រាជធានីភ្នំពេញ ៖ ស្ពានអាកាសក្បាលថ្នល់ ចាប់ពីមហាវិថីព្រះមុនីវង្សបត់ឆ្វេងឆ្ពោះ ទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ក្រុមការងារបាននិងកំពុងធ្វើការងារយ៉ាងសកម្មភាព ដោយអ៊ុតកៅស៊ូលើស្ពាន រៀបចំគំនូសចរាចរណ៍ដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម ។
លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំងធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះ។
លោក សាំ ពិសិដ្ឋ បញ្ជាក់ថា គម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC កោះពេជ្រ ស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ មានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។
សូមរំលឹកថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦កន្លែង គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារ
ដីហុយ និងស្ពានអាកាសចោមចៅ ៕
ចែករំលែកព័តមាននេះ