ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់ទើបមកប្តូរវេនយាម​ត្រូវគេ​ផ្តាច់ជីវិត​មុខធនាគារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​យាម​ធនាគារ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូនប្រុស​ស្រី​តូច​ៗ​ចំនួន​៦​នាក់​ឱ្យ​រស់នៅ​កំព្រា ខណៈ​ដែល​ជន​រង​គ្រោះ​ទើបតែ​ចេញពីផ្ទះ​មក​ដល់​កន្លែងធ្វើការ​បាន​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​ផ្លាស់​ប្តូរ​វេន​គ្នា​ជាមួយ​សន្តិសុខ​ម្នាក់​ទៀត​ដែល​ត្រូវ​អ៊ំ​របស់​​ជនរងគ្រោះ​​ឱ្យ​ទៅ​មុជទឹក​ម្តងម្នាក់ ។ លុះ​ពេល​បុរស​ជា​អ៊ំ​ចូល​ទៅ​មុជទឹក​បាត់ ហើយ​បុរស​រង​គ្រោះ​កំពុង​នៅ​យាម​ខាង​មុខ​ធនាគារ​តែ​ម្នាក់ឯង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​យាម​ធនាគារ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូនប្រុស​ស្រី​តូច​ៗ​ចំនួន​៦​នាក់​ឱ្យ​រស់នៅ​កំព្រា ខណៈ​ដែល​ជន​រង​គ្រោះ​ទើបតែ​ចេញពីផ្ទះ​មក​ដល់​កន្លែងធ្វើការ​បាន​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​ផ្លាស់​ប្តូរ​វេន​គ្នា​ជាមួយ​សន្តិសុខ​ម្នាក់​ទៀត​ដែល​ត្រូវ​អ៊ំ​របស់​​ជនរងគ្រោះ​​ឱ្យ​ទៅ​មុជទឹក​ម្តងម្នាក់ ។

លុះ​ពេល​បុរស​ជា​អ៊ំ​ចូល​ទៅ​មុជទឹក​បាត់ ហើយ​បុរស​រង​គ្រោះ​កំពុង​នៅ​យាម​ខាង​មុខ​ធនាគារ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​ក្រុម​ជន​ដៃដល់​ចំនួន​ពី​៤​ទៅ​៥​នាក់​ធ្វើ​សកម្មភាព​ប្រតាយប្រតប់ និង​ប្រើ​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវជា​ច្រើន​កាំបិត បណ្តាល​អោយ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី រួច​ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ លុះដល់​បុរស​ជា​អ៊ំ​ចេញ​មក​វិញ ទើប​ឃើញ​ជន​រង​គ្រោះ​បាត់បង់​ជីវិត និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ធនាគារ​មួយ​កន្លែង មា​នទី​តាំងនៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត កែង​ផ្លូវ​លេខ​៣៣៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹ​កេងកង​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផ​ន វន អាយុ​៣៦​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះជា​ប្តី​ឈ្មោះ ប៊ុ​ន សុខ​ចំរើន អាយុ​៤០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន និង​មានកូន​ប្រុស​ស្រី​តូច​ៗ​ចំនួន​៦​នាក់ (​ស្រី​៤​នាក់ និង​ប្រុស​២​នាក់​) ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ដំណាក់​ធំ​២ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ និង​មានស្រុក​ក​កំណើត​នៅ​ភូមិ​ព្រៃ​កេស ឃុំ ព្រះ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រៀបរាប់​ប្រាប់​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ក្រោយ​ពី​ចប់​ម៉ោង ធ្វើការ​យាម​នៅ​ធនាគារ​ជា​វេន​ពេល​ថ្ងៃ ប្តី​របស់​គាត់​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម៉ោង​ប្រមាណ​ជា​៦​និង​៣០​នាទី​យប់​ដូច​សព្វមួយដង ហើយ​គាត់​ក៏​បាន​ទិញ​ស្រា​បៀរ​ចំនួន​៤​កំប៉ុង​អោយ​ប្តី​ហូប តែ​ហូប​អស់​ត្រឹមតែ​១​កំប៉ុង​ប៉ុណ្ណោះ​ក៏​ចូល​ដេក​ទៅ​។

ស្ត្រី​ជា​ប្រពន្បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ហូប​បាយ​ល្ងាច​រួច​ហើយ ប្តី​របស់​គាត់​ក៏​បាន​ចូល​ទៅ​ដេក លុះ​ម៉ោង​ប្រមាណ​ជា​៥​ព្រឹក​ថ្ងៃ​ទី​១៩ មីនា​នេះ ប្តី​របស់​គាត់​ក៏​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​យាម​នៅ​ធនាគារ ដោយ​ផ្លាស់​ប្តូរ​វេន​យប់​ជាមួយ​បុរស​ជា​សន្តិសុខ​ម្នាក់​ទៀត​ដែល​ត្រូវជា​អ៊ំ​យាម​វេន​ពេល​ថ្ងៃ ដោយ​គាត់​មិន​ទាន់​ទាំង​ភ្ញាក់​ពី​ដំណេក​ផង​នោះ​។ លុះ​មួយ​ម៉ោង​ក្រោយមក ក៏​ស្រាប់តែ​បុរស​ជា​អ៊ុំ​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា «​ប្តី​របស់​គាត់​ត្រូវ​គេ​ចាក់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​»​។

ស្ត្រី​ជា​ប្រពន្ធបាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា នៅពេល​ទទួល​បាន​ដំណឹងខាងលើភ្លាម​​ ​គាត់​​រួម​ទាំង​កូនប្រុស​ទី​២​ម្នាក់​ក៏​បាន​នាំ​គ្នា​មក​ដល់​កន្លែង​កើតហេតុ ឃើញ​សព​ប្តី​​ដេក​ផ្កាប់មុខ​នៅ​ក្នុង​ថ្លុកឈាម​នៅ​ក្បែរ​តុ​អង្គុយ​យាម​ខាង​មុខ​ធនាគារ ហើយ​គាត់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​​កិច្ច​ហៅ​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​ ដើម្បី​ធ្វើ​ការ​សួរនាំ​​។

ស្ត្រីជា​ប្រពន្ធបាន​បន្តទៀត​ថា ​ប្តី​របស់​គាត់​គឺជា​មនុស្ស​ស្លូតត្រង់​ណាស់​ មិន​ដែល​មានរឿង​ឈ្លោះប្រកែក​ជា​មួយ​អ្នក​ជិតខាង ឬ​ក៏​អ្នក​ណា​ម្នាក់​ម្តង​ឡើយ ​ប៉ុន្តែ​​គាត់​ឮបុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​និយាយ​ថា «កាលពី​ព្រឹក​ គាត់​បាន​បើក​រ៉ឺម៉កម៉ូតូកង់បី​កាត់​​តាម​កន្លែង​កើតហេតុ បាន​ឃើញ​មនុស្ស​៤​ទៅ​៥​នាក់​កំពុង​តែ​ឈ្លោះប្រកែក និង​ប្រតាយប្រតប់​គ្នា ​ហើយ​​​គាត់​ចង់​ចុះ​ទៅ​ជួយ​ដែរ តែ​ដោយ​សារ​តែ​ភ្ញៀវ​គេ​ប្រ​ញាប់​ គាត់​ក៏​ជិះ​ហួស​​ទៅ​» ​។

​ជា​ចុង​ក្រោយ​ស្ត្រីជា​ប្រពន្ធជនរងគ្រោះ​បាន​សំ​ណូ​ម​ពរ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​អោយ​ជួយ​ធ្វើការ​ស្រាវ​ជ្រាវ​រក​ចាប់ខ្លួន​ជន​ដៃដល់​ដែល​ចាក់​ប្តី​របស់​​គាត់​​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ដើម្បី​រក​យុ​ត្តិ​ធម៌​​ដល់​ប្តី​របស់​​គាត់​​ដែល​ជា​ជន​រង​គ្រោះ​ផង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​ថា មាន​បុរស​ជា​សន្តិសុខ​ម្នាក់​យាម​នៅ​ធនាគារត្រូវគេចាក់​ ពេលនោះ​កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​បានឃើញ​ជន​រង​គ្រោះ​បាត់បង់ជីវិត​ក្នុង​ថ្លុកឈាម​នៅ​លើ​ដី​ ។ ​ភ្លាម​នោះ​កម្លាំង​របស់​លោក​ធ្វើការ​សហ​ការ​ជាមួយ​នឹងកម្លាំង​នៃ​ការិយាល័យ កោសល​្យ​វិ​ច្ច័​យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​បញ្ជូនសព​របស់​បុរស​ជា​សន្តិសុខ​រង​គ្រោះ​យក​ទៅ​​តម្កល់​វត្ត​​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​ផង​ដែរ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​មាន​សមត្ថ​កិច្ច​បញ្ជូន​សព​របស់​បុរស​រង​គ្រោះ​យក​មក​ធ្វើ​កោសល​វិ​ច្ច័​យ​នៅ​សាល​តម្កល់សព​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​ បានពិនិត្យ​ឃើញ​ថា ​នៅ​​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​របួស​នៅ​លើ​ដើមទ្រូង និងពោះ​ចំនួន​៣​កន្លែង ដោយ​ជន​ដៃដល់​បាន​ប្រើ​កូនកាំបិត​ចុង​ស្រួច​ចាក់​ ។​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ កម្លាំង​របស់​លោក​នៅ​មិន​ទាន់​បានដឹង​ថា ​ផ្តើម​ចេញពី​ជម្លោះ ឬ​ក៏​រឿង​អ្វី​ច្បាស់លាស់​នៅឡើយទេ​ ​ខណៈ​សមត្ថកិច្ច​កំពុង​​ធ្វើការស៊ើបអង្កេត និង​​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​ជន​ដៃដល់​​យកមកផ្តន្ទាទោស ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​ក៏​បាន​ចុះ​ទៅ​ដល់កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ ចំណែកឯ​ជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ទៅឱ្យ​​ក្រុម​គ្រួសារ​​​យក​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ