ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ព្រី​ន​ស៍ ទទួល​បាន​ពានរង្វាន់ និយោជក​ឆ្នើម​ជា​បន្តបន្ទាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ​២០២០ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ ព្រី​ន​ស៍ ទទួល​បាន​ពាន​រង្វាន់​ឈ្មោះ​និយោជក​ល្អ​បំផុត​លំដាប់ថ្នាក់​សកលលោក (Global Best…

ភ្នំពេញ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ​២០២០ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ធនាគារ ព្រី​ន​ស៍ ទទួល​បាន​ពាន​រង្វាន់​ឈ្មោះ​និយោជក​ល្អ​បំផុត​លំដាប់ថ្នាក់​សកលលោក (Global Best Employer Brand Award) ប្រចាំឆ្នាំ ២០២០ នៅ​ទីក្រុង​បុ​ម​បៃ ប្រទេស​ឥណ្ឌា ក្រោយ​ពី​ទទួល​បាន​ពានរង្វាន់ ឈ្មោះ​និយោជក​ល្អ​បំផុត​ប្រចាំ​នៅ​កម្ពុជា​កាលពី​ខែមករា​កន្លង​ទៅ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ ធនាគារ ព្រី​ន​ស៍ ក៏​ទទួល​បាន​ពានរង្វាន់​លើក​ទី​មួយ​របស់​ខ្លួន នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​នាម​ជា​ស្ថាប័ន​ដែល​ឈ្នះ​ពានរង្វាន់ ឈ្មោះ​និយោជក​ល្អ​បំផុត​ទាំង ១០០ នៅ​អាស៊ី​។ គ្រប់​ពានរង្វាន់​ដែល​មាន​កិត្យានុភាព​ទាំងនេះ ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ដោយ The Employer Branding Institute, World HRD Congress និង Stars of the Industry Group​។

លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ ព្រី​ន​ស៍ បាន​លើក​ឡើង​ថា «​ពានរង្វាន់​ដែល​​ទទួល​បាន​ក្នុងថ្ងៃនេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត របស់ ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​អភិវឌ្ឍ និង​រក្សា​នូវ​ទេព​កោសល្យ​បុគ្គលិក​។ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ពិតជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជោគជ័យ​របស់​ក្រុមហ៊ុន​យើង ហើយ​យើង​បាន​ខិតខំ​បំពេញ​កិច្ច​ការងារ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​កសាង​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ការ​គ្រប់គ្រង​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​អាជីព​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ដើម្បី​សម្រេច​បាន​កំណើន​និង លទ្ធ​ផល​ដែល​យើង​គ្រោងទុក​»​។

ក្នុង​រយៈពេល​មិន​ដល់​ពីរ​ឆ្នាំ​ផង បន្ទាប់​ពី​បាន​កម្លា​យ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​ជា​ធនាគារ​ពាណិជ្ជ ធនាគារ ព្រី​ន​ស៍ បាន​ផ្តោត​ការ​ខិតខំ​សំដៅ​ឆ្ពោះទៅ​កាន់ការ​ក្លាយ​ខ្លួន​ជា «​និយោជក​ដែល​​ជា​ជម្រើស​ទី​មួយ​»​។ លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​យើង​ចង់​បង្កើត​បរិយាកាស​ការងារ​មួយ​ដែល​មាន​នីតិវិធី​សម្របសម្រួល​កិច្ចការ​ធនធានមនុស្ស​ច្បាស់លាស់ ឱកាស​គ្រប់គ្រាន់​ឲ្យ​បុគ្គលិក​បាន​ទទួល​បានការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ខ្លួន​វប្ប​ធម៌​បំពេញការងារ​ដែល​ផ្អែក​លើ​គុណ​តម្លៃ និង​ទំនួល​ទំនួល​ខុស​ត្រូវ ព្រមទាំង​ការ​លើកទឹកចិត្ត​សម្រាប់​ការ​ទំនាក់ទំនង​ដោយ​ចំហ និង​ប្រកបដោយ​ភាព​ស្មោះត្រង់​»​។

ទាក់ទង​នឹង​ការ​ជ្រើសរើស​បុគ្គលិក ធនាគារ​បាន​លើកទឹកចិត្ត​ដល់​ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចូលរួម​ក្នុង​កម្មវិធី ពិព័រណ៍​ការងារ​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​នានា និង​មានការ​ផ្សព្វផ្សាយ​ទៅ​កាន់​គ្រឹះស្ថាន​អប់រំ​តាម​ខេត្ត​ផង​ដែរ ។

ធនាគារ ព្រី​ន​ស៍ ក៏​បាន​បង្កើត​កម្មវិធី​កម្មសិក្សា ដោយ​ផ្តល់​ឱកាស​ដល់​និស្សិត​សាកលវិទ្យាល័យ ដើម្បី​ហាត់​ការ​ក្នុង​ផ្នែក​ជា​បុគ្គលិក​ជួរ​មុខ ក៏​ដូច​ជា​បុគ្គលិក​នៃ​ការិយាល័យ​កណ្តាល​។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​យុវជន​ទទួល​បាន​បទ​ពិសោធន៍​ជាក់ស្តែង​ពី​ការ​ធ្វើ​ការងារ​ជា​បុគ្គលិក​ពេញ​ម៉ោង​នៅ​ធនាគារ ព្រី​ន​ស៍​។

លើស​ពី​នេះ​ទៅ​ទៀត ស្រប​តាម​ទិស​ដៅ​ដើម្បី​ក្លាយ​ខ្លួន​ជា​ធនាគារ​ឌី​ជី​ថ​ល​ដែល​រីក​ចម្រើន លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ ព្រី​ន​ស៍ បាន​ប្រើប្រាស់​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​បម្រើ​ដល់​កិច្ច​ការងារ​របស់​បុគ្គលិក​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ធនាគារ បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ធនធានមនុស្ស​ដែល​រួម​បញ្ចូល​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​និ​យោ​ជិ​ក​អាច​គ្រប់គ្រង​ការ​ឈប់​សម្រាក ព័ត៌មាន​ប្រាក់បៀវត្ស ទិន្នន័យ​បុគ្គលិក និង​មុខងារ​រដ្ឋបាល​ធនធាន​មនុស្ស​ផ្សេង​ទៀត​ពី​ទូរស័ព្ទ​ដៃ​ទំនើប​របស់​ពួក​គេ​។ កម្មវិធី​នេះ ធ្វើ​ឱ្យ​ដំណើរការ​គ្រប់គ្រង​ធនធាន​មនុស្ស​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ជួយ​កាត់​បន្ថយ​ពេលវេលា​ឆ្លើយ​តប​ទៅ​នឹង​ការងារ​រដ្ឋបាល កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស និង​រួមចំណែក​ដល់​ដំណោះស្រាយ​ថែរក្សា​បរិស្ថាន​ផង​ដែរ​។

បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក៏​ជួយ​ដល់ កិច្ចការ បណ្តុះបណ្តាល​បុគ្គលិក​របស់​ធនាគារ​ដែរ​។ ធនាគារ បាន​​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បណ្តុះបណ្តាល​ដែល​ផ្តល់​ជូន​តាម​ឌី​ជី​ថ​ល​ដើម្បី​ភាព​ងាយស្រួល​ដល់​បុគ្គលិក​-​និ​យោ​ជិ​ក​ក្នុង​ការ​រៀន​មុខ​វិជ្ជា​នានា ដើម្បី​បញ្ចប់​វគ្គ​សិក្សា​ស្រប​ទៅ​តាម​ល្បឿន​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។ កម្មវិធី​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ បំពេញបន្ថែម​លើ​វគ្គ​សិក្សា​នៅ​ក្នុង​ថ្នាក់ ដែល​មាន​ដូច​ជា​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​ជំនាញ​គ្រប់​គ្រង ដែល​ចាំបាច់​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ច​ការងារ​របស់​បុគ្គលិក​និង​ការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​។

យុទ្ធសាស្ត្រ​ទាំងនេះ​រួម​ជាមួយនឹង​គុណ​តម្លៃ​ស្នូល ដែល​មាន​ដូច​ជា វិជ្ជាជីវៈ ការ​ទទួលខុសត្រូវ​សុចរិត​ភាព សេចក្តី​ថ្លៃថ្នូរ ការ​ប្តេជ្ញា​ចិត្ត និង​ការ​ឱ្យ​តម្លៃ​ខ្លួនឯង មាន​គោលបំណង​បង្កើត​នូវ​កន្លែង​ការងារ​អាជីព ដែល​អនុញ្ញាត​ឲ្យ​បុគ្គលិក ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​ធនាគារ​មាន​ជំនឿ​ជាក់​ថា​យុទ្ធសាស្ត្រ​នេះ ជួយ​បន្ត​ទាក់ទាញ និង​រក្សា​បុគ្គលិក ដែល​មានការ​តាំងចិត្ត និង​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ ។

រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ ធនាគារ ព្រី​ន​ស៍ បាន​បង្កើន​ឡើង​សឹងតែ​មួយ​ទ្វេរ​ជា​ពីរ​ដែល​ចំនួន​បុគ្គលិក​រហូត​ដល់​1,000 ជាង​នាក់ ។

ធនាគារ ព្រី​ន​ស៍ ពិតជា​មាន​មោទនភាព​ណាស់​ដែល ទទួល​បាន​កិត្តិនាម​តាម​រយ​:​ពានរង្វាន់​ឈ្មោះ​​និយោជក​ឆ្នើម​លំដាប់ថ្នាក់​ពិភពលោក នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ថ្នី​នេះ ។ យើង​នឹង​បន្ត​អភិ​វឌ្ឍ និង​កែ​លម្អ​កម្មវិធី​គ្រប់គ្រង​ធនធានមនុស្ស​របស់​ធនាគារ ដើម្បី​ធានា​បាន​ថា បុគ្គលិក​របស់​យើង​អាច​សម្រេច​បាន​គោលដៅ​យុទ្ធសាស្ត្រ​សម្រាប់​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ត្រៀមខ្លួន​ក្លាយ​ជា​អ្នកដឹកនាំ បន្ត​ទៅ​ថ្ងៃ​អនាគត និង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជំរុញ​ឱ្យ​ធនាគារ ព្រី​ន​ស៍ ក្លាយជា​ធនាគារ​ឌី​ជី​ថ​ល ដែល​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​អតិថិជន​ល្អ​បំផុត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ