ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ដេច​តេ​ជោ ហ៊ុន សែន ឯកភាព​ឱ្យ​ផ្អាក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​3​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ដែល​គ្រោង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៦ ឧសភា ខាង​មុខ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ឯកភាព​ឱ្យ​ផ្អាក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​ដែល​គ្រោង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១៦ ឧសភា ខាង​មុខ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ឯកភាព​ឱ្យ​ផ្អាក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​ឯកភាព​ក្នុង​ការ​ពន្យារ​ ពេល​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​តប​តាម​ការ​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការ​រីក​រាល​ដាល​ជំងឺ​COVID-19​។

លោក​បន្ត​ថា ឥឡូវ​យើង​មាន​ផល​ប៉ះពាល់​ច្រើន ជា​ពិសេស​កីឡាករ​កីឡាការិនី​មិន​បាន​ហ្វឹកហាត់ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​បច្ចេកទេស ឬ​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ប្រកួត ។ ការ​ហ្វឹកហាត់​សម​ត្រៀម​សម្ដែង​អបអរ​ពិធី​បើក​និង​បិទ​ក៏​មិន​បាន​ហ្វឹកហាត់​ដែរ ។

អ៊ីចឹង វា​ជា​ការ​ល្អ​ដែល​យើង​ផ្អាក​ដើម្បី​រក​ពេល​ប្រមូល ផ្ដុំ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ឡើង​វិញ​។​យើង​សូម​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ក្នុង​ការ​ឯកភាព​លើក​ពេល​ត្បិត​នេះ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​អ្នកបច្ចេកទេស តែ​យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ត្រៀម​រៀបចំ​ព្រោះ​យើង​មិន​បោះ
បង់​ផែនការ​នេះ​ឡើយ​។

ជាមួយនឹង​ការ​ពន្យារពេល​នេះ លោក​បាន​ថ្លែងអំណរគុណ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​កីឡាករ​-​កីឡាការិនី ពិសេស​ផ្ដល់​ឱកាស​ឱ្យ​គណៈកម្មការ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​លក្ខណៈ​នៅ​ពេល​ជំងឺឆ្លង​COVID-19​បាន​ធូរស្រាល​ឡើង​វិញ​។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​ដែល​រៀបចំ​ធ្វើ​២​ឆ្នាំ​ម្ដងនេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចំនួន​២​លើក​រួច​មក​ហើយ​ក្នុង​គោលបំណង​សម្រួច​ផែនការ​ឆ្ពោះទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ហើយ​វា​គឺជា​ផែនការ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡា​ការិនី​បូក​រួម​ទាំង​ធនធាន​មន្ត្រី​បច្ចេកទេស​សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល ជា​ពិសេស​ក្នុង​ពិធី​បិទ​និង​ពិធី​បើក​តែ​ម្ដង ។

ដោយ​ឡែក​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣​បន្ទាប់​ពី​បាន​ប្រកាស​ពន្យារ​ពេល​កាលបរិច្ឆេទ​ថ្មី​នៅ​មិន​ទាន់​កំណត់​ថា​រៀបចំ​ឡើង​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ស្ថាន​ភាព​ជំងឺឆ្លង​ COVID-19​មាន​ភាព​ធូរស្រាល​ឡើង​វិញ​សិន​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ