ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​សាំង​ធ្លាក់​ចុះ​នៅ​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែមីនា​ ខណៈ​ប្រេង​លើ​សកលលោក​ចុះថោក​ដោយសារ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ តម្លៃ​សាំង​លក់រាយ​នៅ​តាម​ស្ថានីយ៍​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែមីនា នេះ មានការ​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់​បើ​ធៀប​នឹង​ខែ​ដើម​មីនា ឆ្នាំ ២០២០ នេះ ។…

​រាជធានី​ភ្នំពេញ ៖ តម្លៃ​សាំង​លក់រាយ​នៅ​តាម​ស្ថានីយ៍​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស​ប្ដា​ហ៍​ទី​៣​នៃ​ខែមីនា នេះ មានការ​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់​បើ​ធៀប​នឹង​ខែ​ដើម​មីនា ឆ្នាំ ២០២០ នេះ ។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សាំង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ការ​ដឹក​ជញ្ជូន​នានា​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​ធ្លាក់​ចុះ ឬ​បិទ​ការ​ធ្វើ​ដំណើរ មិន​ថា​តាម​ផ្លូវទឹក ផ្លូវគោក ឬ​ផ្លូវអាកាស បូក​រួម​នឹង​ចរាចរណ៍​យានយន្ត​ក៏​ហាក់​ស្ងប់ស្ងាត់​ជាង​មុន ។ ​

ប្រាកដ​ណាស់​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​នៅ​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​នា​ពេល​នេះ​គឺ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ផ្ទុះ​ឡើង​និង​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ ដែល​កំពុង​រាលដាល​ពេញ​ពិភពលោក​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ម​ធ្យោ​យ​បាយ​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំងក្លា ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ប្រឈម​មុខ​នឹង​ការ​ខាតបង់​ប្រាក់​ចំណេញ​ធ្ងន់ធ្ងរ​។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​អោយ​ឃើញ​ថា តម្លៃ​សាំង​លក់រាយ​នៅ​តាម​ស្ថានីយ៍​នានា​ទូ​ទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់​ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ដំណាច់​ខែមីនា ឆ្នាំ ២០២០ ។ ក្នុង​អំឡុង​ថ្ងៃនេះ តម្លៃ​សាំង​ដែល​ត្រូវ​ក្រសួង​បាន​កំណត់​អោយ​លក់​ត្រឹម​៣០៥០​រៀល​ក្នុង​មួយ​លី​ត្រ ចំពោះ​សាំង​ធម្មតា និង​តម្លៃ ២៨០០​រៀល​ក្នុង​មួយ​លី​ត្រ​ចំពោះ​ប្រេងម៉ាស៊ូត ។

ដោយឡែក​ចំពោះ​ប្រភេទ​សាំង​ស៊ុប​ពែរ​មិន​មានការ​កំណត់​ថ្លៃ​នោះ​ទេ ។ ​លោក ពិត សីហា និស្សិត​មួយ​រូប​នៅ​ក្រុងភ្នំពេញ​បាន​និយាយ​ថា «​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ គឺ​ពិតជា​មាន​ឥទ្ធិពល​ជា​អវិជ្ជមាន​ជា​ច្រើន​លើ​វិស័យ​ដឹក​ជ​ញ្ជួ​ន ។ តែ​ខ្ញុំ​សប្បាយចិត្ត​ពេល​ប្រេងសាំង​លើ​ពិភពលោក​ចុះថ្លៃ ព្រោះ​ពេល​នេះ​មិន​គឺ​ម្នាក់​ៗ​ហាក់​ភ័យ​ខ្លាច​វីរុស​មួយ​នេះ ហើយ​សកម្មភាព​អាជីវកម្ម​ក៏​ស្ងាត់ ហើយ​ប្រាក់​ចំណូល​ឪពុក​-​ម្តាយ​ខ្ញុំ​ក៏​ធ្លាក់​ចុះ​ដែរ អ​ញ្ចឹ​ង​សង្ឃឹមថា​ប្រេងសាំង​ចុះថោក​ជាង​នេះ គឺ​ត្រឹម ២៥០០ រៀល​ក្នុង​មួយ​លី​ត្រ​កាន់តែ​ប្រសើរ​» ។ ​បើ​យោង​តាម​តារាង​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ដែល​ផ្សព្វផ្សាយដោយ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ដើមខែ​មីនា​មក​ម្ល៉េះ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២ ខែមីនា តម្លៃ​សាំង​ធម្មតា មាន​តម្លៃ​៥៥,៧៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល ប្រេងម៉ាស៊ូត​មាន​តម្លៃ​៦០,៦៤​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី ១៣​ខែមីនា តម្លៃ​សាំង​ធម្មតា​បាន​ធ្លាក់​មក​នៅ​ត្រឹម ៣៧,៣៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល និង​ប្រេងម៉ាស៊ូត​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៤៥,៨៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល ។

យោង​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ថា ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​លើ​ទីផ្សារ​កម្ពុជា​គឺ​ត្រូវធ្វើ​ឡើង​ដោយ​អន្តរក្រសួង ដោយ​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ ពីព្រោះ​ពួក​គាត់​ត្រូវការ​ប្រេងឥន្ធនៈ​ដើម្បី​ចាក់​យានយន្ត​សម្រាប់​ដឹក​ទំនិញ​និង​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ។ ការ​កំណត់​របស់​អន្តរក្រសួង​គឺ​សម្រាប់​តែ​សាំង​ធម្មតា និង​ប្រង​ម៉ា​ស៊ូ​ត​ប៉ុណ្ណោះ សម្រាប់​សាំង​ស៊ុប​ពែរ​គឺ​ទុក​អោយ​អាជីវករ​លក់​ទៅ​តាម​តម្លៃ​ទីផ្សារ​ប្រកួតប្រជែង​រៀងខ្លួន ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដដែល​នេះ ក៏​បាន​បញ្ជាក់​ថា កម្ពុជា​បាន​នាំ​ចូល​ប្រេង​ពី​ប្រទេស​ជា​ច្រើន​សម្រាប់​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ក្នុង​នោះ​រួម​មាន​ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​សិង្ហ​បុរី ប្រទេស​ម៉ា​ឡេ​ស៊ី​ប្រទេស​អា​រ៉ាប់ ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន អា​មេ​រិ​ក ចិន កូរ៉េ អា​ល្លឺ​ម៉​ង់ ហុងកុង ហ្វី​លី​ពី​ន ជប៉ុន អូស្ត្រាលី អេ​ស្ប៉ា​ញ អ៊ី​តា​លី អ៊ុយ​គ្រែ​ន ឥណ្ឌា ហូ​ឡង់ តួ​គី ប៉ូ​ឡូញ អង់គ្លេស កា​ណា​ដា និង​ប៊ែ​ល​ហ្សិ​ច ដោយ​ក្នុង​មួយ​ឆ្នាំ ត្រូវ​នាំ​ចូល​ប្រមាណ​ជិត​លាន​២​តោន និង​គិត​ជា​ប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ