ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបងប្អូន​ត្រូវតែដឹង​ពីរឿងនេះ​! តំបន់​មាន​​គ្រោះ​​​ថ្នាក់​​ដែល​បាន​​​ហាម​​ឃាត់​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ពលរដ្ឋ​ម្នាក់​បាន​ដើរ​ជាន់​មីន​ផ្ទុះ បណ្ដាល​ឱ្យ​រង​របួស​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៨ ​និង​២០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​២៤ មីនា ខណ​:​ដែល​គាត់​កំពុង​ដើរ​រក​បេះ​ផ្លែ​សំ​រ៉​ង​នៅ​ក្នុង​ព្រៃ ត្រង់​ចំណុច​​ភ្នំ​រទេះសេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ…

ខេត្តបាត់ដំបង ​៖ ពលរដ្ឋ​ម្នាក់​បាន​ដើរ​ជាន់​មីន​ផ្ទុះ បណ្ដាល​ឱ្យ​រង​របួស​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ កាលពី​វេ
លា​ម៉ោង​៨ ​និង​២០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​២៤ មីនា ខណ​:​ដែល​គាត់​កំពុង​ដើរ​រក​បេះ​ផ្លែ​សំ​រ៉​ង​នៅ​ក្នុង​ព្រៃ ត្រង់​ចំណុច​​ភ្នំ​រទេះសេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត​ ។ ទោះបីអាជ្ញាធរ​ធ្លាប់​អំពាវនាវ​ប្រាប់​ពីតំបន់​ដែលមានគ្រោះថ្នាក់​យ៉ាងណាក្តី ក៏មានប្រជាពលរដ្ឋខ្លះ​ នៅតែ​ទៅដល់តំបន់​គ្រោះ​ថ្នាក់​នេះ​ដដែល ។

តាមមន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយ​ការ​ណ៍ថា ពលរដ្ឋ​រង​គ្រោះខាងលើ​នោះ​ ឈ្មោះ ជន ហាក់ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ រស់នៅភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ដែល​បាន​រង​របួសធ្ងន់​ប្រអប់ជើង​ខាងស្ដាំ ហើយ​ទំនង​អាច​ឈាន​ដល់​ការ​វះកាត់​ទៀត​ផង​។ ប្រភព​ពី​មន្ត្រី​ដដែល​ប្រាប់​ថា បុរស​នោះ រួម​ជាមួយ​អ្នក​ភូមិ​ប៉ុន្មាន​​នាក់​ទៀត បាន​នាំ​គ្នា​ចូល​ព្រៃ​នៅ​តំបន់​ដ៏​គ្រោះថ្នាក់​នោះ ដើម្បី​បេះ​ឬ​រើស​ផ្លែ​សំ​រ៉​ង​ភ្នំ​យក​ទៅ​លក់ តែ​អ​កុស​ល្យ​គាត់​បាន​ដើរ​ជាន់​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី​បណ្ដាល​ឱ្យ​ផ្ទះ​របួស​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ​ ។ បើ​តាម​មន្ត្រី​រូប​នេះ គ្រាប់​មីន​ដែល​បង្ក​គ្រោះថ្នាក់​នោះ ជា​ប្រភេទ«​មីន​ស្គរ» ដែល​សេល​សល់​តាំងពី​អំឡុង​សង្គ្រាមកប់​នៅ​ក្នុង​ដី ដែល​សព្វថ្ងៃ​តំបន់​នោះ ​នៅ​តែ​មាន​សេសសល់​នូវ​គ្រាប់​យុ​ទ្ឌ​ភ​ណ្ឌ​មិន​ផ្ទុះ​នៅ​រាយ​ប៉ាយ​ពេញ​ព្រៃ​នៅឡើយ​ ។

សូម​រំលឹក​ដែរ​ថា បច្ចុប្បន្ន​នេះ នៅ​តាម​តំបន់​ជួរ​ភ្នំ ឬ តំបន់​ព្រៃ​នៅ​តាម​ភូមិសាស្ត្រ​ខ្លះនៃ​ស្រុក​សំឡូត គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម កំពុង​មាននៅ​រាយ​ប៉ាយ​ពាសពេញ​ព្រៃ​ជួរ​ភ្នំ ឬកប់​នៅ​ក្នុង​ដី​នៅឡើយ បើ​ទោះជា​ចំការ​មីន​មួយ​ផ្នែក​ធំ នៅ​ក្នុងស្រុក​នេះ​ត្រូវ​បាន​បោសសំអាត​ដោយ​អង្គភាព​កំចាត់​មីន​នានារបស់​កម្ពុជា​ក្ដី​ ។ ជា​រឿយៗ ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​សំឡូត​នេះ តែង​ជួប​គ្រោះ​​ថ្នាក់​ដោយសារ​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​សេសសល់​ពី​សង្គ្រាម​ទាំងនោះ តាម​រយ​:​ការ​កាប់​ទន្ទ្រានព្រៃ​វាទ​យក​ដី​បង្កបង្កើន​ផល ការ​រុករាន​កាប់​បំផ្លាញ​ព្រៃឈើ ការ​ចូល​ព្រៃ​បេះ​បោច​អនុ​ផល​ព្រៃ ឬចូល​ព​ប្រៃ​បរបាញ់​សត្វព្រៃ​ជាដើម​។​ល​។ ​និង​។​ល​។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ហានិភ័យ​ស្ថិត​នៅ​ចំពោះ​មុខ​ធ្ងន់ធ្ងរ​យ៉ាងនេះ​ក្ដី ក៏​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​ញញើត​នឹង​ភាព​មហន្តរាយ​នេះ​ដែរ ​។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​នៅ​តែ​យកអាយុ​ជីវិត​ទៅ​ប្រថុយ​ប្រ​ថាន ​ជាមួយនឹង​តំបន់​មហា​គ្រោះថ្នាក់​នោះ​ដដែល ​។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ កន្លងទៅ​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​តែងតែ​អំពាវនាវ​ជា​បន្តបន្ទាប់​ ដល់​ប្រជា​ពល​រដ្ឋ​រស់នៅ​តាម​តំបន់​ដែល​ងាយ​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ និងនៅ​តាម​តំបន់​ដទៃ​ទៀត ដើម្បី​ឱ្យ​មានការ​ប្រយ័ត្ន​ចំពោះ​ការ​ដើរ​រុករាន​ចូល​ព្រៃ នៅ​តាម​តំបន់​ដែល​សង្ស័យ​មាន​គ្រោះថ្នាក់ តែ​ពលរដ្ឋ​មួយ​ចំនួន​ហាក់​មិនសូវ​យកចិត្តទុកដាក់​ទៅ​លើ​ការ​អំពាវនាវ​ទេ ទើប​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​។

យ៉ាង​ណា​ក៏​ដោយ ករណី​ពលរដ្ឋ​ដើរ​ជាន់​មីន​បណ្ដាល​ឲ្យ​ផ្ទុះ​របួស​ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ​ខាងលើ​នេះ បើ​
តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ថា ពេល​នេះ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ហើយ បន្ទាប់​ពី​បាន​សង្គ្រោះ​​បឋម​នៅ​មណ្ឌល​សុខភាព​មូលដ្ឋាន​ ។ ប៉ុន្តែ​យ៉ាងណា​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ស្រុក​សំឡូត និងតាម​បណ្ដា​ស្រុក​ដទៃ​ទៀត ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​កាក​សំណល់​សង្គ្រាម​ទាំងនេះ ព្រោះ​បច្ចុប្បន្ន​គេ​ជឿ​ថា អាច​នៅ​តែ​មាន​សេសសល់​នៅ​ក្នុង​ព្រៃ​តាម​តំបន់​ខ្លះ ទាំង​នៅ​លើ​ដី​និង​កប់​នៅ​ក្នុង​ដី​នៅឡើយ​៕

អត្ថបទសរសេរ ដោយ