បើសិន​រក​ឃើញ​ពលករ​ខ្មែរ​​២​ឬ​៣​នាក់​ឆ្លង​​កូ​វី​ដ​១៩ នៅ​​ភូមិ​ណា ​អាច​នឹង​​បិទ​ភូមិ​​នោះ​​​ចោល


រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ពលករ​ខ្មែរ​បាន​សម្រុក​មក​ពី​ប្រទេស​ថៃ​យ៉ាងច្រើន ហើយ​គ្មាន​ការ​ពិនិត្យ​សុខភាព​នោះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ទទួលស្គាល់​ថា អាជ្ញាធរ​ខ្មែរ​គ្មាន​លទ្ធភាព​ឃុំ​ពលករ​ខ្មែរ​១៤​ថ្ងៃ​ទេ ។ សម្ដេច​បញ្ជាក់​ថា បើសិន​នៅ​ភូមិ​ណាមួយ រក​ឃើញ​ពលករ​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​២ ឬ​៣​នាក់ អាជ្ញាធរ​អាច​នឹង​បិទ​ភូមិ​នោះ​ចោល ដោយ​មិន​ឲ្យ​មានការ​ចេញ​-​ចូល​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ សម្ដេច ស ខេ​ង បាន​ថ្លែង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ពលករ​ខ្មែរ​ចូល​មក​កម្ពុជា ជាង​១៥០០០​ពាន់​នាក់​។ សម្ដេច​បាន​លើក​ឡើង​ថា ថៃ​បិទ​ការងារ​មួយ​ចំនួន ដូច​ជា ការដ្ឋាន ខារ៉ាអូខេ សណ្ឋាគារ ភោ​នី​យ​ដ្ឋា​ន ហាង​កាត់សក់​ជាដើម ទើប​ធ្វើ​ឲ្យ​ពល​រក​ខ្មែរ​មិន​មានការ​ងារ​ធ្វើ ទើប​ពួក​គេ​សម្រុក​មក​ស្រុក​កំណើត​វិញ​។

សម្ដេច​បាន​បញ្ជាក់​ថា​៖ «​ដល់​ចឹ​ង​ប្រជាជន​យើង ពលករ​ខ្មែរ​យើង ដែល​ធ្វើការ​នៅ​ថៃ ដល់​លឺ​គេ​ថា​បិទ​ចឹ​ង​ទៅ ហើយ​ប្រជាជន​ថៃ ពលករ​ថៃ ធ្វើការ​នៅ​ថៃ​មាន​អារម្មណ៍​ចឹ​ង យើង​ក៏​មាន​អារម្មណ៍​ចឹ​ង​ដែរ តាម​គ្នា​ចឹ​ង​ទៅ ដូច្នេះ​រត់​សម្រុក​មក រឿង​អី​ពី​មុន​មក​គាត់​មិន​មក​។ ចឹ​ង​បញ្ហា​របស់​យើង​ហា​នី​ភ័យ​នៅ​ត្រង់​ហ្នឹង នៅ​ត្រង់​ថា នៅ​ពេល​គាត់​មក​សម្រុក​ទៅ យើង​និយាយ​តាម​ការ​ជាក់ស្ដែង អត់​មាន​លទ្ធភាព​ត្រួតពិនិត្យ​អស់​ទេ​។

ហើយ​យើង​ក៏​អត់​មាន​លទ្ធភាព ដើម្បី​នឹង​ឃុំ​ពួក​គាត់​១៤​ថ្ងៃ​ដែរ​។ វា​ត្រួតពិនិត្យ​ចឹ​ង​ទៅ ហើយ​ធ្វើ​បញ្ជី មុខសញ្ញា​នឹង​នៅ​កន្លែង​ណាខ្លះ ស្រុក ភូមិ ខេត្ត​នៅ​ណា ដើម្បី​ខេត្ត​សាមីខ្លួន ធ្វើការ​គ្រប់គ្រង​បន្ដ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក៏​សង្កត់ធ្ងន់​ថា បើសិន​នៅ​ភូមិ​ណាមួយ មាន​ពលករ​ខ្មែរ​ឆ្លង កូ​វី​ដ​-១៩ ចាប់ពី​២​ទៅ​៣​នាក់ ភូមិ​នោះ​អាច​នឹង​បិទ​រយៈ​មួយ​ពេល​សិន ដើម្បី​មាន​វិធានការ​ដោះស្រាយ​បន្ដ ជា​ពិសេស​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​រីក​រាលដាល​ទៅ​ភូមិ​ដទៃ​ទៀត ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​ជា​និច្ច កុំ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ឲ្យ​សោះ​។

សម្ដេច​ក្រឡាហោម ស ខេ​ង បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​បើសិន​មាន​កន្លែង​ណាមួយ​កើតឡើង (​កូ​វី​ដ​-១៩) គឺថា ឃុំ​មួយ​ផ្ទះ​ហ្នឹង ឬថា ឃុំ​មួយ​កំណាត់​ភូមិ​ហ្នឹង ឧទាហរណ៍​ថា ភូមិ​ដាច់​ដោយឡែក​ពី​គ្នា ៤​ទៅ​៥​ផ្ទះ អ៊ីចឹង​ទៅ​។ យើង​អាច​ឃុំ​កន្លែង​ហ្នឹង កុំ​ឲ្យ​គាត់​ចេញ​ទៅ​ណា ហើយ​បើ​ថា ភូមិ​ហ្នឹង​ជាប់​គ្នា ហើយ​មាន​ច្រើន​នាក់ ២​ទៅ​៣​នាក់ អ៊ីចឹង​ទៅ គឺថា ឃុំ​ទាំង​ភូមិ​ហ្នឹង​តែ​ម្តង ប៉ុន្មាន​ភូមិ​ហ្នឹង​»។

ឆ្លៀតឱកាស​នោះ​ដែរ រដ្ឋមន្ដ្រី​មហាផ្ទៃ​លើក​ឡើង​ថា ចំពោះ​បញ្ហា​បិទ​ព្រ​លាន​នៅ​កម្ពុជា រាជ​រដ្ឋាភិបាល​គ្មាន​គោលការណ៍​បិទ​ឡើយ ដោយ​ដំណើរការ​ធម្មតា ។ រដ្ឋមន្ដ្រី​មហាផ្ទៃ​ថា បើសិន​បណ្ដា​ប្រទេស​នានា គេ​បិទ​ជើង​ហោះ​មក​កម្ពុជា ស្នើ​នឹង​កម្ពុជា​ជើង​បិទ​ហោះហើរ​ដែរ​។

រដ្ឋមន្ដ្រី​មហាផ្ទៃ​អះអាង​ថា «​វិធានការ​បិទ​ព្រ​លាន​យន្ដ​យើង​អត់​មាន​ទេ​។ ហើយ​បិទ​ព្រំដែន យើង​បាន​ជ​ជែង​ជាមួយ​ថៃ និង​វៀតណាម​ដែរ បាន​ស្រុះគ្នា​ចឹ​ង ដំណើរការ​ចឹ​ង រីឯ​ព្រ​លាន​យន្ដហោះ​នៅ​ដដែល​ទេ ទាំង​៣ គឺ​ទាំង​ភ្នំពេញ កំពង់សោម និង​សៀមរាប​។ ប៉ុន្ដែ​បើសិនណា​គេ​បិទ ប្រទេស​គេ​មិន​ឲ្យ​យន្ដហោះ​មក ដូច​តែ​យើង​បិទ​ដូច​គ្នា​ទេ ហើយ​យើង​បន្ដ​តាមដាន​ថែម​ទៀត​»​។

គួរ​ឮ​កថា គិត​ត្រឹម​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សយ​ខា​ភិ​បាល​កម្ពុជា​​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ កូ​វី​ដ​-១៩ ចំនួន​៨៧​ករណី ខណៈ​ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត កំពុង​បន្ត​ស្វែងរក និង​ធ្វើតេស្ត​លើ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ