ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ទាល​ដ៏​ធំ​អាយុកាល​រាប់រយ​ឆ្នាំ​ត្រូវ​កា.ប់​ចោល ដើម្បី​ពង្រីក​ផ្លូវ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដើមឈើ​ទាល​ដ៏​ធំ​មួយ​ដើម ដែល​​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មាន​អង្កត់ផ្ចិត​ប្រហែល​2​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ឈើ​ទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ត្រូវ​បាន​គេ​កាប់​រំលំ…

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដើមឈើ​ទាល​ដ៏​ធំ​មួយ​ដើម ដែល​​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ និង​មាន​អង្កត់ផ្ចិត​ប្រហែល​2​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ឈើ​ទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ត្រូវ​បាន​គេ​កាប់​រំលំ ដើម្បី​ពង្រីក​ផ្លូវជាតិ​លេខ​៥ កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០២០ ។

សេចក្តីរាយការណ៍​បន្ត​ថា ដើមឈើ​ទាល​មួយ​ដើម​នេះ ជា​និមិត្តរូប​របស់​ឈ្មោះ​ភូមិ​ឈើទាល​ខ្ពស់ ហើយ​សព្វថ្ងៃ ដែល​ត្រូវ​បាន​អ្នកស្រុក​មាន​ជំនឿ និង​គោរព​បូជា​ថា ជាដើម​ឈើ​ផ្តល់​សេចក្តីសុខ សុវត្ថិភាព​ដល់​អ្នក​ភូមិ​នៅ​ទីនោះ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ​។

ហើយ​ប្រជាជន​ដែល​ធ្លាប់​ឃើញ និង​ស្គាល់​ដើមឈើ​ទាល​នេះ បាន​សម្តែង​អារម្មណ៍​សោកស្តាយ​ជា​ពន់ពេក ព្រោះ​ពួក​គេ​ធ្លាប់​ឃើញ ធ្លាប់​ឮ (​ឈើទាល​ខ្ពស់​ៗ) តាំង​តែ​ពី​កើត​ពោះ​ម៉ែ​មក ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ​តទៅ​នឹង​បាត់​រូបរាង​ជា​រៀង​រហូត​ហើយ បន្សល់​ទុក​តែ​ឈ្មោះ​ប៉ុណ្ណោះ​។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​កាប់​ដើមឈើ​ទាល​មួយ​ដើម​នេះ​ទៅ អ្នកខ្លះ​បាន​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម​ថា គួរតែ​រិះរក​មធ្យោបាយ​ណាមួយ​ដើម្បី​រក្សា​ទុក​ឲ្យ​នៅ​គង់វង្ស​ជា​រៀង​រហូត ដើម្បី​ជា​និមិត្តរូប​របស់​ឈ្មោះ​ភូមិ​ឈើទាល​ខ្ពស់ និង​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹងផង​ដែរ​។ នៅ​ប្រទេស​គេ បើ​ធ្វើ​ផ្លូវ​ប៉ះ​ដើមឈើ​ធំ​បែប​នេះ គេ​មិន​កាប់​ចោល​ទេ សុខចិត្ត​ធ្វើ​ផ្លូវ​វាង ព្រោះ​ដើមឈើ​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​។

អ្នកខ្លះ​ថា ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​មក​ដល់​ដើមឈើ​ទាល​មួយ​ដើម​នេះ ដឹង​ថា ដល់​ទឹកដី​ស្រុក​ក្រគរ​ហើយ តែ​ពី​ថ្ងៃនេះ​ទៅ​លែង​បានឃើញ​ទៀត​ហើយ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង​ណាស់ តែ​ខ្ញុំ​ចង​ចាំ​អ្នកជា​និច្ច មិន​បន្ទោស​ការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។ អ្នកខ្លះ​ថា បាត់​ទី​កន្លែង​ធ្លាប់​ហក់​ទឹក​លេង​ក្បែរ​នោះ កន្លែង​គោរព​អ្នកតា កន្លែង​ជ្រក​ម្លប់ ជ្រក​ភ្លៀង ឃ្វាលគោ​ឃ្វាល​ក្របី និង​អនុស្សាវរីយ៍​កាល​វ័យ​កុមារ​ជា​ច្រើន​រាប់​មិន​អស់​ទៀត​។

ជាមួយ​គ្នា​នេះ ក៏​មាន​អ្នកខ្លះ​និយាយ​ថា ត្រូវ​តែ​កាប់ ព្រោះ​តម្រូវការ​អភិវឌ្ឍន៍​ប្រទេស បើ​ទុក​ប្រាកដ​ជា​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាក់​ជា​មិន​ខាន ។ សូមកុំ​មើល​ឈើ​តែ​មួយ​ដើម ត្រូវ​មើល​ព្រៃ​ទាំងមូល ទើប​ល្អ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ