ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​គ្នា​លើ​ដី​រដ្ឋ​សោះ អ្នក​រំលោ.ភ​ឈ្នះ ចាប់​ម្ចាស់​ដើម​ដាក់គុក​លេង (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​យ៉ាង​គំហុក​នា​ពេល​កន្លង​មក​នៅ​ខេត្ត​ព្រះ​សីហ​នុ ទន្ទឹម​ជាមួយ​គ្នា​នេះ​ផង​ដែរ ជម្លោះ​ដណ្តើម​កាន់កាប់​ដីធ្លី​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ក៏​កើតឡើង​មិន​ឈប់​ឈរ​។ ជាក់ស្តែង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ជុំ សា​រិ​ន អាយុ​៥៥​ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​យ៉ាង​គំហុក​នា​ពេល​កន្លង​មក​នៅ​ខេត្ត​ព្រះ​សីហ​នុ ទន្ទឹម​ជាមួយ​គ្នា​នេះ​ផង​ដែរ ជម្លោះ​ដណ្តើម​កាន់កាប់​ដីធ្លី​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ក៏​កើតឡើង​មិន​ឈប់​ឈរ​។

ជាក់ស្តែង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ជុំ សា​រិ​ន អាយុ​៥៥​ឆ្នាំ ដោយសារ​តែ​ទំនាស់​ដីធ្លី​ដែល​លោកស្រី​បាន​សាងសង់​លំនៅ​ដ្ឋា​ន​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​អ្នកមាន​ប្រាក់​ម្នាក់​អាង​អំណាច​មក​អះអាង​ថា ជា​ដី​របស់​ខ្លួន ហើយ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត​ព្រះ​សីហ​នុ បាន​ចាប់​ឃុំខ្លួន​អស់​រយៈពេល​ជាង​៥​ខែ​មក​ហើយ​។

ក្រុម​គ្រួសារ​ដែល​ជា​កូនចៅ​របស់​គាត់​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ក្តី​ឈឺចាប់ និង​ស្រែក​រកក្តី​យុត្តិធម៌​ពិត​ប្រាកដ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​អយុត្តិធម៌ ក្រៅ ពី​ដីធ្លី​ដែល​​ខ្លួន​បាន​កាន់កាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ត្រូវ​បាន​គេ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​យក​អស់ ហើយ​ម្តាយ​របស់​ពួក​គេ​ដែល​មាន​វ័យ​ចំណាស់​ផង​នោះ ក៏​ត្រូវ​បាន​ជាប់​ឃុំខ្លួន​ថែម​ទៀត​ផង គឺ​ចាប់​ឃុំខ្លួន​ទាំង​បំពាន ហាក់ដូច​ត្រូវ​ថ្នាំ​សណ្តំ​អ្នកមាន​។

រឿងរ៉ាវ​ស្រែក​រកក្តី​យុត្តិធម៌​នេះ ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​អះអាង​ថា ជា​ជន​រង​គ្រោះ​ត្រូវ​បាន​ទម្លាយ​​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ក្រុម​គណៈកម្មការ​ចម្រុះ​របស់​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​យឹ​ម សុខ​សំ​អូន អភិបាលរង​ស្រុក ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន តំណាង​មន្ទីរ​ពាក់ព័ន្ធ ក្នុង​នោះ​រួម​មាន​តំណាង​មន្ទីរ​បរិស្ថាន តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ស្រុក ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​ចៅក្រម និង​ក្រឡាបញ្ជី​នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​វាស់វែង និង​ត្រួតពិនិត្យ​កំណត់​រក​ទីតាំង​ដី​ទំនាស់​របស់​លោកស្រី ជុំ សា​រិ​ន និង​ឈ្មោះ​ឡុ​ង ច​ន្ថា​, ឃឹម សុក​ខៃ មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចំណោទ​រាម ឃុំ បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ កន្លង​មកនេះ​។

យោង​តាម​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​ពួក​គាត់​ឈ្មោះ​អ្នកស្រី ជុំ សា​រិ​ន អាយុ​៥៥​ឆ្នាំ សព្វថ្ងៃ​រស់នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ដែល​មាន​ក្បាលដី​មួយ​កន្លែង​មាន​ទំហំ​ជិត​១២​ហិ​កតា ស្ថិត​នៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។ ដី​មួយ​កន្លែង​នេះ ត្រូវ​បាន​ម្តាយ​របស់​ពួក​គាត់​បាន​ទិញ​ពី​ម្ចាស់​ដី​ម្នាក់​ស្ថិត​នៅ​ភូមិ​-​ឃុំ​ខាងលើ និង​មាន​កិច្ចសន្យា​ផ្ទេរសិទ្ធិ​ទិញ​-​លក់ ដោយ​មានការ​ទទួលស្គាល់​ដឹង​លឺ​យ៉ាង​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​ថែម​ទៀត​ផង ។ ក្រៅពី​នេះ​បាន​សាងសង់​ផ្ទះ និង​ធ្វើ​ចំការ​នៅ​លើ​ដី​មួយ​កន្លែង​នេះ​អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ ស្រាប់តែ​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​ដែល​មានឈ្មោះ ឡុ​ង ច​ន្ថា និង​ឈ្មោះ ឃឹម សុក​ខៃ បាន​អះអាង​ថា ជា​ដី​របស់​ខ្លួន ហើយ​បាន​មក​ធ្វើ​របង​ថ្ម​ព័ទ្ធ​យក​ដី​របស់​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​តែ​ម្តង ដែល​ឈ្មោះ​នេះ​មិនដឹង​ខ្ចាត់​ភ្លាត់​ពី​ណា​មក​ទេ​។

ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​បន្ថែម​ថា ក្រោយ​ការ​ធ្វើ​របង​បេតុង​ហ៊ុម​ព័ទ្ធ​យក​ដី​ទាំង​បំពាន​ហើយ ភាគី​ដើមបណ្តឹង​នៅ​បាន​ធ្វើការ​ប្តឹង​ចោទប្រកាន់​ម្តាយ​របស់​ពួក​គាត់​បន្ថែម​ទៀត​ថា បាន​ទៅ​បំផ្លាញ​ធ្នឹម​របង​ថ្ម​ដែល​ពួក​គេ​កំពុងធ្វើការ​ព័ទ្ធ​យក​ដី​កន្លែង​នេះ ហើយ​ធ្វើការ​ប្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហ​នុ ហើយ​តុលាកា​ខេត្ត​មួយ​នេះ​បាន​ធ្វើការ​ឃុំខ្លួន​ម្តាយ​របស់​ពួក​គាត់​អ្នកស្រី ជុំ សា​រិ​ន អស់​រយៈពេល​ជាង​៥​ខែ​កន្លង​មក​ហើយ គឺ​ចាប់​ឃុំ​ចោល​តែ​ម្តង​។

ប្រភព​ពី​ខាង​គ្រួសារ​ស្ត្រី​រង​គ្រោះ​ខាងលើ​បញ្ជាក់​បន្ថែម​ថា ដើមបណ្តឹង​ឈ្មោះ ឡុ​ង ច​ន្ថា និង​ឈ្មោះ ឃឹម សុក​ខៃ បាន​ធ្វើការ​បំភ្លៃ​ការ​ពិត​ដោយ​ធ្វើការ​ចោទប្រកាន់​អ្នកស្រី​ជុំ សា​រិ​ន​ថា បាន​នាំ​បក្សពួក​ទៅ​វាយ​ធ្នឹម​របង​របស់​ពួក​គេ​កំពុង​ព័ទ្ធ​យក​ដី​អ្នកស្រី​នោះ ។ ការ​ចោទប្រកាន់​ទាំងស្រុង និង​បាន​រៀបចំ​ផែនការ​ដោយ​ខ្លួនឯង ហើយ​ថតរូប​ភាព​ធ្វើការ​ប្តឹង​អ្នកស្រី​ថែម​ទៀត ។

ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា ពួក​គាត់​មាន​ឯកសារ​និង​ប្រវត្តិ​ដី​ត្រឹមត្រូវ​យ៉ាង​លម្អិត ប៉ុន្តែ​បែរ​ក្លាយជា​ជន​រង​គ្រោះ​ទៅ​វិញ​ថែម ទាំង​ត្រូវ​គេ​ចាប់​ម្តាយ​ឃុំខ្លួន​គួរ​ឱ្យ​អយុត្តិធម៌​ជាទី​បំផុត​។ ជាមួយ​គ្នា​ដែរ ពួក​គាត់​បាន​សំណូមពរ​យ៉ាង​ទទូច​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ផង ពីព្រោះ​ពួក​គាត់​មិន​ត្រឹមតែ​ត្រូវ​គេ​រំលោភ​បំពាន​យក​ដីធ្លី ហើយ​ម្តាយ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​ថែម​ទៀត ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​បន្ថែម​ថា ក្នុង​រឿង​ប្តឹងផ្តល់​ដីធ្លី​ខាងលើ​នេះ គឺ​ពួក​គាត់​ជឿជាក់​ថា អ្នក​ប្តឹង​ម្តាយ​ពួក​គាត់​ពុំ​មែន​ត្រឹមតែ​មាន​ភាគី​ម្ចាស់​បណ្តឹង​ខាងលើ​នេះ ជា​អ្នក​ប្តឹង​ពិតប្រាកដ​ទេ គឺ​មាន​ឧកញ៉ា​គ្រាក់​ៗ​សំបូរ​ប្រាក់​ចំនួន​២​នាក់ នៅ​ពី​ខាងក្រោយ​ខ្នង​ផង ។

តាម​រយៈ​បណ្តឹង​នេះ​ដែរ អ្នកស្រី ជុំ​សា​រិ​ន ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ចាប់​ឃុំខ្លួន​កាលពី​ចុងឆ្នាំ​២០១៩ ហើយ​បើ​ទោះបី​អ្នកស្រី ជុំ សា​រិ​ន តាម​រយៈ​មេធាវី​បាន​ស្នើ​សុំ​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ ក៏​ត្រូវ​បាន​ធ្វើការ​បដិសេធ​ពី​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ អ្នកស្រី ជុំ សា​រិ​ន បាន​ដាក់​ពាក្យបណ្តឹង​ស្នើ​សុំ​សាលាឧទ្ធរណ៍ នៅ​ក្រៅ​ឃុំ​ក៏​ត្រូវ​បាន​បដិសេធ​ទៀត ។ ទោះបី​យ៉ាងណា កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ តាម​ប្រភព​ពី​មេធាវី​របស់​អ្នកស្រី ជុំ សា​រិ​ន បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា អ្នកស្រី ជុំ​សា​រិ​ន ត្រូវ​បាន​តុលា​កំពូល​ជា​តុលាការ​យុត្តិធម៌​មុខ​ដែក ចុង​ក្រោយ​សម្រេច​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ បណ្តោះ​អាសន្ន​ហើយ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខណៈ​ពេល​ក្រុម​គណៈ​កម្មករ​ចុះ​ពិនិត្យ​ចុះ​វាស់វែង និង​ត្រួតពិនិត្យ​ដី​ទំនាស់​​មួយ​កន្លែង​នេះ គេ​ឃើញ​ភាគី​ដើមបណ្តឹង (​ឡុ​ង ច​ន្ថា​. ឃឹម សុក​ខៃ​) នៅ​តែ​បន្ត​ធ្វើ​របង​ថ្ម​រឹង​មាំ​ហ៊ុម​ព័ទ្ធ​ដី បើ​ទោះបី​ទីតាំង​ដី​ស្ថិត​នៅ​ក្នុង​ការ​ដំណើរ​ក្តី​របស់​តុលាការ​ក៏​ដោយ ប៉ុន្តែ​ដើម​បណ្តឹង​នៅ​តែ​បន្ត​ធ្វើ​រៀងរាល់ថ្ងៃ​មិន​មាន​បញ្ហា​អ្វី​ឡើយ សង្ស័យ​ឃ្លាន​ដុល្លារ​ខ្លាំង​ពេក សម័យ​ចិន​ចូល​ស្រុក ។

ពាក់ព័ន្ធ​ក្នុង​រឿង​ទំ​នា​សើ​ដីធ្លី​ខាងលើ​ដែរ បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ឱ្យ​ដឹង​ថា បើ​ទោះបី​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្នើ​សុំ​ឱ្យ​ផ្អាក​ការ​ធ្វើ​របង​ថ្ម​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក៏​ដើមបណ្តឹង​ឃ្លាន​ដុល្លារ ឃ្លាន​ការ​រំលោភ មិន​បាន​បញ្ឈប់​សកម្មភាព​សោះឡើយ ។

ជុំវិញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​នេះ​ដែរ បើ​តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន ឱ្យ​ដឹង​ដែរ​ថា ការ​កើត​ទំនាស់​បន្ទាប់ ពី​ដី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​តម្លៃ​ខ្ពស់ ស្រប​នឹង​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​គេ​សាងសង់​ជិត​តំបន់​ដី​ទំនាស់​នេះ​ផង​ដែរ ។

បើ​តាម​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា ដី​ទំនាស់​ខាងលើ ជា​តំបន់​អនុក្រឹត្យ និង​គំរប​ព្រៃឈើ​របស់​រដ្ឋ ដែល​ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ និង​អ្នកមាន​លុយ មាន​អំណាច​កំពុង​តែ​ដណ្តើម​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​រៀង​ៗ​ខ្លួន ដោយ​បំពាន​ច្បាប់​យ៉ាង​អនាធិបតេយ្យ ទោះបី​ដឹង​ថា ដី​នេះ​មាន​គេ​គ្រប់គ្រង​១០​ឆ្នាំ​មក​ហើយ​ក៏​ដោយ ។

មន្ត្រី​ច្បាប់​នៅ​ក្នុង​អង្គការ​សង្គម​ស៊ី​វិល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ជុំវិញ​ករណី​វិវាទ​ដីធ្លី​ខាងលើ​នេះ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដូច​មាន​អត្ថន័យ​ខាងលើ (​គម្រប​ព្រៃឈើ​) ដូច្នេះ​ស្ថាប័ន​តុលាការ​មិន​អាច ទទួលយក​សំណុំរឿង​បែប​រដ្ឋបវេណី​មក​ចាត់ការ ហើយ​ឈាន​ដល់​ចាប់ខ្លួន​មនុស្ស​មក​ឃុំឃាំង​ថែម​ទៀត​ផង​។

ដោយឡែក លោក​ក្រឡាបញ្ជី និង​ចៅក្រម ដែល​ចូលរួម​នៅ​ក្នុង​ការ​ចុះ​វាស់វែង​រក​ទីតាំង​ដី​វិវាទ​ខាងលើ មិន​ធ្វើ​អត្ថាធិប្បាយ និង​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​នោះ​ទេ គឺ​ស្ងាត់​មាត់ ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ