ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឈ្នះ​1 ចាញ់​2 ក្នុង​ជំនួប​មិត្តភាព​កម្មវិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ មីនា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ចំនួន​៣​រូប​មាន​តែ​កីឡាករ ម៉ឺន មេ​ឃា​មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប៉ុណ្ណោះ​ដែល​បាន​យកឈ្នះ​កីឡាករ​ដោយ​ពិន្ទុ​។ ការ​ប្រកួត​រវាង​កីឡាករ ម៉ឺន…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​មិត្តភាព​កម្ពុជា​-​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ មីនា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ចំនួន​៣​រូប​មាន​តែ​កីឡាករ ម៉ឺន មេ​ឃា​មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប៉ុណ្ណោះ​ដែល​បាន​យកឈ្នះ​កីឡាករ​ដោយ​ពិន្ទុ​។

ការ​ប្រកួត​រវាង​កីឡាករ ម៉ឺន មេ​ឃា ជាមួយ​កីឡាករ​ថៃ​Link Loom​ពិតជា​មាន​សភាព​ស្វិតស្វាញ​ខ្លាំង​ណាស់ ។ ទោះបីជា​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រៀប​ខាង​កម្ពស់​ជាង​បន្តិច​មែន តែ​មិន​បាន​ធ្វើ​ឱ្យ​ម៉ឺន មេ​ឃា ខ្លាចរអា​បន្តិច​ណា​ឡើយ ។

ពួក​គេ​ទាំង​ពីរ​បាន​បើក​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សាហាវ​បំផុត​តាំងពី​ទឹក​ទី​១​មក​ម៉្លេះ។ កីឡាករ​Link Loom​បាន​ព្យាយាម​សម្រុកចូល​កៀក​ដើម្បី​ចាប់​ក្រៀក​វាយ​ជង្គង់ តែ​ត្រូវ ម៉ឺន មេ​ឃា ដកថយ​ហើយ​ព្យាយាម​ទាត់​សន្ធាប់​ទៅ​លើ​ជើង​ឆ្វេង​សង​វិញ ។ ទោះជា​យ៉ាងណា ការ​ប្រកួត​គ្នា​ត្រឹម​ទឹក​ទី​៣​ពួក​គេ​ទាំង​ពីរ​មាន​ប្រៀប​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ល្វែង​ខាងក្រោម​របស់​កីឡាករ​ថៃ​ចាប់ផ្ដើម​មាន​បញ្ហា​បណ្ដើរ​ៗ​ដោយសារ​ទម្ងន់​ជើង​របស់ ម៉ឺន មេ​ឃា ។ គ្រាន់តែ​ចូល​ដល់​ទឹក​ទី​៤​ភ្លាម ម៉ឺន មេ​ឃា មិន​បង្អង់​ទុក​យូរ​ទៀត​ឡើយ ព្រោះ​គេ​ដឹង​ថា ជើង​ឆ្វេង​កីឡាករ​ថៃ​ម្នាក់​នេះ​ទប់​ជំហរ​លែង​ចង់​ជាប់​ទៅ​ហើយ​នោះ គេ​កាន់តែ​បង្កើន​ការ​ទាត់​សំដៅ​ជើង​ខាងឆ្វេង បណ្ដាល​ឱ្យ​Link Loom​ដួល​ទៅ​លើ​ក្ដារ​តា​ពី​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​រហូត​ដល់​ទៅ​ពីរ​ដង​ភ្លាម​ៗ។

ទោះបីជា​យ៉ាងណា កីឡាករ​ថៃ​នៅ​តែ​អាច ក្រោក​ប្រកួត​វិញ​យ៉ាង​ត្រដាបត្រដួស​រហូត ដល់​ចប់​ទឹក​ទី​៥​ហើយ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ ម៉ឺន មេ​ឃា ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ​៥​ទល់​០​។

ចំណែក​ពីរ​គូ​ទៀត​កីឡាករ​កម្ពុជា ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​បាន​ចាញ់​កីឡាករ​ថៃ​Chhaleum Chhai ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត និង​កីឡាករ លី ភា មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ក៏​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​Sakun Pra ទាំង​មិន​អស់ចិត្ត​ដូច​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ