ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​​ត្រូវ​ ​ផ្អាក​រៀបចំ​គ្មាន​ពេល​កំណត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​បារម្ភ​ពី​ការ​រីក​រាលដាល​នៃ​មេរោគ COVID-19 សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​(FFC) ត្រូវ​បាន​ផ្អាក​រៀបចំ​គ្មាន​ពេល​កំណត់ ។ ការ​ផ្អាក​នេះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​បារម្ភ​ពី​ការ​រីក​រាលដាល​នៃ​មេរោគ COVID-19 សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​(FFC) ត្រូវ​បាន​ផ្អាក​រៀបចំ​គ្មាន​ពេល​កំណត់ ។ ការ​ផ្អាក​នេះ ធ្វើ​ឡើង​ក្រោយ​ចំនួន​អ្នក​ផ្ទុកមេរោគ COVID-19 នៅ​កម្ពុជា ចេះ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។

ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ មីនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ផ្អាក​រៀប​ចំ​សន្និបាត​បូក​សរុប​ការងារ​ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ ។ សន្និ​បាត​ប្រចាំឆ្នាំ​មួយ​នេះ គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Garden City​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ គ្មាន​កំណត់​ពេល​វេលា​នោះ​ទេ ។ ពោល​គឺ​សហព័ន្ធ នឹង​ផ្តល់​ដំណឹង​ពី​ការ​រៀបចំ​ឡើង​វិញ​នៅ​ពេល​ស្ថានភាព​ការ​រីក​រាលដាល​នៃ COVID-19 មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្រេច​ផ្អាក​ការ​រៀបចំ​ការ​ប្រកួត​​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​១៨​ឆ្នាំ ក្រោម​ហេតុ​ផង​ដូច​គ្នា​នេះ​ផង​ដែរ​។

ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ក្រសួង សុខាភិបាល​កម្ពុជា​ប្រកាស​ពី​ការ​កើន​ឡើងជា​បន្ត​បន្ទាប់​នៃ​ចំនួន​អ្នក​ផ្ទុក COVID-19 ដែល​កំពុង​រាតត្បាត​នៅ​កម្ពុជា និង​លើ​ពិភពលោក​។

បញ្ហា​ការ​រាតត្បាត​នៃ COVID-19 នេះ​ដែរ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​រំសាយ​ការ​ប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ផ្អាក​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ប្រចាំឆ្នាំ​២០២០ ដោយ​មិន​កំណត់​ពេលវេលា​ផង​ដែរ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ