ពិត​ឬ​អត់ ពិសារ​ទឹក​ច្រើន​ធ្វើ​ឱ្យ​មេរោគ​កូ​វី​ដ​-១៩​ត្រូវ​សម្លាប់​ដោយ​អាស៊ីត​ក្នុង​ក្រពះ?


រាជធានី​ភ្នំពេញ​ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ មានការ​ចែកចាយ​នូវ​ព័ត៌មាន​ក៏​ដូច​ជា​ការ​ប្រាប់​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ ការ​ពិសារ​ទឹក​ឲ្យ​បាន​កាន់តែ​ច្រើន និង​ធ្វើ​យ៉ាងណា​ឲ្យ​បំពង់​.​កសើម​ជា​និច្ច គឺ​ជួយ​ការ​ពារ​មិន​ឲ្យ​កើត​វីរុស Covid-19 ។ ដោយ​មានការ​អះអាង​ថា ​មុន​ពេលវីរុស Covid-19 ចូល​ទៅ​ដល់​សួត​គឺ​វា​នៅ​ត្រឹម​បំពង់​.​ក របស់​មនុស្ស​ចំនួន៤ថ្ងៃ​សិន ​។ ដូច្នេះ​ហើយ ​មានការ​ណែនាំ​ឲ្យ​យើង​ញុំ​ា​ទឹក​ឲ្យ​ច្រើន​ឲ្យ​មេរោគ​ធ្លាក់​ទៅ​ក្នុង​ក្រពះ ហើយ​មេរោគ​នោះ ​វា​នឹង​ត្រូវ​សម្លាប់​ដោយ​អាស៊ីត​ក្នុង​ក្រពះ​។

ឆ្លើយ​តប​នឹង​បញ្ហា​ខាងលើ​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិ​បាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែមីនា​ យ៉ាង​ដូច្នេះ​ថា «​ព័ត៌មាន​នេះ មិន​ពិត​ទេចាស ពីព្រោះ​ខ្ញុំ ស្រាវជ្រាវ​ច្រើន​ដែរ ហើយ​ក៏​មានការ​បញ្ជាក់​ពិ​ភា​ក្សា ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ជា​ច្រើន​លើក​ច្រើន​សារ​ដែរ​អំពី​រឿង​ហ្នឹង អំពី​ករណី​នេះ ប៉ុន្តែ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ស្តី​អំពី​ការ​លើក​ឡើង​នេះ​ទេ»​។

យ៉ាងណាមិញ លោក​ជំទាវ​បាន​ពន្យល់​ថា​ ការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ គឺ​ល្អ​សម្រាប់​រូបរាង​កាយ ព្រោះ​កាលដែល​យើង​ពិសារ​ទឹក​ច្រើន​ជា​រឿង​ចាំបាច់ «​មិនមែន​ពិសារ​ដើម្បី​ព្យាបាល​កូ​វី​ដ-១៩ហ្នឹង​ទេ​» ។ ការណ៍​ដែល​យើង​ត្រូវ​ពិសារ​ទឹក​ច្រើន​ដោយសារ ទឹក​វា​ចាំបាច់​ក្នុង​ការ​រស់រាន​មានជីវិត​របស់​មនុស្ស​គ្រប់​រូប គឺ​ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច២លី​ត្រដែរ ដែល​នេះ​ជា​ស្តង់ដារ​ដែល​យើង​ត្រូវ​បរិភោគ​ទឹក ។ ហើយ​ម្យ៉ាងទៀត​ការ​ញុំ​ា​ចំណីអាហារ​ឲ្យ​គ្រប់គ្រាន់ មាន​វីតាមីន​ត្រឹមត្រូវ​ក៏​ជា​គោលការណ៍​មួយ​នៃ​ការ​រ​ស់រាន្ត​មានជីវិត របស់​យើង ដើម្បី​ឲ្យ​សុខភាព​របស់​យើង​ល្អ​មាំមួន ។

លោក​ជំទាវ​អ្នកនាំពាក្យ​រូប​នេះ ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​គ្រាន់តែ​ថា​ នៅ​ក្នុង​ដំណាក់​កាលដែល​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​នេះ យើង​ខិតខំ​ធ្វើ​ម៉េច​ថែរក្សា​សុខភាព​យើង​ឲ្យ​មាំទាំ កាលណា​សុខភាព​យើង​មាំ​ទាំ​ វា​មាន​ន័យ​ថា ​យើង​មាន​កម្លាំង សរីរាង្គ​របស់​យើង​អាច​ទប់​ជាមួយនឹង​ការ​វាយលុក​នៃ​វីរុស​បា ។ មិនមែន​មាន​ន័យ​ថា ​យើង​ញុំ​ា​អ​ញ្ចឹ​ង​ហើយ យើង​អត់​ការពារ​ខ្លួន​យើង ហើយ​យើង​បណ្តោយ​ខ្លួន​យើង​ឲ្យ​វីរុស​ហ្នឹង​ចូល​មក​ក្នុង​ខ្លួន​យើង អាហ្នឹង​ក៏​មិន​ត្រឹមត្រូវ​ដែរ ។ ចង់​មិន​ចង់ តែ​មេរោគ​ចូល​ក្នុង​ខ្លួន​យើង យើង​នឹង​ឈឺ​ហើយ ។ កន្លែង​នេះ​សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​» ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​សំណូមពរ​សូម​ឲ្យ​បងប្អូន​យើង​មានការ​អនុវត្ត ជា​ពិសេស ​គឺអនាម័យ​​ខ្លួន អនា​ម័យ​ដៃ ជា​ចាំបាច់ ហើយ​បរិភោគ​ចំណីអាហារ​ឆ្អិន ចំណីអាហារ​ដែល​មាន​ជីវជាតិ ដើម្បី​ការពារ​សរី​រាង្គ កាយ​យើង​ឲ្យ​បាន​មាំទាំ ហើយ​ពិសារ​ទឹក​ឲ្យ​បាន​ញឹកញាប់​ទៅ ព្រោះ​ឥឡូវ​អាកាសធាតុ​ក្តៅ​ទៀត មិនមែន​តែ​រឿង​កូ​វី​ដ-១៩ទេ ​។ កាលណា អាកាសធាតុ​ក្តៅ យើង​ក៏​មានការ​បាត់បង់​ជាតិ​ទឹក​ដែរ អ​ញ្ចឹ​ង​ចាំបាច់​ណាស់​ត្រូវ​តែ មានការ​ពិសារ​ទឹក ហើយ​ទឹក​ស្អាត ទឹក​ឆ្អិន អ្នកមាន​ទម្លាប់​ពិសារ​ទឹកតែ ឬ​ទឹក​ក្តៅអ៊ុ​ន​ៗ​នេះ​គឺជា​ការ​ល្អ​ប្រសើរ​ណាស់ ពីព្រោះ​កាលណា​យើង​ពិសារ​ទឹកកក យើង​អត់​ដឹង​ថា ​តើ​ទឹកកក​ហ្នឹង​មាន ដាក់​អី​ធ្វើ​អី ។ បើសិន​ទឹកកក​ធ្វើ​ឡើង​ដោយ​ស្អាតបាត​មិន​អី​ទេ តែបើ​ទឹកកក​ហ្នឹង​ប្រើ​ពី​មុន យើង​សង្កេត​ដាក់​អាម៉ូ​ញ៉ាក់​អី អីចឹង​ក៏​ប៉ះ​សុខភាព​យើង ។

លោក​ជំទាវ​បាន​បញ្ជាក់​បន្ថែម​ថា « អ​ញ្ចឹ​ង​សូម​ឲ្យ​បងប្អូន​យើង​ទាំងអស់ ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​យល់​លើ​បញ្ហា​នេះ​ ហើយ​កុំយល់​ថា​ការ​ពិសារ​ទឹក ធ្វើ​ឲ្យ​មេរោគ​ហ្នឹង​វា​អាច​សម្លាប់​បាន​នោះ​ណា មិនមែន​អ​ញ្ចឹ​ង​ទេ »​។ អ្វី​ដែល​សំខាន់​ធ្វើ​ម៉េច ​កុំ​ឲ្យ​មេរោគ​ចូល​មក​ក្នុង​ខ្លួន​យើង ដោយ​យើង​អនុវត្ត​នូវ​វិធាន​ការណ៍​ផ្សេង​ៗ​ដែល​ក្រសួងសុខាភិបាល​ធ្លាប់​បាន​ផ្ញើ​ចេញនូវ​វិធាន​ការណ៍​ការពារ​ចាំបាច់ ។

សូម​បញ្ជាក់​ថា​ គិត​ត្រឹម​វេលា​ម៉ោង៤រសៀល​ថ្ងៃ​ទី១៩ មីនា​នេះ កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ-១៩ ទូ​ទាំង​ប្រទេស​សរុប៣៧ ករណីលើ​ស្ត្រី២រូប​ និង​បុរស៣៥រូប​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ