ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកជួប​ជាមួយអតីតតារាសម្តែង​​នា​ទស្ស​វត្ស​​​​៩០​​ គឺ​អ្នក​នាងអុឹម សុវណ្ណផល្លា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដែល​នាទស្សវត្សន៍ឆ្នាំ៩០ អ្នកនាងអុឹម សុវណ្ណផល្លា បានអះអាងថា រហូតមកទល់បច្ចុប្បន្ននេះ អ្នកនាងមិនមានគោលបំណងណាមួយ​នឹងវិលរក​អាជីពសម្តែង​ជាថ្មីឡើង​វិញ​ឡើយ បើទោះបីជាបច្ចុប្បន្នវិស័យសិល្បៈភាពយន្តខ្មែរកំពុងតែរីកដុះដាលយ៉ាងណាក្តី ។…

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដែល​នាទស្សវត្សន៍ឆ្នាំ៩០ អ្នកនាងអុឹម សុវណ្ណផល្លា បានអះអាងថា រហូតមកទល់បច្ចុប្បន្ននេះ អ្នកនាងមិនមានគោលបំណងណាមួយ​នឹងវិលរក​អាជីពសម្តែង​ជាថ្មីឡើង​វិញ​ឡើយ បើទោះបីជាបច្ចុប្បន្នវិស័យសិល្បៈភាពយន្តខ្មែរកំពុងតែរីកដុះដាលយ៉ាងណាក្តី ។

ការ​ដែល​មិនវិល​មក​វិញនេះ គឺដោយសារអ្នកនាងគិតថា ខ្លួនមានវ័យកាន់តែចាស់ និងបានឃ្លាតឆ្ងាយ​ពីសិល្បៈ​ប្រមាណ​ជាង​២០ឆ្នាំមកហើយ ខណៈពេលដែលបច្ចុប្បន្នមានតារាថ្មីៗជាច្រើន ដែលកំពុងរីកលូតលាស់ ហេតុនេះអ្នក​នាង​មិនមានបំណងចូលប្រឡូកក្នុងអាជីពមួយនេះទៀតឡើយ។

អ្នកនាង អុឹម សុវណ្ណផល្លា បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចកាលពីថ្ងៃទី១៩ ​មីនា ឆ្នាំ​២០២០នេះថា បើទោះបីជាបច្ចុប្បន្នអ្នកនាងសង្កេតឃើញសិល្បៈ​ភាពយន្តខ្មែរ​កំពុងតែ​មានភាពរីក​ចម្រើន​ទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគចាក់បញ្ចាំងតាមទូរទស្សន៍ក៏ដោយ ប៉ុន្តែអ្នកនាងនៅតែប្រកាន់ ជំហរ​នឹងមិនវិលមកអាជីពសិល្បៈជាថ្មីឡើងវិញឡើយ ។ អ្នកនាងបញ្ជាក់ថា អាជីពសិល្បៈ​នេះ អ្នកនាងបានបោះ បង់ចោលអស់ប្រមាណជាង២០ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានសម្រេចរៀបការមានស្វាមី ខណៈ​ពេល​ដែលអ្នកស្រីក៏មិនចង់បង្ហាញមុខជាថ្មីលើវិថីចាស់ ដោយទុកឱកាសឲ្យតារាថ្មីគេបានសម្តែង ។

ដោយមិនបញ្ជាក់ពីមូលហេតច្បាស់លាស់ក្នុងការវិលមកកាន់សម្តែងជាថ្មីឡើងវិញយ៉ាងណាក៏ដោយ អ្នក​នាង អុឹម សុវណ្ណផល្លា បានអះអាងដោយខ្លីថា ខ្លួនមានវ័យកាន់តែចាស់ហើយ មិនចង់សម្តែងបន្តទៀត​ឡើយ ក្នុងពេលដែលអ្នកនាងបានចោលអាជីពនេះអស់ជាច្រើនឆ្នាំផងនោះ។ យ៉ាងណាក៏ដោយ បើទោះ​បីជា​អ្នកនាងបានផ្តាច់អាជីពសិល្បៈចោលទាំងស្រុងក៏ដោយ ប៉ុន្តែអ្នកនាងក៏មិនបោះបង់ចោលការជួបជុំ និងការជួបប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាមិត្តភក្តិជាមួយតារាជើងចាស់នានា ដែលធ្លាប់សម្តែងរួម​គ្នា​កាលពីអតីតកាលនោះដែរ។

អុ្នកនាង អុឹម សុវណ្ណផល្លា បានរស់នៅជាស្ត្រីមេម៉ាយ បន្ទាប់ពីស្វាមីដែលមានឋានៈខ្ពស់មួយរូបបានទទួល​មរណៈភាពចោលអ្នកស្រីកាលពីអំឡុងឆ្នាំ២០១៨ ក្នុងពេលដែលកូនស្រីតែមួយគត់របស់អ្នកនាង ក៏បាន​ទទួលមរណៈភាពចោលអ្នកនាងផងដែរ។ មរណៈភាពកូនស្រីជាទីស្រឡាញ់របស់អ្នកនាងបានទទួល​មរ​ណៈភាពនេះ នាំឲ្យអ្នកនាង អុឹម សុវណ្ណផល្លា មិនមានកូនណាអាចបន្តវេនសិល្បៈពីអ្នកនាងឡើយ ខុស​ពី​តារារួមជំនាន់គឺអ្នកនាង កែវ កល្យាណ ដែលបាននឹងកំពុងបណ្តុះ​កូនស្រីឲ្យដើរ​តាមគន្លងសិល្បៈ​ដូចជាអ្នក​នាង​ផងដែរ ។

អ្នកនាង អុឹម សុវណ្ណផល្លា គឺជាអតីតារាសម្តែង​ដ៏ល្បីឈ្មោះមួយរូប នាអំឡុងឆ្នាំ១៩៩០ ជាមួយនឹងតារារួម​ជំនាន់ មានដូចជាអ្នកនាងអម្ពរទេវី, កែវ កល្យាណ, ចាន់ តារាទី, សុខ ស្រីមុំ, អ៊ុំុ សុវណ្ណនី រួមនឹងតារាមួយ​ចំនួនទៀត ក្នុងសម័យកាលដែលភាពយន្តខ្មែរកំពុងក្លាយជាទីចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ។ យ៉ាង​ណា បើទោះបីជាតារារួមជំនាន់ជាមួយអ្នកនាងមួយចំនួននៅតែបន្តអាជីពសិល្បៈ រហូតមកទល់បច្ចុប្បន្នក៏​ដោយ ប៉ុន្តែរហូតមកទល់ពេលនេះអ្នកនាង អុឹម សុវណ្ណផល្លា មិនបានងាកក្រោយ​ឬមិនចាប់អារម្មណ៍​ក្នុង​ការ​មកចាប់អាជីពសម្តែងជាថ្មីឡើងវិញនោះដែរ បើទោះបីជាអ្នកនាងអាចនៅតែរក្សា​ការសម្តែង​ជា​តួអង្គម្តាយក៏ដោយ ។

អត្ថបទសរសេរ ដោយ