​បាន​ប្រាក់​ចាប់ពី​១០​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​ឯណោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ​ឈ្មោះ វី អាយុ​៣៦​ឆ្នាំ , ឈ្មោះ មាស ស្រី អាយុ​៤២​ឆ្នាំ និង ឈ្មោះ ប៉ែន គឹ​ម​សេង អាយុ​៤៨​ឆ្នាំ ប្រកប​របរ​លក់​សម្រៀក​បំពាក់ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង ប្រហាក់ប្រហែល​គ្នា​ថា ការ​លក់ដូរ​បច្ចុប្បន្ន​នេះ​មានការ​ស្ងាត់​មនុស្ស​ខ្លាំង​ណាស់ មិនដឹង​ជា​ទៅ​ណា​អស់​ទេ ដោយ​ជួនកាល​ក្នុង​១​ថ្ងៃ លក់​សម្លៀក​បំពាក់​ដាច់​ត្រឹមតែ​២​ទៅ​៣​កំ​ប្លេ​ប៉ុណ្ណោះ ។ ប្រភព​បន្ត​ទៀត​ថា ការ​ស្ងាត់​អតិថិជន​បែប​នេះ គឺ​ចាប់តាំងពី​ផ្ទុះ​ចេញ​នូវ​ករណី​ជំងឺឆ្លង​កូ​រ៉ូ​ណា ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មួយ​ចំនួន​បាន​បង្ខំចិត្ត​បិទ​តូប​សម្រាក​លក់​មួយ​រយ​:​ពេល​សិន ព្រោះ​បើ​នៅ​បន្ត​លក់​ក៏​អត់​មាន​ម៉ូយ​ចូល​ទិញ​ដែរ ។

ចំណែក​អ្នកខ្លះ​ទៀត នៅ​បង្ខំចិត្ត​លក់ដូរ ដោយសារ​តែ​គ្មាន​លុយ​សម្រាប់​យក​ទៅ​បង់ការ​ធនាគារ បើសិនជា​អត់​បើក​តូប​ទេ គ្មាន​អ្វី​សង​ថ្លៃ​ជំពាក់​គេ​នោះ​ឡើយ ហើយដោយ​មានការ​ព្រួយបារម្ភ​ខ្លាំង​ទើប​បើក​លក់ដូរ​រាល់ថ្ងៃ​តែ​ម្តង ។ អ្នកខ្លះ​ទៀត បើក​តូប​លក់​រហូត​មក​ដល់​ពេល​នេះ លុះ​អត់​ដាច់​សោះ ទើប​នាំ​គ្នា​បិទ​តូប​សម្រាក​នៅផ្ទះ​តែ​ម្តង ដោយ​រង់ចាំ​មើល​សភាព​ការ​ជំងឺ​ខាងលើ​នេះ​សិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​ត្រី​ថ្មី បានឱ្យ​ដឹង​ដូច​ៗ​គ្នា​ដែរ​ថា ការ​លក់ដូរ​ម្ហូបអាហារ​ពេល​នេះ មិន​ខុស​ពី​មុន​ប៉ុន្មាន​ទេ តម្លៃ​សាច់​ជ្រូក និង​សាច់​គោ គឺ​នៅ​ដដែល ដោយ​ឡើង ថ្លៃ​តិចតួច​ប៉ុណ្ណោះ ។ រីឯ​ត្រី​មានការ​ឡើងថ្លៃ​ខ្ពស់​ជាង​មុន​បន្តិច ដោយ​ត្រី​ចិញ្ចឹម​ពី​មុន​១​គីឡូក្រាម ត្រឹមតែ​៨០០០​រៀល ទៅ​១០០០០​រៀល រហូត​មក​ដល់​ឥឡូវ​ឡើង​ដល់ ១​គីឡូក្រាម ១២០០០​រៀល ទៅ​១៣០០០​រៀល​ឯណោះ ។ ចំណែក​ត្រី​ស្រែ​ពី​មុន​ត្រឹម​១​គីឡូក្រាម តែ​១៤០០០​រៀល ទៅ​១៥០០០​រៀល តែ​ពេល​នេះ ឡើង​ដល់​១​គីឡូក្រាម ចាប់ពី​១៨០០០​រៀល ទៅ​២០០០០​រៀល ឯណោះ ។

រីឯ​អ្នកលក់​អង្ករ និង​គ្រឿង​បរិភោគ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ផ្សារ បានឱ្យ​ដឹង​ដែរ​ថា ការ​លក់ដូរ នេះ​មិន​ឡើងថ្លៃ​អ្វី​នោះ​ទេ គឺ​នៅ​ដដែល ប៉ុន្តែ​សព្វថ្ងៃ​ហាក់ដូចជា​ស្ងាត់​អតិថិជន​ជាង​មុន​បន្តិច ប៉ុន្តែ​អាច​រកបាន​ចំណូល​ច្រើន​ប្រហាក់ប្រហែល​កាលពីមុន​ដែរ ។ ពួក​គាត់​ក៏​មាន​សំណូមពរ ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចេះ​អនាម័យ​ផ្ទាល់ខ្លួន​ម្នាក់​ៗ​ផង​ដែរ ដោយ​លាងដៃ និង​អាល់កុល ឬ​ជែ​ល ក៏​ដូច​ជា ពាក់​ម៉ាស​ការពារ​ផង​ដែរ ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល​ទៅ​អ្នក​ដទៃ​ទៀត បើសិនជា​មាន​នរណា​ម្នាក់​កើត​ជំងឺ​នោះ​មែន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ