ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ស៊ែ​ប៊ី ថើប​ទង់​ជាតិចិន នៅ​ពេល​គ្រូពេទ្យ​ជំនាញ​៦​រូប មក​ដល់

4 ឆ្នាំ មុន

ទីក្រុង​ប៊ែ​ល​ក្រា​ត ៖ ប្រធានាធិបតី​ស៊ែ​ប៊ី លោក អា​ឡេ​ក​សាន​ដា វ៉ូ​ឈី​ក (Aleksandar Vucic) បាន​ថ្លែងអំណរគុណ ដល់​ក្រុម​គ្រូពេទ្យ​ចិន…

ទីក្រុង​ប៊ែ​ល​ក្រា​ត ៖ ប្រធានាធិបតី​ស៊ែ​ប៊ី លោក អា​ឡេ​ក​សាន​ដា វ៉ូ​ឈី​ក (Aleksandar Vucic) បាន​ថ្លែងអំណរគុណ ដល់​ក្រុម​គ្រូពេទ្យ​ចិន ដែល​បាន​ទៅ​ដល់​ប្រទេស​ស៊ែ​ប៊ី កាលពី​ថ្ងៃ​សៅរ៍ ដោយ​លោក​បាន​ថើប​ទង់​ជាតិចិន នៅ​ក្នុង​ការ​បង្ហាញ ពី​ការ​ដឹងគុណ​ចំពោះ​ការ​គាំទ្រ​របស់​ចិន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ក្នុង​ប្រទេស​មួយ​នេះ បើ​តាម​សារព័ត៌មាន​ចិន CGTN ចេញផ្សាយនៅថ្ងៃទី២៣មីនានេះ។

ប្រធានាធិបតី​ស៊ែ​ប៊ី បាន​មាន​ប្រសាសន៍​ថា “​ការ​មក​ដល់​របស់​អ្នកជំនាញ​សុខភាព​ចិន គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួក​យើង ពីព្រោះ​ពួក​គេ គឺជា​អ្នក​ដំបូង​គេ​ដែល​បាន​យកឈ្នះ​សត្រូវ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​នេះ​” ។

លោក​បាន​បន្ត​ថា “​អ្វី​ៗ​ទាំងអស់ នៅ​លើ​យន្ដហោះ​នេះ គឺជា​ជំនួយ​ឥត​សំណង ដែល​ជា​អំណោយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ យើង​គួរតែ​អរគុណ​ពួក​គេ ដោយ​ស្មោះ​អស់ពីដួងចិត្ត ពួក​គេ​បាន​បង្ហាញ​ថា ជា​មិត្ត​ដ៏​អស្ចារ្យ​របស់​ស៊ែ​ប៊ី (Serbia-China)” ។

យន្តហោះ Airbus A330 ធំ​ជាងគេ​របស់​ស៊ែ​ប៊ី បាន​ដឹក​សម្ភារ​វេជ្ជសាស្ត្រ​ពី​ប្រទេស​ចិន មក​កាន់​ប្រទេស​ស៊ែ​ប៊ី ដែល​រួម​មាន​ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ជំនួយការ​ដកដង្ហើម ម៉ាស និង​ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត រួម​នឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​ជនជាតិ​ចិន ចំនួន​៦​នាក់ ផង​ដែរ ។

កញ្ចប់​ជំនួយ​វេជ្ជសាស្ត្រ ដែល​ប្រទេស​ចិន​ផ្ដល់​មកនេះ អម​ដោយ​ពាក្យស្លោក​ថា “The friendship of steel, we share weal and woe!” ដែល​មាន​ទង់ជាតិ​ស៊ែ​ប៊ី នៅ​ម្ខាង និង​ទង់ជាតិ​ចិន នៅ​ម្ខាង​ទៀត​។

បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ទីក្រុង​ប៊ែ​ល​ក្រា​ត លោក Chen Bo បាន​មាន​ប្រសាសន៍​ថា ជំនួយ​នេះ​គឺជា​សញ្ញា​នៃ “​មិត្តភាព​ដែកថែប​” រវាង​ប្រទេស​ទាំង​ពីរ ។

ក្រសួងសុខាភិបាល​ស៊ែរ​ប៊ី បាន​រាយការណ៍​ថា មនុស្ស​ចំនួន​២២២នាក់ ដែល​បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​មេរោគ​ឆ្លង​នេះ COVID-19 និង​អ្នកជំងឺ​២នាក់ ហើយបាន​ស្លាប់ ។

រដ្ឋាភិបាល​ប្រទេស​ស៊ែរ​ប៊ី បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​តឹងរ៉ឹង កាលពី​ថ្ងៃ​សុក្រ​កន្លង​មក រួម​មានការ​បិទ​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ឧទ្យាន​នានា ដោយ​បាន​ដាក់​បម្រាម​គោចរ ពោល​គឺ​ហាម​ធ្វើ​ដំណើរ​ចាប់ពី​ម៉ោង ៨​យប់ រហូត​ដល់​ម៉ោង ៥​ព្រឹក (​ម៉ោង​ក្នុងស្រុក​) ។

នៅ​រដ្ឋធានី​ប៊ែ​ល​ក្រា​ត ក្នុងអំឡុងពេល​អនុវត្ត​បម្រាម​គោចរ ប៉ូ​លី​ស​ប្រើ​ឧទ្ធម្ភាគចក្រ ជិះ​ល្បាត​មើល​ពីលើ​អាកាស ស្វែងរក​អ្នក​ដែល​ល្មើស​នឹង​បម្រាម​នេះ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ។ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​នឹង​ត្រូវ​បិទទ្វារ ។

ប្រធានាធិបតី​ស៊ែ​ប៊ី បាន​ប្រកាស​ថា សាល​ពិព័រណ៍​មួយ​នៅ​ក្នុង​ក្រុង​ប៊ែ​ល​ក្រា​ត Belgrade នឹង​ត្រូវ​ប្រែ​ក្លាយជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន ដែល​មាន​គ្រែ​ចំនួន ៣,០០០ ដើម្បី​ត្រៀម​ផ្ទុក​អ្នកជំងឺ ដែល​ឆ្លង​វីរុស​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ