ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចេញ​អស់​ វីរុសកូ​វីដ-​១៩​មក​ដល់​ អ្នក​រត់​​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​​-ខ្មែរត្អូញ​គ្រប់​គ្នា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អ្នកបើកបរ​រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ក៏​ដូច​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​​ខ្មែរ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ត្អូញត្អែរ​ថា ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ពិបាក​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសា​រ និង​ដោះស្រាយ​បំណុល​ដោយសា​រ​​កត្តា២យ៉ាង​​កើតឡើង​ផ្ទួន​ៗ​នឹក​ស្មាន​មិន​ដល់​ គឺ​ជនជាតិ​ចិន​ចេញ​អស់​ ចំណែក​​​វីរុសកូ​វីដ-​១៩​ក៏បាន​មក​ដល់​។​ កន្លង​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ គេ​ឃើញ​មាន​តែ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មិន​ច្រើន​ប៉ុន្មាន​ទេ​ដឹក​អ្នកដំណើរ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អ្នកបើកបរ​រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ក៏​ដូច​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​​ខ្មែរ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ត្អូញត្អែរ​ថា ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ពិបាក​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសា​រ និង​ដោះស្រាយ​បំណុល​ដោយសា​រ​​កត្តា២យ៉ាង​​កើតឡើង​ផ្ទួន​ៗ​នឹក​ស្មាន​មិន​ដល់​ គឺ​ជនជាតិ​ចិន​ចេញ​អស់​ ចំណែក​​​វីរុសកូ​វីដ-​១៩​ក៏បាន​មក​ដល់​។​

កន្លង​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ គេ​ឃើញ​មាន​តែ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មិន​ច្រើន​ប៉ុន្មាន​ទេ​ដឹក​អ្នកដំណើរ​ និង​ទំនិញ​ លុះ​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​បាន​កើនឡើង​ព្រោងព្រាត ពោល​គឺ​​សម្បូរ​ពេញបន្ទុក​​នៅពេល​​ជនជាតិ​ចិន​​ចូល​ស្រុក​ខ្មែរ​នា​ឆ្នាំ​២០១៨​និង​២០១៩​កន្លង​មក​នេះ ។

​មក​ទល់​ពេល​នេះ ​អ្នកបើកបរ​​រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា​ខ្លះ​និយាយ​ថា​ ចំនួន​​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​មិន​តិច​ជាង​១៥០​ទៅ​២០០​គ្រឿង​ទេ​ ហើយ​តម្លៃ​នោះ​ទៀត​សោត​ក៏មិន​ថោក​ដែរ​ ដោយ​រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា​​ស៊េ​រី​ខ្ពស់​មាន​តម្លៃ​១​គ្រឿង​ជាង​៤០០០​ដុល្លា​រ ឯ​ស៊េរី​ទាប​ក្នុងមួយគ្រឿង​តម្លៃ​​ជាង​៣០០០​ដុល្លា​ជាដើម​។​

​អ្នកបើកបរ​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​ខ្លះ​ក៏​រក​ប្រាក់​បែប​កាលី​ប​គឺ​មាន​ភ្ញៀវ​​ទាក់ទង​រក​តាម​ទូរស័ព្ទ​តាម​រយៈក្រុមហ៊ុន ​ប៉ុន្តែ​មិន​កាក់កប​ដូច​​ពេល​ចិន​កំពុង​ស្ថិត​នៅ​គគ្រឹកគគ្រេង​នោះ​​ទេ ​ដោយ​អះអាង​ថា​១​ថ្ងៃ​រក​ប្រាក់​បាន​ត្រឹមតែ​១០​ទៅ​១៥​ដុល្លា​រ ស្មើ​នឹង​៥​ទៅ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​

ដោយឡែក​អ្នកបើកបរ​រ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​មួយ​ចំនួន​ធំ​រក​ប្រាក់​តាម​បែប​សាម​ញ្ញ​ត្អូញត្អែ​ថា​ «ជិត​ដាច់​បាយ​ហើយ​ពេល​នេះ​» ព្រោះ​ពេល​នេះ​​មានរ៉ឺម៉កម៉ូតូកង់បីឥណ្ឌា​​ច្រើន​ពេក​ និង​គ្មាន​ភ្ញៀវ​ដឹក​ ឬក៏​អាច​មក​ពី​ចំនួន​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានកា​រ​ថយ​ចុះ​។​

អ្នកបើកបររ៉ឺម៉កម៉ូតូកង់បី​ឥណ្ឌា​ដែល​មាន​ភ្ញៀវកក់(​ប៊ុ​ក​ឃី​ង)បាន​​និយាយ​ថា​ កាលពី​អំឡុង​ជនជាតិ​ចិន​មក​ស្នាក់​នៅ​ព្រោងព្រាត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ថ្ងៃ​ខ្លះគាត់​​អាច​រក​ប្រាក់​បាន​រហូត​ដល់​ទៅ​២០​ម៉ឺន​រៀល​ ឬ​យ៉ាងតិច​១០​​ម៉ឺន​​រៀល​ក្នុង​១​ថ្ងៃ​។​

ទោះបី​ជា​យ៉ាងណា​ ទាំង​អ្នកបើកបរ​​រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា​ ក៏​ដូច​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​​ខ្មែរ​ពេល​នេះ​​ត្អូញត្អែរ​ថា​ជិត​ដាច់​បាយ​ដូច​គ្នា​ ព្រោះ​ចំនួន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លងកាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ហាក់​មានការ​​ធ្លាក់​ចុះ​ខ្លាំង​ មិនតែប៉ុណ្ណោះ​ជនជាតិ​ចិន​បាន​ចាកចេញ​ស្ទើរតែ​អស់​ ម្យ៉ាង​គាប់​ជួន​​វីរុស​​កូ​វីដ-​១៩​មក​ដល់​​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ