វាគ្មានរូប ប៉ុន្តែល្បិចកលសាហាវ ។ វាប្រើមនុស្សចម្លងមនុស្សនិងប្រើមនុស្សសម្លាប់មនុស្ស ពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយកំពុងរាលដាលពេញពិភពលោក ។
តើកូវីដ-១៩ ប្រើមនុស្សសម្លាប់មនុស្សនៅពេលណានិងតាមវិធីដូចម្តេច?
កូវីដ-១៩ ប្រើមនុស្សសម្លាប់មនុស្ស ដោយសារវាមានលទ្ធភាពចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនអោយយើងដឹងខ្លួន ។ ពេលដែលវាបានចូលដល់ក្នុងខ្លួនមនុស្សហើយ វាសំងំខ្លួនបង្កើតកូនចៅ ហើយរង់ចាំឱកាសល្អនឹងចេញមក ដើម្បីចម្លងទៅមនុស្សម្នាក់ផ្សេងទៀត ។ ពេលមនុស្សម្នាក់មានផ្ទុកមេរោគកូវីដ-១៩នេះធ្លាក់ខ្លួនឈឺ បុគ្គលនោះអាចនឹងលេចចេញរោគសញ្ញាដូចជាក្តៅខ្លួន ក្អក ឬកណ្តាស ។
ពេលដែលបុគ្គលនោះកណ្តាស កូវីដ-១៩នៅក្នុងដំណក់ទឹកល្អិតៗនោះអាចឆ្លងផ្ទាល់ចូលដល់ក្នុងខ្លួនមនុស្សម្នា់ផ្សេងទៀត ដែលនៅក្នុងរង្វង់ប្រហែលមួយម៉ែត្រពីគ្នា។ ឬក៏តំណក់ទឹកមេរោគនោះធ្លាក់មកលើផ្ទៃខាងក្រៅដូចជាលើកៅ អី តុ ឬក៏របស់របរផ្សេងទៀត ។ ដូច្នេះ នៅពេលមនុស្សម្នាក់បានប៉ះកន្លែង ដែលមានមេរោគនោះ ហើយយកដៃមកប៉ះនឹងមុខ មាត់ ច្រមុះ និងភ្នែក មេរោគកូវីដក៏ចម្លងចូលក្នុងខ្លួនមនុស្សថ្មីនោះ។
ដូច្នេះ តើយើងត្រូវធ្វើដូចម្តេចដើម្បីកុំអោយវាចូលមកក្នុងខ្លួនយើងនិងខ្ចីខ្លួនយើងដើម្បីចម្លងទៅមនុស្សផ្សេងទៀត?
ដើម្បីកុំអោយវាចម្លងមកយើងនោះ យើងត្រូវយល់ច្បាស់ពីរបៀបចម្លងមេរោគ ដូចរៀបរាបខាងលើ ហើយមានចំណាត់ការឆ្លើយតបទៅតាមនោះ ។ ទី១-ការការពារខ្លួនមិនអោយវាចូលមកក្នុងខ្លួនយើង គឺមិន ត្រូវនៅជិត (យ៉ាងតិចពីរម៉ែត្រ) អ្នកដែលមានផ្ទុកមេរោគ អ្នកសង្ស័យមានផ្ទុ្កមេរោគ អ្នកមានទំនាក់ ទំនងផ្ទាល់ជាមួយអ្នកមានផ្ទុកមេរោគ និងអ្នកដែលធ្វើដំណើរ មកពីប្រទេសដែល មានការរាលដាលនៃមេរោគនេះ ។ ដូច្នេះ សូមផ្អាកផឹកស៊ីស្រីញីអូនបង ឬក៏ការជួបជុំសប្បាយជាមួយមិត្តភក្តិនៅ កន្លែងមានមនុស្សច្រើនមួយរយៈ ។
បើមិនចាំបាច់ យើងមិនគួរចេញពីផ្ទះឡើយ ។ ទី២-យើងត្រូវលាងសម្អាតដៃអោយស្អាត ដោយប្រើទឹកនិងអាល់កុល ឬជែលសម្លាប់មេរោគរយៈពេលយ៉ាងតិច២០វិនាទី ។ ទី៣-ត្រូវសម្អាតកន្លែងរស់នៅនិងរស់នៅអោយមានអនាម័យ ដើម្បីកុំអោយមេរោគអាចមកនៅក្បែរបាន ។ ទី៤-យើងមិនត្រូវទៅកាន់កន្លែងទីប្រជុំជន ដែលមានមនុស្សច្រើនឡើយ ពិសេសកន្លែង ដែលដឹងថា ធ្លាប់មានការចម្លងមេរោគ។ ទី៥-យើងត្រូវពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង តាមរយៈ និងដេក អោយបានគ្រប់គ្រាន់ ដើម្បីអោយរាងកាយ យើងរឹងមាំ ប្រឆាំងនឹង មេរោគគ្រប់ប្រភេទ។
ចំណែកវិធានការនៃការទប់ការចម្លងមេរោគវិញ គឺទីមួយយើងត្រូវពាក់ម៉ាសមុខដើម្បីកុំអោយពេលយើងក្អកឬកណ្តាសតំណក់ទឹកលដែលមានមេរោគឆ្លងឍទៅអ្នកដទៃ។ ទីពីរ យើងត្រូវដាក់ខ្លួនយើងអោយនៅ ដោយឡែករយះពេល១៤ថ្ងៃ បើសិនជាយើងមានផ្ទុកមេរោគឬសង្ស័យថាមានផ្ទុកមេរោគ ឬធ្លាប់នៅ ជិត ផ្ទាល់ជាមួយអ្នកមានផ្ទុកមេរោគ ឬក៏មកពីកន្លែង ដែលមានការឆ្លងរាលដាលមេរោគកូវីដ១៩ ។ ហេតុដូច្នេះ ហើយបានជានៅចុងក្រោយនេះ ក្រសួងសុខាភិបាលបានអំពាវនាវអោយពលករ កម្ពុជាមកពីថៃទាំងអស់ មិនត្រូវនៅជិតក្រុមគ្រួសារឬមិត្តភក្តិរយះពេល១៤ថ្ងៃ។ នេះជាវិធានបង្ការជាមុន ដើម្បីចៀសវាង ការចម្លង មេរោគកូវីដ១៩ទៅសមាជិកគ្រួសារនិងមិត្តភក្តិឬភូមិឃុំរបស់ខ្លួនដោយធ្វើអោយបញ្ហាកាន់តែធ្ងន់ទៅៗ។
ដូច្នេះ វាចាំបាច់ណាស់ ដែលបងប្អូនពលករមកពីថៃត្រូវយល់ ដឹងអំពីសារសំខាន់នៃការស្មគ្រចិត្តនៅ ដោយឡែកពីសមាជិកគ្រួសារនិងមិត្តភក្តិរយៈពេល១៤ថ្ងៃ ដោយស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិចពីរម៉ែត្រ២៤ម៉ោងលើ២៤ម៉ោងក្នុងមួយថ្ងៃ មិនត្រូវប្រើប្រាស់របស់របររួមគ្នាដូចជាចាន បាយឬរបស់ប្រើប្រាស់ ផ្សេង ទៀតជាដើម។ បើស្រឡាញ់ខ្លូននាក់ ស្រឡាញ់សមាជិកគ្រូសារអ្នក ស្រឡាញ់អ្នកភូមិអ្នក និងប្រជាជន កម្ពុជាទាំងអស់ ចូរបងប្អូនអនុវត្តអោយបានវិធានការនៅដោយឡែកនេះ។ បើសិនជាពេលដែល នៅដោយ ឡែកនេះ មានលេចសញ្ញាដូចជាក្តៅខ្លួន ក្អក និង ពិបាកដកដង្ហើម បងប្អូនត្រូវឆាប់រក ជំនួយពីគ្រូពេទ្យ តាម រយះ ទូរស័ព្ទទៅកាន់១១៥ដើម្បីពិនិត្យនិងព្យាបាល។
ខាងលើនេះ ជាយុទ្ឋសាស្ត្រដើម្បីកំទេចល្បិចកលនៃសត្រូវគ្មានរូបកូវីដ១៩អោយវិនាសពីកម្ពុជា។ បើ សិនជាប្រជាជនកម្ពុជាម្នាក់ៗក្នុងចំណោម១៦លាននាក់សុទ្ឋតែធ្វើបានដូច្នេះនោះ មេរោគកូវីដ១៩ ដែលតូចរហូតដល់យើងមិនអាចមើលឃើញនឹងភ្នែកទទេបាននោះ គឺនឹងខ្លាចយើង ហើយគ្មាន ផ្លូវណាធ្វើអោយយើងខ្លាចវាធ្វើបាប និងសម្លាប់យើងឡើយ។ ដូច្នេះ ចូរយើងអនុវត្តន៍ ទាំងអស់គ្នា តាមវិធីខាងលើដើម្បីប្រែក្លាយខ្លួនជាប្រជាជនម្នាក់ទៅជាកងទ័ពម្នាក់ក្នុងសមរភូមិប្រឆាំងនឹងសត្រូវគ្មានរូបកូវីដ១៩។
នៅកម្រិតជាតិ រដ្ឋាភិបាលបានរៀបចំផែនការ និងប្រមូលគ្រូពេទ្យព្រម ទាំងធនធានសម្រាប់ ត្រៀមការ ព្យាបាលអ្នកជំងឺកូវីដ-១៩។ គ្រូពេទ្យត្រូវតែត្រៀមអោយបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបង្ការ ករណីដែលមានអ្នកឆ្លងមេរោគច្រើន។ និន្នាការបានបង្ហាញគូរអោយបារម្ភស្រាប់។
សម្លៀកបំពាក់សម្រាប់គ្រូពេទ្យបំពេញការងារ ម៉ាសមុខ ថ្នាំសម្រាប់ព្យបាល ឧបករណ៍សម្រាប់ សង្គ្រោះ បន្ទាន់ដូចជាម៉ាស៊ីជំនួយដកដង្ហើម សម្ភារចាំបាច់នានាការត្រៀមធនធានគ្រូពេទ្យ និងធនធានគ្រប់យ៉ាង សម្រាប់ព្យាបាលមេរោគកូវីដ១៩ត្រូវរដ្ឋាភិបាល គេចាំបាច់ត្រូវធ្វើយ៉ាងណាបញ្ជ្រាប ការយល់ដឹង របស់ ប្រជាជន ដើម្បីអោយ ចូលរូមយ៉ាងសកម្មក្នុងសមរភូមិមូុយនេះ។ សំខាន់ដូចគ្នានេះ គឺត្រូវមានផែន ការជា យុទ្ឋសាស្ត្រ ដើម្បី ឆ្លើយតបនឹងមេរោគកូវីដ១៩តាមដណាក់កាលៗ។
ឧទាហរណ៍បើវិធានការនៃការរឹតបន្តឹងតាមច្រកព្រំដែន មិនមានប្រសិទ្ឋភាពក្នុុងការទប់ទល់ នៃការចម្លង មេរោគពីក្រៅប្រទេស គេអាចនឹងងាក រកជម្រើស ផ្សេងគឺ ការបិទច្រកព្រំដែនដែលមានបញ្ហា នោះ ដោយសារ ការត្រួត ពិនិត្យតាមព្រំដែនមិនមានប្រសិទ្ឋភាពទៀត។ នេះជាអ្វីដែល បានធ្វើរួចហើយ នៅតាម បណ្តាប្រទេសផ្សេងៗពិេសសនៅ ប្រទេសចិនដែលជាកន្លែងចាប់ផ្តើមដំបូងនៃ ការឆ្លងមេរោគ ហើយបច្ចុប្បន្នស្ថានភាពបានល្អច្រើន។
ការបិទអាចធ្វើក្នុងកម្រិតប្រទេស រដ្ឋ ខេត្ត ក្រុង ជាដើម តាមស្ថានភាពធ្ងន់ធ្ងរនៃ ការរាលដាល មេរោគកូវីដ១៩។ នៅក្នុងកម្រិតក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តន៍ការបិទមួយចំួនដូចជាសាលារៀន កន្លែងកម្សាន្តជាដើម។ នៅប្រទេសថៃការបិទបានឈានដល់ហាងទំនិញធំៗ និង កន្លែងសំខាន់ ផ្សេងៗទៀត។ ចំណែកនៅអាមេរិកនិងអឺរ៉ុបវិញមានការបិទរដ្ឋឬប្រទេសជាដើម។ ការបិទត្រូវធ្វើឡើងដើម្បីទប់ស្កាត់ការរាលដាលមេរោគនិងមនុស្សស្លាប់។
កម្ពុជាបានចាប់ផ្តើមមានការបិទសាលារៀន និង កន្លែងកម្សាន្ត ព្រមទាំងហាមការជួបជុំសាសនាជាដើម។ ប៉ុន្តែមិនទាន់ឈានដល់ដំណាក់កាលបិទផ្សារឬហាងទំនិញធំៗ ខេត្ត ក្រុង នៅឡើយ។ នេះអាចមកពី ចំនួននៃអ្នកឆ្លងមេរោគនៅត្រឹមក្រោម១០០នាក់នៅឡើយហើយមិនទាន់មានការរាយការណ៍អំពីការរាលដាលជាសហគមន៍។
ប៉ុន្តែស្ថានភាពប្រហែលជានឹងមិននៅដដែលឡើយ។ បើសិនជាស្ថានភាពកាន់តែធ្ងន់ធ្ងរ ទៅដោយមាន ការរាលដាលខ្លាំងឬមានការស្លាប់នោះ វិធានការបិទអាចនឹងត្រូវពង្រីកតាមភាពចាំបាច់ដូច ដែលកម្ពុជា បានធ្វើបណ្តើរៗហើយ។ ការបិទផ្សារ ការបិទហាងទំនិញធំៗ ការបិទភូមិ ឃុំ ស្រុក ខេត្តក្រុង អាចនឹងត្រូវ ប្រកាន់យកដោយវិភាគយ៉ាងល្អិតល្អន់ពីភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគកូវីដ២៩ ភាពចាំបាច់ ដើម្បីទប់ស្កាត់ និងផលប៉ះពាល់ផ្សេងៗដែលអាចកើតមាន។
រាល់ការសម្រេចចិត្តទាក់ទងនឹងទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩នេះ ត្រូវតែមានចរិតជាវិធាន ការបង្ការទុកជាមុន ជាជាងវិធានការតបតដោយរង់ចាំស្ថានការណ៍ធ្ងន់ហើយចាត់ការជាក្រោយ។ ការសម្លឹងឃើញភាពវែងឆ្ងាយនៃបញ្ហានឹងអាចអោយយើងបង្ការការឆ្លងនិងរាលដាលនៃមេរោគកូវីដ-១៩ ហើយកម្ពុជាអាចចៀសផុតពីវិបត្តិមេរោគលាក់មុខមួយនេះ៕
ចែករំលែកព័តមាននេះ