​ហ៊ានម៉្លេះ! ចូលបន្លំ​ក្នុងផ្ទះលក់ដូរ ​លុះ​ចាប់​បាន សារភាពថាសម្រេចច្រើនដង​ហើយ


រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ចំនួន​៥​នាក់​ដែល​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​​ចុះ​ក្រោម​ប៉ុណ្ណោះ ប៉ុន្តែ​​បាន​​បន្លំ​លួច ព្រមទាំង​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ និង​អ្នក​ភូមិ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ និង​រត់​រួច​២​នាក់ ​បន្ទាប់ពី​​ក្មេង​ៗ​ទាំងនេះ​ជិះ​ម៉ូតូ​ឆ្លង​ពី​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ធ្វើ​សកម្ម​ភាព​បន្លំ​លួច​យក​កាបូប​លុយ​និង​កាត​ទូរស័ព្ទ​នៅ​ក្នុងផ្ទះ​លក់ដូរ​មួយ​កន្លែង​ក្នុង​ខណ្ឌ​កំ​បូល​។

ហេតុការណ៍​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ផ្ទះ​លក់ដូរ​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​លិច​វត្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ​ប៉ុន្តែ​​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​និង​អ្នក​ភូមិ​ចាប់​បាន ​ក្រោយ​ពេល​រត់គេច​ខ្លួន​ទៅ​ដល់​ផ្លូវ​បេតុង ស្ថិតក្នុងភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។​

ក្មេង​ប្រុស​ទាំង៥នាក់​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ​ មាន​ទីលំនៅ​ក្នុង​សមាគម​លៀស​ហាល ស្ថិត​នៅ​ខាងក្រោយ​វត្ត​គោក​បញ្ជាន់ ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ចំណែក​កាបូប​មាន​កាត​ទូរស័ព្ទ​ និងក្រវិល​មួយគូ សរុប​ជា​ទឹកប្រាក់​ជិត​៣០០​ដុល្លារ ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ យឹ​ម ពៅ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ក្នុងភូមិ​លិច​វត្ត សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។

បើតាមស្ត្រី​​រងគ្រោះជាម្ចាស់កាបូប​​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ក្មេង​ៗ​ទាំង​៥​នាក់​នោះ​បាន​ជិះ​ម៉ូតូ​​ចំនួន២គ្រឿង ក្នុងនោះ​​​មួយគ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១១០​ ព​ណ៌ខ្មៅ​ ​ពាក់​ស្លាក​លេខ ភ្នំពេញ ១BM-៩៨៥៣ និង​​មួយគ្រឿង​ម៉ាក​ធូ​ដេ​ ទៅ​ឈប់​ក្រោម​ដើមឈើ​មុខ​ផ្ទះ​គាត់​។

តាម​ប្រភពដដែលបានបន្ត​ថា ​បន្ទាប់​មក​ក្មេងប្រុស​២​នាក់​បាន​ចូល​ទៅ​រក​ទិញ​បារី​ដោយ​ប្រាប់​ថា «​ពូ​ម្នាក់​នោះ​ប្រើ​ឲ្យ​ទិញ ​ប៉ុន្តែ​មិនដឹង​ថា​ពូ​ណា​ទេ»​ ។ លុះ​ពេល​គាត់​លក់​ឲ្យ​បែរជា​នាំ​គ្នា​យក​បារី​នោះ​ចែក​គ្នា​ជក់​ទៅ​វិញ ពេល​នោះ​គាត់​មិន​នឹក​ស្មានថា​ពួក​គេ​មានគំនិត​ជា​ចោរ​ឡើយ​ ។ ​ស្រប​ពេល​នោះ​មាន​អ្នក​ភូមិ​ចូល​ទៅ​រក​ទិញ​អី​វ៉ា​ន់​ដែរ ​ស្រាប់តែ​ក្មេង​៣​នាក់​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​ចូល​ទៅ​រក​ទិញ​ទឹកបរិសុទ្ធ​ ហើយ​ពេល​ដែល​គាត់​រវល់​លក់ដូរ ស្រាប់​តែ​ក្រុម​ក្មេង​ខាងលើ​បន្លំ​ចូល​លួច​កាបូប​លុយ ​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​គាត់​ក៏​បានដឹង​ភ្លាម​ៗ​ដែរ ​ព្រមទាំង​បាន​ដេញ​តាម​ទៀត​ ប៉ុន្តែ​ដេញ​មិន​ទាន់ និង​ស្រែ​កថា​ចោរ​ៗ​ថែម​ទៀត​ផង ​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​លោក​មេ​ភូមិដែល​​ស្ថិត​នៅ​ជិត​នោះ​ដែរ​ក៏​បាន​ប្រកាស​តាម​វិទ្យុទាក់ទង ឲ្យ​កម្លាំង​ប្រជា​ការពារ​តាម​បណ្ដា​ភូមិ​នានា​ជួយ​ឃ្លាំមើល​ ។​ លុះ​ក្រោយមក​ក្មេង​ៗ​ទាំងនោះ​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ដល់​ក្នុងភូមិ​កប់​ភ្លុក ​សង្កាត់​ភ្លើង​ឆេះ​រទេះ ក៏​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ និង​អ្នក​ភូមិ​កប់​ភ្លុក​នោះ​ស្ទាក់​ឃាត់​បាន​ចំនួន​៣​នាក់​ រួម​ជាមួយ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុង​ដា​ ធុន​សេ​១១០ ស៊េ​រី​​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ចំណែក​២​នាក់​ទៀត​ជិះ​ម៉ូតូ​ធូ​ដេ​គេច​ខ្លួន​បាត់ ។

ក្រោយពេលចាប់​ខ្លួន ក្មេង​ទាំង​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួនខាងលើ​​នោះ​បាន​សារភាព​ថា កន្លង​មក​ពួក​ខ្លួន​មាន​គ្នា​៥​នាក់​តែង​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ធ្វើ​សកម្មភាព​ឆក់ និង​លួច​បាន​សម្រេច​ជា​ច្រើន​ដង​មក​ហើយ និង​មិន​ចាំ​បាន​ថា​ប៉ុន្មាន​ដង​ទេ ​តែ​កាលពី​១​អាទិត្យ​មុន​ឆក់​កាបូប​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល បាន​លុយ​ជាង​១០០០​ដុល្លារ​។

​​ក្មេងទាំង​៣នាក់ខាងលើ​ត្រូវ​​ប្រជា​ការពារ​និង​អ្នក​ភូមិ​​ប្រគល់​ជូន​នគរបាល​ខណ្ឌ​កំ​បូ​ល ដើម្បី​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ព្រមទាំង​ឲ្យ​ឪពុក​ម្ដាយ​ចូលខ្លួន​ទៅ​ធានា​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ