មុខសញ្ញា​ដ៏​សកម្ម​ពេល​នេះ​អស់​លក្ខណ៍ ទើប​បែកធ្លាយ​៤​ដង​ហើយ


ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ចោរលួច​ម៉ូតូ​ដ៏​សកម្ម​និង​ឡើងផ្ទះ​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ចាម ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់ និង​ចាប់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា​វេលា​ម៉ោង​៥​ល្ងាច ដោយ​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​សហការ ជាមួយ​កំលាំង​ជំនាញ​របស់​អធិការ​នគរបាល​ក្រុង​កំពង់ចាម​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ា​ន ឡេះ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ 707​ព​.​ស ចុះ​ថ្ងៃ​ទី​16 ខែមីនា ឆ្នាំ​2020 ចេញ​ដោយ​លោក សាន សុ​ភះ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ពី​បទ​លួច (​លួច​ម៉ូតូ​) ប្រព្រឹត្ត​នៅ​ចំណុច​គ្លី​និ​ច កែវ វណ្ណ​: ស្ថិត​ក្នុងភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ។
លោកស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ក្នុង​ក្រុង​កំពង់ចាម ដែល​បាន​បាត់​ម៉ូតូ​នៅ​តាម​លំនៅ​ដ្ឋា​ន ក៏​បាន​ដាក់​ពាក្យបណ្ដឹង​មក​សមត្ថ​កិច្ច​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរលួច​ម៉ូតូ​ដ៏​សកម្ម​នេះ​។

លោកស្នងការ​រង​នគរបាល​ខេត្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​ថ្នាក់​ខេត្ត ក៏​ដូច​ជា​មូលដ្ឋាន រហូត​ដល់​ស្គាល់​អត្តសញ្ញាណ​ចោរលួច​ម៉ូតូ​រូប​នោះ ហើយ​ក៏​សុំ​ដីកា​ពី​លោក​ព្រះរាជអាជ្ញា​រង​។ ក្រោយ​ពី​បាន​ដីកា​នៅ​ក្នុង​ដៃ​ហើយ សមត្ថកិច្ច​មិន​បង្អង់​តាម​ស្វែងរក​ជន​សង្ស័យ​​នេះ រហូត​ឈាន​ដល់​ចាប់ខ្លួន​បាន​តែ​ម្តង​។

ផ្អែក​តាម​ការ​សួរ​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កន្លង​មក ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក្នុងភូមិ​សាស្ត្រ​ក្រុង​កំពង់ចាម ចំនួន​៤​ករណី គឺ ៖

លើក​ទី​1-​ករណី​លួច​ម៉ូតូ កាលពី​ថ្ងៃខែ​មិន​ចាំ ក្នុង​ឆ្នាំ​២០១៧ ពេល​យប់​នៅ​ចំណុច​ក្នុង​សំណង់​ឌី​ឌុ​ក ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន (​ជាប់​ពន្ធនាគារ​រយៈពេល​១៨​ខែ​) ។

លើក​ទី​2- ករណី​លួច​ម៉ូតូ កាលពី​ថ្ងៃ​ទ​៦ មក​រា ២០១៩ ពេល​យប់​នៅ​ចំណុច​ផ្ទះសំណាក់​ផល​ឧត្តម បន្ទាប់​ពី​លួច​បាន​យក​ទៅ​លក់​ឱ្យ​ជនជាតិ​វៀតណាម​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​តាម​ផ្លូវ​កាត់​តាម​ស្រុក​ស្នួល ខេត្តក្រចេះ បាន​តម្លៃ​១៥០​ដុល្លារ ។

លើក​ទី​3- ករណី​លួច​ម៉ូតូ​កាលពី​ថ្ងៃ​ទី​២៦ សីហា ២០១៩ នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ​កុមារ​ខេត្តកំពង់ចាម ពេល​លួច​បាន​យក​ទៅ​លក់​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​តាម​ផ្លូវ កាត់​តាម​ស្រុក​ស្នួល ខេត្តក្រចេះ បាន​តម្លៃ ២​លាន​រៀល ។

លើក​ទី​4- ក​ណី​លួច​ម៉ូតូ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ២០១៩ ពេល​យប់​នៅ​ចំណុច​គ្លី​និ​ច កែវ វណ្ណៈ ស្ថិត​ក្នុងភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ពេល​លួច​បាន​យក​ទៅ​លក់​ឱ្យ​ជន​មិន​ស្គាល់​នៅ​ម្តុំ​រ៉ា​រទេះភ្លើង រាជធានី​ភ្នំពេញ បាន​តម្លៃ​៤០០​ដុល្លារ ។

ទាំង​4​ករណី​ខាងលើ​នេះ ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ចាម កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ហើយ​សូម​បញ្ជាក់​ថា ក្រៅពី​លួច​កាច់​សោ​.​ក​ម៉ូតូ​ដ៏​សកម្ម​នៅ​ក្នុង​ក្រុង​កំពង់ចាម​នេះ ជន​នេះ​ក៏​ជា​មុខសញ្ញា​ឡើង​លួច​ទ្រព្យសម្បត្តិ​តាម​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម​នា​ពេល​យប់​ៗ​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ