មេរោគកូ​វី​ដ-១៩ អ​ង្រួន​រមណីយដ្ឋាន​ប្រា​សាទ​បាណ​ន់​ អ្នក​លក់ដូរ​អង្គុយ​ស្ងាប


ខេត្តបាត់ដំបង​ ៖ ធ្លាប់តែ​មាន​ភ្ញៀវ​ទេសចរ ​ស្ទើរ​គ្រប់​ជាតិ​សាស​ន៍​យ៉ាង​អ៊ូរអ​ ធ្លាប់តែ​បង្ហាញ​នូវ​ភាព​ញញឹម​ជាមួយនឹង​មុខរបរ​យ៉ាង​មមារញឹក​រាល់ថ្ងៃ ស្រាប់តែ​ពេល​នេះ​ រមណីយដ្ឋាន​ «​ប្រាសាទ​បាណ​ន់​» ដ៏​ល្បី​ល្បាញ​នេះ ហាក់​កំពុង​ក្លាយ​ជាទី​ស្ថាន​យ៉ាង​ស្ងាត់ជ្រងំ​ដោយសារ​គ្មាន​ភ្ញៀវ ធ្វើឱ្យ​អ្នកលក់​ចំណីអាហារ​នានា ម្នាក់​ៗ​បង្ហាញ​ពី​ភាព​ស្រងូត​ស្រងាត់​ ព្រោះតែ​បាត់​អ្នកទិញ​ ។ ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​បែប​នេះ នៅ​តាម​បណ្ដា​តូប​លក់ទំនិញ ឬលក់​ចំណីអាហារ​នានា គេ​ឮ​តែ​​សំឡេង​​អ្នកលក់​រអ៊ូរទាំ និងត្អូញត្អែរ​តែ​អំពី​ការ​ខាត​បង់ លក់​មិន​ដាច់ គ្មាន​ប្រាក់​បង់ថ្លៃ​តូប ជាមួយនឹង​ការ​ស្ដីបន្ទោស​ចំ​ៗលាយឡំ​នឹង​អារ​ម្ម​ណ៍​ខឹងសម្បារ​ផង​ថា គឺ​ដោយសារ​តែ​ការ​ផ្ទុះ​នូវ​មេរោគ« កូ​វី​ដ-១៩» រួម​ផ្សំ​នឹង​អាកាសធាតុ​ក្ដៅហែង​ផង ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​​ខ្លបខ្លាច​មិន​ហ៊ាន​ធ្វើ​ដំណើរកម្សាន្ត ។

យើង​បាន​សម្គាល់​ឃើញ​ទីតាំង​២​កន្លែង នៅ​រមណីយដ្ឋាន​ «​ប្រាសាទ​បាណ​ន់​» ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​ស្ងប់​ស្ងាត់​​បំផុត គឺ​ទីតាំង​ជិះ​«​ឡូ​រី​» និងទីតាំង​បរិវេណ​ខាង​មុខ​«​ប្រាសាទ​បាណ​ន់​» ដែល​តំបន់​កំសាន្ត​ទាំង​២​នេះ ធ្លាប់តែ​ជាទី​ប្រជុំជន ប្រមូលផ្ដុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ​យ៉ាង​អ៊ូរអ​​ស្ទើរ​រាល់ថ្ងៃ តែ​ពេល​នេះ​បែរជា​ស្ងាត់ជ្រងំ ​។ អ្នកលក់​ចំណីអាហារ​ម្នាក់នៅ​កន្លែង​ជិះ«​ឡូ​រី​»បាន​ប្រាប់​កោះសន្តិភាព កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ថា ចាប់តាំងពី​ផ្ទុះ​នូវ​ជំងឺ​«​កូ​វី​ដ-១៩»មក ស្រាប់តែ​ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​ថយ​ចុះ​យ៉ាង​គំហុក​តែ​ម្ដង​ ។ តូប​លក់ដូរ​ជា​ច្រើន​នៅ​កន្លែង​ជិះ​ឡូ​រី មានការ​ស្ងប់ស្ងាត់ មាន​តុ មាន​អង្រឹង​សម្រាប់​ភ្ញៀវ​អង្គុយ​លេង តែ​គ្មាន​អ្នកលក់​។

គេ​ឃើញ​តែ​អ្នកស្រី ចក់ ផល្លា ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រៀបចំ​លក់​ចំណីអាហារ​នៅ​កន្លែង​ជិះ​«​ឡូ​រី ជើងភ្នំ​បាណ​ន់​»​នេះ​។ ជួប​ជាមួយ​កោះសន្តិភាព អ្នកស្រី បាន​រៀបរាប់​ដូច្នេះ​ថា «​មួយ​រយៈ​នេះ ខ្ញុំ​លក់​មិន​ដាច់​ទេ ព្រោះ​គ្មាន​ភ្ញៀវ​។ បើ​តាម​ខ្ញុំ​កត់សម្គាល់ គឺ​ភ្ញៀវ​ហាក់​មានការ​ថយ​ចុះ ចាប់តាំងពី​មាន​ផ្ទុះ​ជំងឺកូ​រ៉ូ​ណាវី​រុស​។ កាលពីមុន​ខ្ញុំ​លក់​មួយ​ថ្ងៃ​ បាន​ពី​១០​ទៅ​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​លក់​មិន​ដាច់​បាត់​ចំណូល​ជាង​ពាក់កណ្ដាល​»​។ គាត់​និយាយ​ថា ភ្ញៀវ​ខ្លះមក​លេង​ដែរ តែ​ពេល​ជិះ​ឡូ​រី​កំសាន្ត​រួច​ត្រឡប់​ទៅ​វិញ​ភ្លាម មិន​បាន​អង្គុយ​ទ​ទូល​ទាន​ទឹក​ឬ​ចំណីអាហារ​ទេ តែបើ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ​គ្រាន់បើ​បន្តិច​។ ទំនង​ទើប​ទ​ទួលបាន​ភ្ញៀវ​ម្នាក់​គត់ នា​ព្រឹក​នោះ អ្នកស្រី ចក់ ផល្លា បាន​បញ្ជាក់​ថា កន្លង​មក ​មាន​ភ្ញៀវ​បរទេស​ច្រើន​បាន​មក​ជិះ​ឡូ​រី​កំសាន្ត តែបើ​ភ្ញៀវ​អឺ​រុ​ប​ពួក​គេ​ទិញ​គ្រឿង​កំប៉ុង​ផឹក​ខ្លះ តែបើ​ភ្ញៀវ​ជនជាតិ​ចិន​មិន​ទិញ​សោះតែ​ម្ដង​។ ពេល​នេះ​មាន​តែ​គាត់​ទេ ដែល​តស៊ូ​មក​លក់ រីឯ​អ្នកលក់​ដទៃ​ទៀត បាន​ផ្អាក​បណ្ដោះអាសន្ន​ហើយដោយ​សារ​គ្មាន​អ្នកទិញ ម្យ៉ាង​បែប​ខ្លាច​មេរោគ​«​កូ​វី​ដ-១៩»​ផង​។

ដោយឡែក​ អ្នកលក់​នៅ​ក្បែរ​ជណ្ដើរ​ឡើង​ប្រាសាទ​បាណ​ន់​ម្នាក់​ទៀត ក៏​មិន​ខុស​ពី​អ្នកលក់​នៅ​កន្លែង​ជិះ​ឡូ​រី​នេះ​ដែរ​ ។ គាត់​បាន​ត្អូញត្អែរ​អំពី​ការ​ខាតបង់ លក់​ចំណីអាហារ​មិន​ដាច់ ដោយសារ​ស្ងាត់​ភ្ញៀវ​ទេសចរ​នេះ​។ ស្ថិត​ក្នុង​ស្ថានភាព​ស្ងាត់ជ្រងំ សូ​ម្បី​តែ​ភ្ញៀវ​ម្នាក់​ក៏​គ្មាន​ដែរ បុរស​សម្បុរ​ខ្មៅ​រូប​នេះ បាន​ប្រាប់​កោះសន្តិភាព​កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ដែរ​ថា «​រយៈ​៤​ថ្ងៃ​ហើយ ដែល​តូប​ខ្ញុំ គ្មាន​ភ្ញៀវ​ម្នាក់​សោះ ចូល​តូប​របស់ខ្ញុំ​។ ខ្ញុំ​យល់​ថា ប្រហែល​មក​ពី​ផ្ទុះ​រឿង​រោគ កូ​រ៉ូ​ណា វិ​រុស នេះ​ហើយ​ទើប​ស្ងាត់​ភ្ញៀវ​» ។ គ្មាន​អាវ មាន​តែ​ក្រ​ម៉ា​រុំ​ជាប់​ចង្កេះ អង្គុយ​លើ​អង្រឹង គាត់​គ្រវីក្បាល​សើច​បន្តិច ហើយ​និយាយ​ថា «​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​លក់​មិន​ដាច់​សោះ​។ ថ្ងៃ​ខ្លះ​ខ្ញុំ​លក់​បាន​ប្រាក់​មិន​បាន​១​ម៉ឺន​រៀល​ផង​។ កាលពី​មិន​ទាន់​ស្ងាត់​ភ្ញៀវ ជា​មធ្យម​ខ្ញុំ​លក់​មួយ​ថ្ងៃ អាច​បាន​ចំណូល​ចន្លោះ​ពី​១០​ ទៅ​១៥​ម៉ឺន​រៀល​ដែរ តែ​ពេល​នេះ​ថ្ងៃ​ខ្លះ សូ​ម្បី​ទឹក​១​ដប​ក៏​លក់​មិន​ដាច់​ដែរ​»​។

គាត់​បាន​បញ្ជាក់​ថា ពេល​នេះ​ មិនមែន​មាន​តែ​គាត់​ទេ ដែល​កំពុង​ប្រឈម​និង​ការ​ដាច់​បាយ អ្នកលក់​ដទៃ​ទៀត នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាណ​ន់​នេះ ក៏​កំពុង​ត្អូញត្អែរ​ពី​រឿង​ដាច់​បាយ​ដូច​គ្នា​ដែរ​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេច​សចរ​តិច​តួច​បំផុត ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​កំសាន្ត នៅ​រម​នី​យ​ដ្ឋា​ន ប្រា​សាបាណ​ន់ នា​ពេល​នេះ​ ។ យូរ​ៗ​ម្ដង​គេ​ប្រទះ​ពួក​ភ្ញៀវ​ច្រមុះ​ស្រូ​ត​ពី​២​ ទៅ​៣​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ​យ៉ាង​ស្ងាត់​ស្ងៀម​។ ពួក​គេ​ហាក់​មិនរ​វីរ​វល់​នឹង​ទំនិញ ​ឬ​ចំណីអាហារ​ដែល​លក់ដូរ​នៅ​ទីនោះ​ទេ គ្រាន់តែ​ទៅ​ទស្សនា​ប្រាសាទ ហើយ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ភ្លាម​ ។ រីឯ​អ្នកលក់​ដូរ​វិញ​ម្នាក់​ៗ​អង្គុយ​ធ្វើ​មុខស្អុយ ស្ថិត​ក្នុង​សភាព​យ៉ាង​ស្ងាត់ស្ងៀម ព្រោះ​គ្មាន​អតិថិជន​ចូល​ទិញ ឬ ចូល​អង្គុយ​លេង​ក្នុង​តូប​។ ពួក​គេ​បាន​លើក​ឡើង​ស្រ​ឌៀង​ៗ​គ្នា​អំពី​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​​​នេះ​ ។ ពួក​គេ​បាន​ធ្វើការ​សន្និដ្ឋាន​២​ចំណុច​សំខាន់​ៗ គឺ​ទី​១ ភ្ញៀវ​ខ្លាច «​កូ​វី​ដ-១៩» និងទី​២ ដោយសារ​អាកាសធាតុ​«​ក្ដៅ​ខ្លាំង​»នេះ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ភ្ញៀវ​ខ្លាចរអារ​មិន​ហ៊ាន​ដើរ​កំសាន្ត​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ងាត់បាត់​ភ្ញៀវ​ទេសចរ​​ពី​រមណីយដ្ឋាន​ប្រាសាទ​បាណ​ន់ និងការ​ត្អូញត្អែរ​របស់​អ្នក​លក់ដូរ​នៅ​តំបន់​ទេសចរ​ណនេះ អភិបាលស្រុក​បាណ​ន់ លោក​ប៉ែន សារី​យូ ក៏​បាន​ទ​ទួលស្គាល់ និងយល់​ឃើញ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខាងលើ​នេះ​ដែរ ​។ លោក ប៉ែន សារី​យូ បាន​មាន​ប្រសា​ស​ន៍​ថា ការ​យល់​ឃើញ និងការ​លើក​ឡើង​ពី​សំណាក់​ពលរដ្ឋ ដែល​លក់ដូរ​នៅ​រមណី​យដ្ឋា​ន ប្រាសាទ​បាណ​ន់នេះ​ មិន​ខុស​
ទេ​។ លោក​ថា ភ្ញៀវ​ទេសចរ​ពិតជា​ថយ​ចុះ​ខ្លាំង​មែន​ទេ​ន ហើយ​ការ​ថយ​ចុះ​ភ្ញៀវ​នេះ មិនមែន​មាន​តែ​នៅ​រម​ណីយ​ដ្ឋាន​ប្រាសាទ​បាណ​ន់មួយ​ទេ គឺ​កើត​មាន​ស្ទើរ​គ្រប់​តំបន់​ទេសចរ​ណ៍​ទាំងអស់​នៅ​ក្នុង​ខេត្ត ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នូវ«​កូ​វី​ដ-១៩»​។

លោក​អភិបាលស្រុក​រូប​នេះបាន​ថ្លែង​ថា ពេល​នេះ ​យើង​កំពុង​ស្ថិត​ក្នុង​វិធានការ​ក្ដៅ​គគុក ដែល​រាជរដ្ឋាភិ បាល បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ជា​រឿង​សំខាន់​បំផុត ​។ ដូច្នេះ ​ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​ស្រុក​បាណ​ន់ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​មុខរបរ​លក់ដូរ​នៅ​តាម​រមណីយដ្ឋាន​នានា សូម​មេត្តា​មានការ​អត់ធ្មត់​ឲ្យ​បាន​ខ្លាំង​បំផុតចំពោះ​បញ្ហា​នេះ​។ ព្រោះ​មិនមែន​មាន​តែ​នៅ​ក្នុងស្រុក​បាណ​ន់ ឬនៅ​ក្នុង​ខេត្តបាត់ដំបងមួយ​ទេ ដែល​កំពុង​ជួប​វ​ិប​ត្តិ​នេះ គឺ​យើង​កំពុង​ប្រឈម​នៅ​ទូ​ទាំង​ប្រទេស​។ ពេល​នេះ ​ក្រសួង​ពាក់ព័ន្ធ និងប្រមុខ​រាជរ​ដ្ខា​ភិ​បាល បាន​និង​កំពុង​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង ក្នុង​ការ​ចាត់វិធានការ​ការពារ វិធានការ​ទប់ស្កាត់ និងរក​វិធី​សា​ស្ក្រ​ដំណោះស្រាយ ។ ប៉ុន្តែ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​នឹង​វិល​មក​រក​ភាពប្រ​​ក្រ​តិ​ឡើង​វិញ នៅ​ពេល​«​កូ​វី​ដ​-១៩»​រលាយ​សាបសូន្យ ​ ។

ទេសចរណ៍

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ