ខេត្តព្រះវិហារ ៖ បន្ទាប់ពីមានជម្លោះក្នុងគ្រួសារ បុរសជាម្ចាស់ផ្ទះសង្ស័យស្រវឹងបានដុតផ្ទះ បណ្តាលឱ្យឆេះអស់គ្មានសល់ និងបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលពីវេលាម៉ោង៨និង៣០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
បុរសជាម្ចាស់ផ្ទះខាងលើឈ្មោះ សេ ធី និងមានប្រពន្ធឈ្មោះ នង គង់ មានកូន២នាក់ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
លោកឧត្តមសេនីយ៍ត្រី សំ សាមឿន ស្នងការរងទទួលផែនអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងនៅភូមិទួលទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ភ្លាមៗនោះស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលអធិការក្រុងព្រះវិហារ បញ្ជូនរថយន្តពន្លត់អគ្គីភ័យចុះទៅដល់ទីតាំងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែដោយសារតែភ្លើងឆេះសន្ធោសន្ធៅលឿនពេក ធ្វើឲ្យផ្ទះតៀមធ្វើអំពីឈើប្រក់សង្ក័សី និងសម្ភារៈ ទ្រព្យសម្បត្តិត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ ។
លោកឧត្តមសេនីយ៍ត្រី សំ សាមឿន បានបន្តថា មូលហេតុដែលនាំឲ្យកើតមានអគ្គីភ័យខាងលើនេះ បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឱ្យដឹងថា ដោយសារតែមានជម្លោះក្នុងគ្រួសារស្របពេលដែលបុរសជាប្តីស្រវឹងស្រាជោគជាំក៏បានដុតផ្ទះរបស់ខ្លួន បណ្តាលឲ្យឆេះតែម្តង ប៉ុន្តែអគ្គីភ័យមិនបានឆេះរាលដាលដល់ផ្ទះសម្បែងអ្នកជិតខាង និងមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ។ ដោយឡែកបុរសជាប្តីដែលសង្ស័យថាបានដុតផ្ទះខ្លួនឯងនេះ ត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដើម្បីសួរនាំ ។
បើតាមការលើកឡើងពីស្ត្រីជាប្រពន្ធបានរៀបរាប់ថា មុនពេលកើតហេតុ គាត់និងប្តីបានឈ្លោះគ្នា ខណៈពេលដែលប្តីកំពុងស្រវឹងស្រា ហើយបានដេញវាយគាត់ និងកូន ខណៈនោះគាត់ក៏រត់ទៅផ្ទះប្អូនបានប្រមាណជាង២០នាទី ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះរបស់ខ្លួន ពេលនោះគាត់ក៏បានដើរទៅផ្ទះឃើញប្តីវាយកូនស្រីនឹងដំបងថែមទៀត ។ ស្ត្រីជាប្រពន្ធបានបន្តថា ប្តីរបស់គាត់តែងតែរករឿងវាយដំប្រពន្ធកូន ជារឿយៗនៅពេលណាស្រវឹងស្រា ៕ (កែសម្រួលដោយ)
ចែករំលែកព័តមាននេះ