បណ្ដាប្រទេសអឺរ៉ុប ៖ ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុស COVID-19 នៅអឺរ៉ុប នាថ្ងៃទី១៨មីនា ជាលើកដំបូង មានខ្ពស់ជាងនៅអាស៊ី ខណៈតម្លៃភាគហ៊ុនពិភពលោកបានដាំក្បាលចុះយ៉ាងខ្លាំង ក៏ទោះបីមានការប្រកាសពីការបញ្ចេញប្រាក់ច្រើនពាន់លានដុល្លារជាជំនួយដល់សេដ្ឋកិច្ចក្ដី។
លេចដំបូងនៅចិនកាលពីខែធ្នូ វីរុស COVID-19 បានផ្តាច់យកជីវិតមនុស្សជាង៨.០០០នាក់ហើយលើពិភពលោក។ ជាមួយការឆ្លងជំរឿនឃើញដល់ជាង២០០.០០០នាក់ ផ្នែកកាន់តែធំនៃពិភពលោក ត្រូវជាប់គាំង ដោយទម្លាប់រស់នៅតែក្នុងផ្ទះ។ ព្រំដែនប្រទេសដែលបិទមានកាន់តែច្រើន។
បន្ទាប់ពីប្រទេសជាច្រើនពិសេសនៅអឹរ៉ុប នាថ្ងៃទី១៨មីនាដល់វេនប្រទេសបែលហ្ស៊ិក ដែលបង្ខាំងប្រទេស លើកលែងតែទៅជួបពេទ្យឬទៅរកទិញរបស់របរចាំបាច់នានា ខណៈកងកម្លាំងប៉ូលិសតាមដានត្រួតពិនិត្យ ។
នាថ្ងៃទី១៨មីនាវេលាម៉ោង១២ម៉ោងសកល គេជំរឿនឃើញអ្នកបាត់បង់ជីវិតដោយសារវីរុសនេះឡើងដល់៨.០៩២នាក់លើពិភពលោក ភាគច្រើននៅអឺរ៉ុបជាមួយអ្នកបាត់បង់ជីវិត៣.៤២២នាក់ និងនៅអាស៊ីដែលមាន៣.៣៨៤នាក់។ ជាមួយអ្នកស្លាប់ថ្មី៦៨៤នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ និងអ្នកឆ្លង៧៨.៧៦៦នាក់ អឺរ៉ុបជាទ្វីបដែលការឆ្លងរាលដាលវីរុសនេះកើនលឿនបំផុត។ ប្រទេសដែលរងការប៉ះពាល់ខ្លាំងជាងគេបំផុតនៅអឺរ៉ុប គឺអ៊ីតាលី។
នៅអ៊ីតាលីអ្នកបាត់បង់ជីវិតកើនកាន់តែខ្លាំង
ប្រទេសអ៊ីតាលីនាថ្ងៃទី១៨មីនាបើតាមអាជ្ញាធរសុខាភិបាលប្រទេសនោះថា ចំនួនអ្នកបាត់បង់ជីវិតប្រចាំថ្ងៃដោយសារវីរុសនោះ មានខ្ពស់បំផុតដល់៤៧៥នាក់រយៈពេល២៤ម៉ោង ដែលនោះជាតុល្យការប្រចាំថ្ងៃធ្ងន់ធ្ងរបំផុត។ ការបាត់បង់ជីវិតទាំងនេះនាំឲ្យចំនួនអ្នកស្លាប់សរុបនៅអ៊ីតាលីឡើងដល់២.៩៧៨នាក់។ ចំនួនអ្នកឆ្លងវីរុសនៅអ៊ីតាលីរយៈពេល២៤ម៉ោងចុងក្រោយនេះបានឡើងពី៣១.៥០៦នាក់ដល់៣៥.៧១៣នាក់ ដែលមានការកើនឡើង១៣,៣៥%។ សរុបមនុស្ស៤.០២៥នាក់បានជាសះស្បើយទាំងស្រុងហើយ២.២៥៧នាក់កំពុងសង្ក្រោះបន្ទាន់។
អង់គ្លេសមានអ្នកបាត់បង់ជីវិតឡើង១០៤នាក់
អាជ្ញាធរសុខាភិបាលអង់គ្លេសគូសបញ្ជាក់នាថ្ងៃទី១៨មីនាថា ចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសនៅអង់គ្លេសបានឡើងដល់១០៤នាក់ ពោល៣៣នាក់លើសកាលពីពេលមុននេះ។ ចំណែកចំនួនអ្នកឆ្លងវីរុសឡើងដល់២.៦២៦នាក់។
រដ្ឋាភិបាលអង់គ្លេសនាថ្ងៃទី១៨មីនា បានសម្រេចបិទសាលារៀនចាប់ពីចុងសប្ដាហ៍នេះទៅ រហូតដល់មានបទបញ្ជាជាថ្មី ប្រឈមមុខនឹងការឆ្លងរាលដាលលឿននៃវីរុស ក្នុងដែនដីខ្លួនបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតលើសពី១០០នាក់ហើយ។ ប្រទេសអឺរ៉ុបជាច្រើនបានបិទសាលារបស់ពួកគេ ចាប់តាំងពីច្រើនថ្ងៃមកហើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ