ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែងបង្កជាអណ្តាតភ្លើងឆាបឆេះ ផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកប៊ុន ផេង ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យបានឲ្យដឹងថាស្ថានីយប្រេងឥន្ធនៈមួយកន្លែងខាងលើមានម្ចាស់ឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះគឺម ផ្លា ភេទប្រុស អាយុ៤៩ឆ្នាំ ២-ឈ្មោះឌុច ចាន់ហេង ភេទប្រុស អាយុ២០ឆ្នាំ ជនរងគ្រោះទាំង២នាក់ត្រូវជាកូនប្រសាររបស់ម្ចាស់ស្ថានីយប្រេងខាងលើ និង៣-ឈ្មោះសាន វីរៈពីទូ ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាចៅរបស់ម្ចាស់ស្ថានីយប្រេងខាងលើ ។
លោកស្នងការរងបានបញ្ជាក់ថា តាមការសាកសួរជុំវិញករណីខាងលើ នៅមុនពេលកើតហេតុ កូនប្រសាររបស់ម្ចាស់ស្ថានីយប្រេងឈ្មោះគឹម ផល្លា និងចៅប្រុសឈ្មោះឌុច ចាន់ហេង បានបូមប្រេងពីរថយន្តដឹកប្រេងដាក់ក្នុងស៊ីទែនស្តុកប្រេងក្រោមដី ។
លោកស្នងការរងបានបញ្ជាក់ទៀតថា លុះពេលដែលកំពុងបូមប្រេងនោះ ស្រាប់តែឮសំឡេងផ្ទុះចេញពីម្តុំម្ខាងរបង ហើយខ្ទាតផ្កាភ្លើងឆាបឆេះក្លាយជាអណ្តាតភ្លើង និងបណ្តាលឱ្យផ្ទុះគម្របស៊ីទែនប្រេងក្រោមដីដែលកំពុងបូមបញ្ចូលប្រេង ។ ភ្លាមនោះបុរសជាកូនប្រសារឈ្មោះ ផល្លា បានរត់ទៅបិតក្បាលរ៉ូប៊ីណេប្រេង ដើម្បីកុំឲ្យឆាបឆេះកាន់តែខ្លាំង និងប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ខណៈនោះដែរបណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ។
លោកស្នងការរងបានបញ្ជាក់ទៀតថា ពេលហេតុការណ៍ខាងលើកើតឡើង លោកបានដឹកនាំកងកម្លាំងនគរបាលជំនាញពន្លត់អគ្គីភ័យដោយយករថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិងកម្លាំងនគរបាលក្រុងសិរីសោភ័ណសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រតិបត្តិការសឹករងខេត្តចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងនិងជួយសង្គ្រោះអ្នករងរបួសធ្ងន់ចំនួន៣នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
ក្នុងហេតុការណ៍ខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍នោះបាន ដោយមិនឆេះរាលដាលទៅផ្ទះអ្នកជិតខាងឡើយ ។ ចំពោះមូលហេតុបង្កឲ្យមានការផ្ទុះគម្របស៊ីទែនស្តុកប្រេងក្រោមដីនេះគឺបណ្តាលមកពីការឆ្វេសប្រហែសរបស់ម្ចាស់ស្ថានីយដែលគ្រប់គ្រងប្រេងស្តុកប្រេងខ្វះលក្ខណៈបច្ចេកទេស ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ