ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ COVID-19 បង្ខំ​ឱ្យ​កីឡាករ​គ្រប់​​ផ្នែក លុប​ម្រោ​ង​ពង្រឹងសមត្ថភាព​ធំ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​កម្ពុជា កីឡាករ​គ្រប់​ផ្នែក​កំពុង​ត្រូវ​បាន​លុប​ចោល​គម្រោង​ហ្វឹកហាត់​ជា​ទ្រង់ទ្រាយ​ធំ​ៗ ដោយ​គម្រោង​ហ្វឹកហាត់​នៅ​ក្រៅ គឺ​ត្រូវ​លុប​ចោល​តែ​ម្ដង ដែល​ស្ថានភាព​នេះ ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថ​ភាព​របស់​កីឡាករ កីឡាការិនី​ជៀស​មិន​ផុត ដោយសារ​តែ​ការ​ហ្វឹកហាត់​ធំ​ៗ​ត្រូវ​បាន​លុប​ចោល​។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​កម្ពុជា កីឡាករ​គ្រប់​ផ្នែក​កំពុង​ត្រូវ​បាន​លុប​ចោល​គម្រោង​ហ្វឹកហាត់​ជា​ទ្រង់ទ្រាយ​ធំ​ៗ ដោយ​គម្រោង​ហ្វឹកហាត់​នៅ​ក្រៅ គឺ​ត្រូវ​លុប​ចោល​តែ​ម្ដង ដែល​ស្ថានភាព​នេះ ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថ​ភាព​របស់​កីឡាករ កីឡាការិនី​ជៀស​មិន​ផុត ដោយសារ​តែ​ការ​ហ្វឹកហាត់​ធំ​ៗ​ត្រូវ​បាន​លុប​ចោល​។ យ៉ាងណាមិញ មានការ​បញ្ជាក់​ថា កីឡាករ កីឡាការិនី​ភាគច្រើន ក៏​បង្វែរ​ការ​ហ្វឹកហាត់ មក​ហ្វឹក​ហាត់​ជា​លក្ខណៈ​ក្នុងស្រុក​បែប​ឯកជន​ៗ និង​បែប​នៅផ្ទះ​ជា​ជំនួស​វិញ​។

លោក វ៉ា ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ​ថា កម្ពុជា​អាច​នឹង​លុប​ចោល​គម្រោង​ចេញ​ទៅ​ហ្វឹកហាត់ នៅ​ក្រៅ​ប្រទេស របស់​ប្រភេទ​កីឡា​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​បញ្ហា​រីក​រាលដាល​នៃ COVID-19 នៅ​តែ​បន្ត​កើនឡើង ។

លោក​ថា នេះ​គឺជា​ស្ថានភាព​បង្ខំ​មួយ​ដែល​មន្ត្រី​ពាក់ព័ន្ធ និង​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​តែ​បង្ខំចិត្ត​ធ្វើ ដោយ​មិន​អាច​ជម្នះ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ឬ​ហ្វឹកហាត់​ជា​ទ្រង់ទ្រាយ​ធំ​ៗ​ក្នុង​ស្រុក ហើយ​បែរជា​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​។ លោក​ថា ការ​ហ្វឹកហាត់​ដែល​មាន​លក្ខណៈ​ជុះ​ៗ​គ្នា​ជា​ច្រើន គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទៀត​ទេ​។

លោក​អះអាង​ថា គម្រោង​ហ្វឹកហាត់​ក្រៅ​ស្រុក​ត្រូវ​បាន​លុប​ចោល​មិន​តិច​នោះ​ទេ បើ​ទោះជា​បណ្ដា​ប្រទេស​ជា​ដៃគូ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​កីឡាករ កីឡាការិនី ដែល​គម្រោង​ទាំងនោះ គឺ​បណ្ដា​ប្រទេស​ដែល​ផ្ដល់​ឱកាស​ឱ្យទៅ ផ្ដល់​ឱ្យ​លក្ខខណ្ឌ​ច្រើន​យ៉ាង​ដល់​កីឡាករ និង​កីឡា​ការិនី​កម្ពុជា​។

លោក​បន្ថែម​ថា កីឡាករ​ដែល​គ្រោង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ឆ្នាំ​នេះ មាន​ចំនួន ១១០​នាក់ តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ប្រភេទ​កីឡា​ទាំងនោះ​ឡើយ ដោយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ មិន​ទាន់​ប្រាកដ​ថា នឹង​លុប​ទាំងអស់​ទេ តែ​ភាគរយ​នៃ​ការ​លុប​ចោល​ទាំងអស់ គឺ​នឹង​កើតឡើង បើ​ស្ថានភាព​រីក​រាលដាល​នៅ​តែ​បង្ក​ការ​ប៉ះពាល់​។

លោក​អះអាង​ថា បញ្ហា​នេះ មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​នោះ​ទេ តែ​វា​រាំងស្ទះ​ដល់​ការ​ពង្រឹងសមត្ថភាព ជា​ពិសេស​នៅ​ពេល​កីឡាករ និង​កីឡាការិនី ក៏​មិន​ចង់ទៅ​ហ្វឹកហាត់​នៅ​ក្រៅ និង​ការ​ហ្វឹកហាត់​ក្នុងស្រុក​ជា​ទ្រង់ទ្រាយ​ធំ​ៗ​ដែរ​នោះ​។

យ៉ាងណាមិញ​លោក​ថា ដ្បិត​កម្ពុជា នឹង​បង្វែរ​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស មក​ពង្រឹង​ការ​ហ្វឹក​ហាត់​នៅ​ក្នុងស្រុក​តាម​រយៈ​នាំ​គ្រូបង្វឹក​បរទេស​ល្អ​ៗ​មក​បង្វឹក​នៅ​កម្ពុជា ។ សម្រាប់​លោក វ៉ា ត់ ចំរើន ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស មិន​ខុស​គ្នា​ពី​ការ​ហ្វឹកហាត់​នៅ​ក្នុងស្រុក​នោះ​ទេ ឲ្យ​តែ​កីឡា​ករ​យកចិត្តទុកដាក់ និង​ខិតខំ​ហ្វឹកហាត់ ។

លោក វ៉ា​ត់ ចំរើន បន្ត​ថា ក្នុង​ចំណោម​កីឡាករ​ទាំង​១១០​នាក់​ខាងលើ ដែល​ត្រូវ​ចេញ​បង្វឹក​នៅ​ក្រៅប្រទេស មិនមែន​មាន​ន័យ​ថា សុទ្ធតែ​ត្រូវ​ផ្អាក​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នោះ​ទេ ព្រោះ​កម្ពុជា កំពុង​ពិចារណា​បង្វែរ​ពី​ប្រទេស​ដែល​មានការ​រីក​រាលដាល​នៃ COVID-19 តែ​អាច​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ផ្សេង ដែល​មិនសូវ​ផល​ប៉ះពាល់​ជំនួស​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន ដែល​អះអាង​ថា គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​បរទេស​នៅ​តែ​រក្សា​នៅ​ដដែល ប្រសិនបើ​ការ​រីក​រាល​នៃ COVID-19 មាន​ភាព​ធូរស្បើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រីក​រាលដាល​នៃ COVID-19 បាន​ធ្វើ​ឲ្យ​កម្ពុជា​ផ្អាក និង​ពន្យា​ពេល​រៀបចំ​ព្រឹត្តិការណ៍​មួយ​ចំនួន​ដូច​ជា ការ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​, ពានរង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​១៦​ឆ្នាំ​, ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣, ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​, រំសាយ​ការ​ប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ផ្អាក​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍ ជាដើម ។

បញ្ហា​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​សាលារៀន និង​គ្រឹះស្ថានសិក្សា​នានា​, KTV, រោង​ភាពយន្ត​, ក្លិប​កម្សាន្ត​នានា​, ផ្អាក​ចូល​ទស្សនា​ក្នុង​ព្រះ​បរមរាជវាំង និង​ពិធី​ជួបជុំ​បែប​សាសនា​​ផ្សេង​ៗ ។ COVID-19 មិន​ត្រឹមតែ​ឆ្លង​ដល់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉​ពាល់​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៀត​ផង ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ កម្ពុជា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម បង្ក​ឡើង​ដោយ​មេរោគ COVID-19 ចំនួន​៨៦​នាក់​ហើយ ក្រោយ​រក​ឃើញ​ពីរ​ករណី​បន្ថែម​ទៀត ក្នុង​នោះ​១​ករណី​កើត​នៅ​ខេត្តកោះកុង និង​១​ករណី​ទៀត នៅ​ខេត្តកំពង់ចាម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ