កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោក បានផ្អាកផលិតកម្ម ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ នៅប្រទេសអុីតាលី រោងចក្រផលិតរថយន្ត Ferrari, Lamborghini និង Maserati សុទ្ធតែបានបិទផលិតកម្ម ខណៈក្រុមហ៊ុន Volkswagen Group និង Porsche កំពុងបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់។ វាជារឿងប្រហាក់ប្រហែលគ្នានៅអាមេរិក ព្រោះថា ក្រុមហ៊ុន Ford, Fiat Chrysler, General Motors និង Tesla ក៏បានបិទរោងចក្រ។
ឥឡូវនេះវីរុសកូវីដ-១៩ កំពុងធ្វើឱ្យឧស្សាហកម្មផលិតរថយន្តរបស់អង់គ្លេសត្រូវបានបញ្ឈប់ ខណៈពេលដែល Bentley និង Jaguar Land Rover បានប្រកាសថា ផលិតកម្មនឹងត្រូវបានផ្អាកនៅឯរោងចក្រផលិតកម្មចក្រភពអង់គ្លេស យ៉ាងហោចណាស់មួយខែ ដែលបណ្តាលឱ្យខាតបង់ផ្នែកហិរញ្ញវត្ថុ និងការពន្យារពេលចែកចាយ។ ក្រុមហ៊ុន Bentley បានផ្អាកផលិតកម្មនៅទីស្នាក់ការកណ្តាលរោងចក្ររបស់ខ្លួន នៅ Crewe ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី២០ ខែមីនា ខណៈដែលក្រុមហ៊ុន Jaguar Land Rover នឹងបញ្ឈប់ផលិតកម្មក្នុងរយៈពេលមួយសប្តាហ៍នេះ ដើម្បីការពារបុគ្គលិក។ ក្រុមហ៊ុនផលិតរថយន្តទាំងពីរគ្រោងនឹងចាប់ផ្តើមការផលិតឡើងវិញ នៅសប្តាហ៍ទី២០ ខែមេសា ប៉ុន្តែនឹងពិនិត្យមើលស្ថានភាពដែលកំពុងបន្ត។
លោក Hallmark ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Bentley Motors បានមានប្រសាសន៍ថា៖ «សុខុមាលភាពរបស់បុគ្គលិកយើង គឺជាអាទិភាពទីមួយរបស់យើង ហើយទោះបីជានេះគឺជាការសម្រេចចិត្តដ៏ពិបាកក្នុងការទទួលយក ហើយមិនផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្ររបស់យើងក៏ដោយ វាចាំបាច់ក្នុងការការពារពួកគេឱ្យល្អបំផុត ដែលយើងអាចធ្វើបាន ក្នុងពេលមិនធ្លាប់មានពីមុនមកនេះ»។
ក្រុមហ៊ុន Bugatti ក៏បានផ្អាកផលិតកម្មផងដែរ។ ចាប់ពីថ្ងៃទី២០ ខែមីនា ការផលិតរថយន្តម៉ាក Bugatti Chiron ត្រូវបានបញ្ឈប់នៅរោងចក្ររបស់ក្រុមហ៊ុននៅ Molsheim ប្រទេសបារាំង ដោយហេតុថាក្រុមហ៊ុនផលិតកំពុងរកឃើញថា វាមិនអាចរក្សាបាននូវចង្វាក់ផ្គត់ផ្គង់ផលិតកម្មនិងគ្រឿងបន្លាស់របស់ខ្លួននិងដឹកជញ្ជូនរថយន្តជូនអតិថិជនបាន។ រថយន្តម៉ាក Bugatti មិនបានប្រកាសថាពេលណាគ្រោងនឹងបន្តផលិតកម្មនោះទេ ប៉ុន្តែនឹងតាមដានស្ថានការណ៍នៅប៉ុន្មានថ្ងៃខាងមុខ៕ (យោងតាមប្រភពពី carbuzz )
ចែករំលែកព័តមាននេះ