ឱសថ​ AVIGAN របស់​ជប៉ុន ចិន​សម្រេចជា​ផ្លូវការ ប្រើ​ព្យាបាល​អ្នកជំងឺ COVID-19


ប៉េ​កាំ​ង ៖ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ចិន បាន​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ថា ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយធំ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន គឺ​មាន​ប្រសិទ្ធិ​ភាព ក្នុង​ការ​ព្យាបាល​អ្នកជំងឺ វីរុស​កូ​វី​ដ​-១៩​នេះ យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​សម្រេច​ប្រើប្រាស់​វា​ជា​ផ្លូវការ​សម្រាប់​ប្រទេស​ចិន នេះ​បើ​យោង​តាម​សារព័ត៌មាន NHK របស់​ជប៉ុន ។

លោក ចាង ស៊ី​ន​មីន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ជីវ​បច្ចេកវិទ្យា បាន​ដាក់​ឈ្មោះ​ថ្នាំ​នេះ​ថា AVIGAN នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​អង្គារ ទី​១៧ មីនា ២០២០ ។

លោក​ចាង ស៊ី​ន​មីន បាន​ថ្លែង​បន្ត​ថា ថ្នាំ​នេះ ត្រូវ​បាន​អង្គការ​វេជ្ជសាស្ត្រ​ចំនួន​២ នៅ​ក្នុង​ប្រទេស​ចិន រក​ឃើញ​ថា មាន​ប្រសិទ្ធភាព ក្នុង​ការ​សាកល្បង​ព្យាបាល ។

លោក​បន្ថែម​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព ចំពោះ​រោគ​សញ្ញា​ទាក់ទង​នឹង​ជំងឺឆ្លង ដូច​ជា​ការ​រលាក​សួត ជា​ពិសេស​ផល​ប៉ះពាល់​នៃ​ថ្នាំ​(​ប្រតិកម្ម​)​វា​មិន​មាន​ទេ ។

នាយក​មជ្ឈមណ្ឌល​ជាតិ លោក​និយាយ​ទៀត​ថា ការ​ធ្វើតេស្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វ៉ូ​ហាន Wuhan និង​ស៊ី​ន​ជិន Shenzhen ហើយ​មានការ​ចូលរួម​ពី​អ្នកជំងឺ​ចំនួន ២៤០​នាក់ និង​អ្នកជំងឺ​ធ្ងន់ធ្ងរ ៨០​នាក់ ។

ជា​លទ្ធផល អ្នកជំងឺ​វិជ្ជមាន​វីរុស​នេះ នៅ​ទីក្រុង​ស៊ី​ន​ជិន ដែល​ត្រូវ​បាន​គេ​អោយ​ថ្នាំ​នេះ ប្រែជា អវិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​១៩ បន្ទាប់​ពី​ប្រើ​រយៈពេល​៤​ថ្ងៃ ខណៈ​ពេល​ដែល​វា​ត្រូវ​ចំណាយពេល​ជា​មធ្យម ១១​ថ្ងៃ សម្រាប់​អ្នក​ដែល​មិន​ប្រើ​ថ្នាំ​ប្រភេទ​នេះ ។

ការ​សាកល្បង​ខាងលើ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា តាម​ការ​ថតកាំរស្មីអ៊ិច បញ្ជាក់​ពី​ភាព​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សួត​របស់​អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ គឺ​នៅ​ល្អ ៩១ ភាគរយ បើ​ប្រៀបធៀប​ជាមួយ អ្នក​ដែល​មិន​ប្រើប្រាស់​ថ្នាំ​នេះ ភាពល្អ​ប្រសើរ​នៃ​សួត​ត្រឹម ៦២ ភាគរយ ប៉ុណ្ណោះ ។

លោកនាយក បញ្ជាក់​ថា ថ្នាំ​នេះ​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​ផល​ប៉ះពាល់​របស់​វា គឺ​ជាក់ស្តែង មិន​មាន​ទេ ហើយ​ណែនាំ​ជា​ផ្លូវការ ដោយ​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​ជា​មធ្យោបាយ​មួយ ដើម្បី​ព្យាបាល​កម្ចាត់​មេរោគ COVID-19 ។

ក្រុមហ៊ុន​ចិន​មួយ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ថ្នាំ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ជប៉ុន និង​ដោយ​ទទួល​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ចិន​កាលពី​ខែ​មុន ដើម្បី​ផលិត​ថ្នាំ AVIGAN ក្រុមហ៊ុន​កំពុង​ផលិត​ថ្នាំ​ប្រភេទ​នេះ​យ៉ាងច្រើន​ផង​ដែរ ។

ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី ត្រឹម​ចំនួន​២១ ករណី ដែល​ចំនួន​ឆ្លង​វីរុស​នេះ សរុប​នៅ​ក្នុង​ប្រទេស​ចិន ៨០,៨៩៤ នាក់ ។ ចំនួន​អ្នក​ស្លាប់មាន​ចំនួន ៣.២៣៧ នាក់ និង​ព្យាបាល​អោយ​ជា​សះស្បើយ​មាន​៦៩,៦១៤​នាក់ គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៨ មីនា នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ