ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​អាល់កុល និង​ជែ​ល​លាងដៃ រួច​ ណែនាំ​អាជីវករ​កុំឱ្យ​លក់​ម៉ាស​ថ្លៃ​ជាង​ទីផ្សារ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាល់កុល ជែ​ល​លាងដៃ និង​ម៉ាស់ ដែល​លក់​នៅ​តាម​តូប​នានា​ក្នុងភូមិ​តាម​ផ្សារ ក្នុង​ក្រុង ក៏​ដូច​ជា​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​រក​ផលិតផល​ក្លែងក្លាយ និង​ធ្វើការ​អប់រំ​ណែនាំ​អាជីវករ​ទាំងអស់…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាល់កុល ជែ​ល​លាងដៃ និង​ម៉ាស់ ដែល​លក់​នៅ​តាម​តូប​នានា​ក្នុងភូមិ​តាម​ផ្សារ ក្នុង​ក្រុង ក៏​ដូច​ជា​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​រក​ផលិតផល​ក្លែងក្លាយ និង​ធ្វើការ​អប់រំ​ណែនាំ​អាជីវករ​ទាំងអស់ ឱ្យ​លក់ដូរ​ក្នុង​តម្លៃ​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ ខណៈ​អ្នកខ្លះ​ឆ្លៀតឱកាស​កេង​ចំណេញ ដោយ​លក់​ថ្លៃ​ហួសហេតុ ពេល​កើត​មាន​ករណី​វីរុស​កូ​វី​ដ​-១៩ កំពុង​តែ​រីក​រាលដាល​គួរ​ឱ្យ​ព្រួយបារម្ភ ។

នគរបាល​សេដ្ឋកិច្ច​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ក្រុងប៉ៃលិន និង​នៅ​តាម​តូប​នានា​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ម៉ែ រិ​ទ្ធី ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដោយ​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ និង​បង្ក្រាប​ផលិតផល​ក្លែងបន្លំ ស្តី​ពី​ការ​ទប់ស្កាត់​ការ​ចរាចរ ចែកចាយ និង​ទំនិញ ផលិតផល​អាល់កុល​ក្លែងក្លាយ ឬ​មេតា​ណុ​ល ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​កាលទេស​:​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​តែ​ត្រូវការ​ចាំបាច់ នូវ​ផលិតផល​អាល់កុល​ប្រើប្រាស់​សម្រាប់​លាងដៃ ដើម្បី​សម្លាប់​មេរោគ ជា​ពិសេស​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ យើង​សង្កេត​ឃើញ​ថា មាន​អាជីវករ​មួយ​ចំនួន​តូច​បាន​លួច​នាំ​ចូល និង​ចែកចាយ នូវ​ផលិតផល​អាល់កុល​ក្លែង​ក្លាយជា​ច្រើន ដែល​មិន​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ និង​ប្រភព​ច្បាស់លាស់ ។

លោក​បន្ត​ទៀត​ថា តាម​រយៈ​ការ​ធ្វើតេស្ត​របស់​មន្ត្រី​ជំនាញ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រក​ឃើញ​ថា អាល់កុល​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ទាំងនោះ ភាគច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (​អេ​ទីល​អាល់កុល​) ដែល​មាន​មុខងារ​សម្រាប់​លាងដៃ បង្ការ​មេរោគ​ឆ្លង​នោះ​ឡើយ គឺជា​សារធាតុ​មេតា​ណុ​ល ដែល​មាន​បរិមាណ​ខ្ពស់ រហូត​ដល់​កម្រិត​៨០% ។ លុះ​ពេល​ប្រើប្រាស់ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ។ ជា​ពិសេស អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មើលឃើញ​របស់​ភ្នែក​ផង​ដែរ ។

លោក​បញ្ជាក់​ថា សារធាតុ​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រសិនបើ​មានការ​យក​ទៅ​ប្រើប្រាស់​លាយ​ធ្វើ​ជា​ភេសជ្ជ​: ឬ​គ្រឿង​ស្រវឹង​ផ្សេង​ៗ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បន្ទាប់​ពី​មន្ត្រី​នគរបាល ចុះ​ពិនិត្យ និង​ណែនាំ​រួច មិនឃើញ​មាន​អ្វី​ខុស​ប្រក្រតី​នោះ​ទេ រីឯ​តម្លៃ​ដែល​អាជីវករ​លក់ដូរ នៅ​កន្លែង​ខ្លះ​គឺ​សមរម្យ ។ ប៉ុន្តែ​កន្លែង​ខ្លះ​ទៀត ក៏​មានការ​លក់​ខ្ពស់​លើស​ពី​ទីផ្សារ​តិចតួច​ប៉ុណ្ណោះ ហើយ​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ក៏​បាន​ណែនាំ​ឱ្យ​លក់​ដូច​តម្លៃ​ទីផ្សារ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ