ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​ប្រជុំ​ដោះស្រាយ​ ក្រោយ​បិទ​​ព្រំដែន​កកស្ទះទំនិញច្រើនមុខ​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ការ​បិទ​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​នៃ​ភាគី​វៀតណាម​រយៈពេល​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៩​ មី​នា​ ឆ្នាំ​២០២០​ ធ្វើ​ឲ្យ​កកស្ទះ​មុខទំនិញ​ជា​ច្រើន ហើយ​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​គណៈប្រតិភូ​បើក​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ ដើម្បី​ដោះស្រាយ​បញ្ហា​ដោះ​ដូរ​ទំនិញ​​កាលពី​​រសៀល​ថ្ងៃ​ទី​១៩ ​ខែមីនា ឆ្នាំ​២០២០​…

ខេត្តស្វាយរៀង​ ៖ ​ការ​បិទ​ច្រក​ទ្វា​រ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​នៃ​ភាគី​វៀតណាម​រយៈពេល​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៩​ មី​នា​ ឆ្នាំ​២០២០​ ធ្វើ​ឲ្យ​កកស្ទះ​មុខទំនិញ​ជា​ច្រើន ហើយ​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​គណៈប្រតិភូ​បើក​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ ដើម្បី​ដោះស្រាយ​បញ្ហា​ដោះ​ដូរ​ទំនិញ​​កាលពី​​រសៀល​ថ្ងៃ​ទី​១៩ ​ខែមីនា ឆ្នាំ​២០២០​ ​។

ក្នុងកិច្ចប្រជុំ​ខាងលើ ​ខាង​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​បណ្ឌិត​គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​និង​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង អម​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​រួម​ជាមួយ​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​​ចំ​ណែក​​ប្រតិភូ​តំណាង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត​តៃ​និ​ញ អម​ដោយ​លោក​អនុប្រធាន​នាយកដ្ឋាន​គយ​ខេត្ត​តៃ​និ​ញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​ ប្រទេស​វៀតណាម​។​

អង្គប្រជុំ​បាន​ឯកភាព​សម្រេច​អនុវត្ត​ដំណោះស្រាយ​ចំពោះ​មុខ​ចំនួន​៤​ចំណុច​ដូច​តទៅ​ ៖ ១-​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ដល់​តំបន់​(​ស​)​ ហើយ​ធ្វើការ​ផ្លាស់​ប្តូរ​អ្នកបើកបរ​, ២-​អនុញ្ញាតឱ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ដល់​តំបន់​ស ហើយ​ប្តូរ​ក្បាល​ឡាន​សណ្តោង​, ៣-​អនុញ្ញាតឱ្យ​រថយន្ត​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្ទេរ​ទំនិញ ឬ​លើក​ផ្ទេរ​កុង​តឺ​ន័​រ​ពី​រថយន្ត​ភាគី​ម្ខាង​ទៅ​ដាក់​លើ​រថយន្ត​ភាគី​ម្ខាង​ទៀត​។

និង​៤-​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ពី​ភាគី​វៀតណាម​ចូល​ដល់​ផែស្ងួត​ណាមួយ​នៅ​ក្បែរ​ព្រំដែន​រួច​ផ្ទេរ​ទំនិញ​ចេញ​និង​អាច​ផ្ទុកទំនិញ​ដែល​ត្រូវ​នាំ​ចេញពី​កម្ពុជា​ទៅ​វិញ​ ដោយ​តម្រូវ​ឱ្យ​អ្នកបើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​សុវត្ថិភាព​ការពារ​មេរោគ​ ដែល​អនុញ្ញាត​​ដោយ​ច​ត្តា​ឡី​ស័ក​ និង​សូម​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​កម្ពុជា​ជួយ​សហការ​ធានា​ថា អ្នកបើកបរ​មិន​បាន​ទៅ​ណា​ខុស​ពី​តម្រាយ​ផ្លូវ​និង​ទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង​។

​យោង​តាម​ស្មារតី​នៃ​អង្គប្រជុំ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ផ្សព្វផ្សាយ​នូវ​ដំណោះស្រាយ​ទាំងនេះ​ទៅ​ដល់​ធុរជន​ដែល​មានការ​ពាក់ព័ន្ធ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ហើយ​ធុរជន​អាច​ជ្រើស​យក​ជម្រើស​មួយ​ណា​ក៏​បាន​ដែល​ល្អ​សម្រាប់​ពួក​គាត់​ដោយ​អនុវត្ត​តាម​វិធាន​ការពារ​ដែល​ណែនាំ​ដោយ​ច​ត្តា​ឡី​ស័ក​ ​ដើម្បី​ដោះស្រាយ​ការ​កកស្ទះ​នៅ​ព្រំដែន​ ភាគី​ទាំង​ពីរ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អនុវត្ត​ភ្លាម​ ហើយ​សម្រាប់​ថ្ងៃ​ទី​១៩ ​ខែមីនា ​ឆ្នាំ​២០២០​គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​សងខាង​ឯកភាព​សម្រួល​អនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ​រហូត​ដល់​ម៉ោង​១០​យប់​។

ដំណោះស្រាយ​ទាំង​៤​ជម្រើស​នេះ​នឹង​ត្រូវ​បាន​យក​មក​អនុវត្ត​ចំពោះ​គ្រប់​មាត់ច្រក​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​តៃ​និ​ញ​របស់​ប្រទេស​វៀតណាម​និង​បាន​ឯកភាព​គ្នា​បន្ត​កិច្ចសហការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះ​មុខ​ដែល​អាច​កើត​មាន​ជាយថាហេតុ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ