ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ខ្លាំង​ពេក ​រីង​ទឹក​អូរ និង​ស្រះ​អស់ ខណៈដំណាំ​​​កសិករជួប​បញ្ហា​ប្រឈម​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្បែរ​ស្ពាន​តារា​ប ក្នុងភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្បែរ​ស្ពាន​តារា​ប ក្នុងភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​សង្កេត​ឃើញ​ថា ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន របស់​ខ្លួន​ក្លាយទៅជា​ងាប់​ស្ទើរ​អស់ពី​ចម្ការ កសិករ​ម្នាក់​បាន​បើករថយន្ត​បូមទឹក​ចេញពី​ស្ទឹង​យក​ទៅ​ស្រោច ខណ​:​រាំងភ្លៀង​អស់​រយ​:​ពេល​យូរ បណ្តាល​ឱ្យ​ទឹកស្រះ និង​ទឹកអូរ​ស្ទើរ​គ្រប់កន្លែង រីង​ខះ​អស់ ។ ចំណែក​អ្នកខ្លះ អត់​មាន​រថយន្ត​ដឹក​ទឹក​ស្រោច​ដូច​គេ ក៏​ទុក​ចោល បណ្តាល​ឱ្យ​ស្វិត​ស្លឹក​ងាប់​អស់​រាប់​ពាន់​ដើម​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​យុវជន​ម្នាក់ ឈ្មោះ ភឿន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ចម្ការ​របស់​​គាត់​​មាន​ដើម​តា​ង៉ែ​ន​ធំ​ៗ​ជាង​២០០​ដើម ស្ថិត​នៅ​ក្នុងភូមិ​ចម្ការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​ដាំ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ប្រមូល​ផល​លក់​ផ្លែ​ឱ្យ​ឈ្មួញ​ជា​រៀង​រាល់​ឆ្នាំ​ដែរ ។

តាន​ប្រភព​ដដែល​បន្ត​​ថា ប៉ុន្តែ​នៅ​រដូវប្រាំង​ឆ្នាំ​២០២០​នេះ មេឃ​បាន​រាំងភ្លៀង​ចាប់តាំងពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៩ មក​ម្លេះ ធ្វើ​ឱ្យ​ដំណាំ​ជា​ច្រើន​ទទួល​រង​គ្រោះ​រាំង​ស្ងួត ។ ដូច្នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ទឹក​ក្នុង​ស្រះ​របស់​​គាត់​បាន​ចាប់ផ្តើម​រីង​ខះ​អស់​ដែរ ជា​ហេតុ​ដែល​នាំ​ឱ្យ​គ្មាន​ទឹក​បូម​ស្រោច​ដំណាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​របស់​ខ្លួន​បន្ត​ទៀត ។ ប៉ុន្តែ​ក្រោយមក​​គាត់​បាន​សម្រេចចិត្ត​យក​រថយន្ត​បូមទឹក​ដឹក​លក់​រាល់ថ្ងៃ ដើម្បី​បូម​ស្រោច​២​ទៅ​៣​ថ្ងៃ​ម្តង ដើម្បី​ឱ្យ​ដើម​តា​ង៉ែ​ន​បន្ត​រស់នៅ​បញ្ចេញ​ពណ៌​ខៀវស្រងាត់ ព្រោះ​ដំណាំ​តា​ង៉ែ​ន​របស់​អ្នក​ជិតខាង អត់​មានទឹក​ស្រោច​នោះ​ទេ ក៏​បណ្តាល​ឱ្យ​ងាប់​ជិត​អស់រលីង​ទៅ​ហើយ បើ​គិត​ទៅ​គឺ​ងាប់​រាប់​ពាន់​ដើម​តែ​ម្តង ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មួយ​ចំនួន ដែល​បាន​ដាំ​តា​ង៉ែ​ន ក៏​បានឱ្យ​ដឹង​ដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ ពិតជា​ខ្សត់​ទឹក​ខ្លាំង​ណាស់ ខណ​:​ស្រះ​ដែល​ខ្លួន​បាន​ជីក​កកាយ​យក​ទឹក​ទុក​សម្រាប់​បូម​ស្រោច​ដំណាំ រីងស្ងួត​អស់រលីង ។ ចំណែកឯ​អូរ​ដែល​ធ្លាប់​មានទឹក នៅ​ក្បែរ​ចម្ការ ក៏​រីង​ខះ​អស់​ដែរ ។ ដូច្នេះ ស្រប​ពេល ដែល​រាំង​យូរ ហើយ​អត់​មាន​រថយន្ត​បូមទឹក​ស្រោច​ទៀត ទើប​បណ្តាល​ឱ្យ​ងាប់​អស់​រាប់​សិប​ដើម ហើយ​មិនដឹង​ជា​ពេល​ណា​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ។ បើ​បន្ត​អត់​ភ្លៀ​ង​ជា​យូរ​ថ្ងៃខែ​ទៀត មើលទៅ​ដំណាំ​តា​ង៉ែ​ន​របស់​ពួក​គាត់ នឹង​ងាប់​អស់​ជាក់​ជា​មិន​ខាន ។

ចំណែក​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា ពួក​គេ​លែង​ស្រោច​ទៀត​ហើយ ទុក​ឱ្យ​ងាប់​តាម​ដំណើរ​ចុះ ដោយ​ចង់​ប្តូរ​ដាំ​ដំណាំ​អ្វី​ផ្សេង​ពី​នេះ ព្រោះ​តម្លៃ​ទីផ្សារ​តា​ង៉ែ​ន ក៏​មានការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ បើសិនជា​បន្ត​ធ្វើ​មុខរបរ​ដំណាំ​មួយ​នេះ​ទៀត អាច​នឹង​ខាតដើម​ខាតចុង​ជាក់​ជា​មិន​ខាន​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ