ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ មីនា បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យពីស្ថានភាពនៃការគ្រប់គ្រង និងការពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ លោកម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កន្លងមកបានខិតខំអនុវត្តតួនាទីក្នុងការការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ព្រំដែននិងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយនឹងភាគីវៀតណាម ។
លោកម៉ែន វិបុល ក៏បានជម្រាបជូនអំពីវិធានការរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញនាពេលថ្មីៗនេះដោយតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចូលប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមគ្រប់រូបភាពដែលបានចូលជាធរមានរួចហើយ កាលពីវេលាម៉ោង២៣និង៥៩នាទីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២០ ហើយដែលវិធានការនេះ ធ្វើឡើងគ្មានអ្វីក្រៅពីគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ដែលបច្ចុប្បន្នបានក្លាយជារបៀបវារៈរួមរបស់ពិភពលោក ក្នុងតំបន់ ក៏ដូចជាប្រទេសទាំងពីរកម្ពុជា-វៀតណាមដែលត្រូវរួមគ្នាដោះស្រាយនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រភេទថ្មីនេះ។
លោកម៉ែន វិបុល បានស្នើដល់កងកម្លាំងមន្ត្រីគយនិងរដ្ឋាករមន្ត្រីចត្តាឡីស័កនិងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃក៏ដូចជារដ្ឋបាលខេត្តពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ។
ដោយឡែក ចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រួលនិងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូនល្អប្រសើរនិងក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារដែលណែនាំដោយចត្តាឡីស័កដូចជាការបាញ់ថ្នាំកម្ចាត់មេរោគលើរថយន្តដឹកទំនិញជាដើមហើយលោកនឹងចាត់មន្ត្រី
ចត្តាឡីស័ក និងមន្ត្រីបសុពេទ្យមកប្រចាំការរហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩មានភាពធូរស្រាល ដើម្បីចូលរួមពង្រឹងអនុវត្តនូវវិធានការនេះ៕
ចែករំលែកព័តមាននេះ