ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​មែន​! ម្ចាស់​ឈរ​ហៅ​ម៉ូយ​ ឱកាស​ល្អ​ឡើង​​រថយន្ត​បើក​ទៅ​ធ្វើ​មិនដឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ដង្កោ ដេញ​តាម​ឃាត់ខ្លួន រួច​នាំ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ដង្កោ ដេញ​តាម​ឃាត់ខ្លួន រួច​នាំ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ នៅ​ពេល​ដែល​ជនសង្ស័យ​រូប​នោះ​លួច​រថយន្ដឈ្នួល​១​គ្រឿង ខណៈ​ម្ចាស់​ចត​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ ហើយ​រវល់​ហៅ​ម៉ូយ​ដោយ​អត់​ដក​សោរ​ចេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយ​ប្រេង​សាំង LHR ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ឌៀប ចេក អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ គឺជា​មុខសញ្ញា​ចោរកម្ម​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ច្រើន​ដង​មក​ហើយ ហើយ​ជន​នេះ​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​រោងចក្រ​ដំបូល​ខៀវ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លុះ​ចុង​ក្រោយ​នេះ​បាន​លួច​រថយន្ត​តាក់ស៊ី​ម៉ាក SSANG YONG ISTANA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-2821 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​រង​គ្រោះ​ឈ្មោះ រ៉េ​ត ពន្លក អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ក្នុងភូមិ​វែង ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​អ្នក​រត់​រថយន្តឈ្នួល​ខាងលើ​បាន​បើករថយន្ត​ចេញពីផ្ទះ​ដឹក​ភ្ញៀវ​មក​កាន់​រាជធានី​ភ្នំពេញ លុះ​ដាក់​មនុស្ស​ចេញពី​ក្នុង​រថយន្ត​អស់ ក៏​បើករថយន្ត​ទៅ​កាន់​ចំណុច​កើតហេតុ រួច​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​មិន​បាន​ដក​កូនសោរ​ចេញពី​ក្នុង​រថយន្ត​ឡើយ​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ឈរ​ហៅ​ម៉ូយ ដើម្បី​ជិះ​រថយន្ត​ត្រឡប់​ទៅ​កាន់​ខេត្តតាកែវ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ឆ្លៀតពេល​ដែល​ម្ចាស់​រថយន្ត​រវល់ ស្រាប់តែ​ជនសង្ស័យ​ទៅ​ដល់​ឡើង​ចូល​ទៅ​ក្នុង​រថយន្ត រួច​កាច់​សោរ​បញ្ឆេះ​បើក​ចេញ​គេចខ្លួន​បាត់​យ៉ាង​លឿន​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ រួច​ក៏​ស្រែក​ឆោឡោ​ឱ្យ​អ្នក​ជិតខាង​ជួយ និង​បើករថយន្ត​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​ខាង​មុខ​ខ្លោងទ្វារ​ចូល​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ផ្លូវ​ជួយ​ធ្វើ​អន្តរាគមន៍ រួច​ឃាត់​បាន​ទាំង​រថយន្ត និង​ជនសង្ស័យ​តែ​ម្ដង ។

ក្រោយ​ពេល​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​លួច​រថយន្ត​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន និង​កន្លង​មក ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ច្រើន​លើក​ថែម​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ