ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង់​ល្ខោន​ត្រូវ​លើក​ពេល​សម្តែង​ជិត​៣០​​រោង ដោយសារ​វីរុស COVID-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អុល សំអាង ប្រធាន​ក្រុម​ល្ខោនបាសាក់​មហាជន អុល សំអាង រាជធានី​ភ្នំពេញ បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ លោក អុល សំអាង ប្រធាន​ក្រុម​ល្ខោនបាសាក់​មហាជន អុល សំអាង រាជធានី​ភ្នំពេញ បាន​អះអាង​ថា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 វង់​ល្ខោន​របស់​លោក​ត្រូវ​បាន​គេ​លើក​ពេល​នៃ​ការ​សម្តែង​ប្រមាណ​ជិត​៣០​រោង ខណៈ​ពេល​ដែល​ចំនួន​ដែល​នៅ​សេស​សល់​កំ​ពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅឡើយ​ពី​ម្ចាស់​កម្មវិធី​។

យ៉ាងណា​ចំពោះ​ការ​អាក់ខាន​នៃ​ការ​សម្តែង​នា​ពេល​នេះ លោក​មិន​មានចិត្ត​សោមនស្ស និង​ខឹង​សម្បា​ត្អូញត្អែរ​អ្វី​នោះ​ឡើយ ដោយសារ​តែ​នេះ​ជា​ការ​សម្រេចចិត្ត​ពី​ម្ចាស់​កម្មវិធី ហើយ​នេះ​ជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​លោក អុល សំអាង បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្តាល​ខែមីនា ពោល​គឺ​តាំង​សេចក្តី​ប្រកាស​ពី​ក្រសួង​ឲ្យ​ផ្អាក​ការ​សម្តែង​សិល្បៈ​នោះ​រួច​មក វង់​ល្ខោនបាសាក់​របស់​លោក​ត្រូវ​បាន​គេ​លើក​ពេល​សម្តែង​ប្រមាណ​៣០​រោង​រួច​ហើយ​។

លោក​បញ្ជាក់​ថា សម្រាប់​កម្មវិធី​សម្តែង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​វិញ​នោះ គឺ​នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ការ​លើក​ពេល ឬ​យ៉ាងណា​នោះ​ឡើយ ប៉ុន្តែ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ពេល​ដែល​ម្ចាស់​កម្មវិធី​មាន​បំណង​លើក​ពេល​ដូច​គ្នា ដោយសារ​យើង​ក៏​មានការ​ព្រួយបារម្ភ​ពី​សុខភាព​របស់​ក្រុម​សិល្បៈ​យើង​ផង​ដែរ​។

លោក​បន្ត​ថា យើង​បាន​គិត​ពី​សុខភាព​អ្នកសិល្បៈ​យើង បើ​ទោះបី​យើង​ដឹង​ថា ពួក​គាត់​មាន​ជីវភាព​ខ្វះខាត ហើយ​មិន​បាន​សម្តែង​រក​កម្រៃ តែបើ​យោង​ទៅ​តាម​ស្ថាន​ការ​របស់​សង្គម និង​វិធានការ​របស់​រដ្ឋាភិបាល គឺ​យើង​ត្រូវ​តែ​អនុវត្ត ព្រោះ​វិធានការ​នេះ​មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​ទូ​ទាំង​ពិភពលោក ដែល​មាន​មេរោគ​កូ​វី​ដ​១៩ រីក​រាលដាល​នេះ​។

លោក អុល សំអាង បាន​បន្ថែម​ថា សុខភាព​គឺជា​រឿង​សំខាន់ កាលណា​យើង​មាន​សុខភាព​ល្អ​នោះ យើង​អាច​បន្ត​ការ​សម្តែង និង​ប្រកប​របរ​រកស៊ី​ផ្សេង​ៗ អ​ញ្ចឹ​ង​ហើយ​លោក​សំណូមពរ​ដល់​សិល្បករ សិល្ប​ការិនី​យើង​ទាំងអស់​ឲ្យ​មានការ​អត់ធ្មត់​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។

លោក​បន្ត​ថា ដំណាក់កាល​នេះ គឺ​យើង​ត្រូវ​មានការ​រួបរួមសាមគ្គី​គ្នា ហើយ​ក្នុង​នាម​យើង​ជា​អ្នកសិល្បៈ គួរតែ​ចូលរួម​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ឲ្យ​មានការ​យល់​ដឹង​ទាំងអស់​គ្នា​ចំពោះ​ការ​ទប់ស្កាត់ ការពារ និង​ចូលរួម​ធ្វើ​អនាម័យ​កុំ​ឲ្យ​ឆ្លង​នូវ​ជំងឺ​កូ​វី​ដ​១៩ នេះ​។

បើ​តាម​លោក អុល សំអាង ស្ថិត​ក្នុង​ដំណាក់កាល​នេះ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ និង​សិល្បករ​ខ្មែរ​យើង​មិន​ត្រូវ​បានការ​ឌឺដង ឡកឡឺយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ គឺ​គួរ​មានការ​រួបរួម​គ្នា​ទប់ទល់​ប្រឆាំង និង​ថែ​សុខភាព​ឲ្យ​បាន​ល្អ​ទាំងអស់​គ្នា ដើម្បី​បង្កា​ពី​ការ​រីក​រាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ