កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ចំនួនបីនាក់ទៀត កាលពីថ្ងៃទី២៤ មីនា ដោយធ្វើអោយចំនួនសរុបឡើងដល់៨៧នាក់ ។ ក្នុងចំណោមនោះ ៧៥ភាគរយគឺជាមនុស្សប្រុស។ នេះបើយោងតាមក្រសួងសុខាភិបាល ដែលចេញផ្សាយរបាយការណ៍អំពីករណីកូវីដ-១៩នៅកម្ពុជា ។
មនុស្សប្រុសមានអ្នកឆ្លងមេរោគកូវីដ-១៩ច្រើនជាងមនុស្សស្រី អាចមកពីមនុស្សប្រុសដើរលេង ច្រើនជាងមនុស្សស្រី ខណៈដែលការចម្លងទូទាំងពិភពលោក គឺដោយសារតែមនុស្សធ្វើដំណើរចុះឡើងពេញផ្ទៃប្រទេស និងក្នុងពិភពលោក។ ដូច្នេះ បុរសកម្ពុជាគួរកាត់បន្ថយការដើរហើរ ដែលមិនចាំបាច់ដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដ-១៩ ។ ចំណែកស្ត្រីភេទក៏មិនត្រូវធ្វេសប្រហែសដែរ ។
នៅប្រទេសកម្ពុជា ការរកឃើញករណីដំបូង គឺកើតមានចំពោះជនបរទេស ហើយសូម្បីតែរហូតមកដល់ពេលនេះចំនួនជនបរទេស ដែលកម្ពុជារកឃើញគឺមានចំនួនច្រើនជាងចំនួនពលរដ្ឋកម្ពុជាដែលមានឆ្លងមេរោគកូវីដ-១៩។ កម្ពុជាប្រហែលជានឹងមិនស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នទេ បើសិនជាមេរោគកូវីដ-១៩មិនត្រូវបាននាំចូលដោយបរទេស ។
ស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងប្រទេសទាំងអស់នៅក្នុងពិភពលោកបានបង្ហាញថា ការធ្វើដំណើរពិសេសទៅកាន់កន្លែងដែលមានមនុស្សច្រើន គឺជាមូលហេតុធំដែលធ្វើអោយមេរោគកូវីដ-១៩នេះ ធ្វើការរាតត្បាតយ៉ាងសាហាវនៅក្នុងពិភពលោក ។ ហេតុផលម្យ៉ាងទៀតនោះ មនុស្សមួយជាច្រើនដែលមាន ផ្ទុកមេរោគកូវីដ-១៩ នេះគឺមិនមានរោគសញ្ញាទេជាហេតុធ្វើអោយពួកគេ គិតថាខ្លួនមិនមានមេរោគនេះហើយបុគ្គលនោះក៏ធ្វើដំណើរជាធម្មតា ដើម្បីទេសចរណ៍ ឬក៏ទៅធ្វើការងារ ឬក៏ជួបជុំមិត្តភក្តិ ។
ប៉ុន្តែទោះបីជាមិនមានរោគសញ្ញាក្តី បុគ្គលនោះគឺពិតជាអាចចម្លងមេរោគ កូវីដ១៩ទៅកាន់អ្នកដទៃបាន។ នេះដោយសារតែមេរោគបានសំងំខ្លួន នៅក្នុងបុគ្គលនោះរួច ទៅហើយដោយរង់ចាំតែពេល ដើម្បីឆ្លងទៅអ្នកដទៃទៀត។ ដូច្នេះ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺត្រូវទប់ស្កាត់មិនអោយមនុស្សមានមេរោគកូវីដ-១៩បានជួបជាមួយមនុស្សដែលមិនមានមេរោគ ។
ប៉ុន្តែរឿងដែលពិបាកនោះគឺគេមិនដឹង ថានរណាប្រាកដជាមាន មេរោគកូវីដ-១៩នេះឡើយ ពីព្រោះអ្នកផ្ទុកមេរោគកូវីដ-១៩នេះ ជាច្រើនគឺមិនលេខចេញរោគសញ្ញា ហើយក៏មិនបានធ្វើតេស្តរកមេរោគនេះដែរ។ បើសិនជាយើងអាចរកពួកគេទាន់ពេលវេលានោះ គឺយើងអាចធ្វើការព្យាបាលនិងដាក់បុគ្គលនោះអោយនៅដោយឡែកបាន។
នៅពេលដែលយើងមិនប្រាកដសោះថា នរណាមានឬក៏នរណាគ្មានមេរោគនេះនោះ ប្រទេសនានានៅក្នុងពិភពលោកក៏បានណែនាំអោយប្រជាជន មិនធ្វើការជួបជុំគ្នាឬក៏ស្ថិតនៅក្នុងផ្ទះដោយមិនត្រូវចេញទៅណាឡើយ បើមិនមានភាពចាំបាច់ខ្លាំងដើម្បីធានាថាខ្លួននឹងមិនបាន ជួបអ្នកមានផ្ទុកមេរោគ ដោយចៃដន្យណាមួយឡើយ ៕
ចែករំលែកព័តមាននេះ