ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រក​ឃើញ​ថា អ្នកមាន​ឈាម​ក្រុម“​A” ងាយ​នឹង​ឆ្លង​វីរុស ជាង​ឈាម​ក្រុម“O”

4 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ តាម​ការ​ស្រាវជ្រាវ​នៅ​ទីក្រុង​វ៉ូ​ហាន​(Wuhan) និង​ទីក្រុង​ស៊ី​ន​ជិន (Shenzhen) បាន​បង្ហាញ​ថា អ្នកជំងឺ​ដែល​មាន​ក្រុម​ឈាម​ប្រភេទ A មាន​អត្រា​ឆ្លង​ខ្ពស់ និង​ទំនងជា​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ថែម​ទៀត…

ប៉េ​កាំ​ង ៖ តាម​ការ​ស្រាវជ្រាវ​នៅ​ទីក្រុង​វ៉ូ​ហាន​(Wuhan) និង​ទីក្រុង​ស៊ី​ន​ជិន (Shenzhen) បាន​បង្ហាញ​ថា អ្នកជំងឺ​ដែល​មាន​ក្រុម​ឈាម​ប្រភេទ A មាន​អត្រា​ឆ្លង​ខ្ពស់ និង​ទំនងជា​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ថែម​ទៀត នៅ​ពេល​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​នេះ បើ​ធៀប​នឹង​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ឆ្លង នេះ​បើ​តាម South China Morning Post

គួរ​ជម្រាប​ថា ក្រុម​ឈាម​របស់​មនុស្ស​យើង ត្រូវ​បាន​បែក​ចែក​ជា ០៤ ក្រុម​ធំ​ៗ គឺ A, B, AB និង O ដោយ​បន្ថែម RhD ជា​សញ្ញា​(+) និង (-) ថែម​ទៀត ដូច្នេះ​ក្រុម​ឈាមមាន​ដល់ ០៨​ក្រុម ហើយ​ក្រុម​ឈាម​នីមួយ​ៗ ត្រូវ​បាន​កំណត់​ដោយ​ហ្សែ​ន ដែល​អ្នក​ទទួល​បាន​ពី​ឪពុក​ម្តាយ ។

អ្នក​ដែល​មាន​ប្រភេទ​ឈាម A អាច​ងាយ​នឹង​ឆ្លង​ជំងឺ​នេះ បង្ក​ដោយ​វីរុស​កូ​វី​ដ​-១៩ ខ្លាំង​ណាស់ ខណៈ​ពេល​ដែល អ្នកមាន​ឈាម​ក្រុម O ហាក់ដូចជា​មាន​ភាព​ធន់ នឹង​ជំងឺ​នេះ​ទៅ​វិញ បើ​យោង​តាម​ការ​សិក្សា​បឋម​ពី​អ្នកជំងឺ​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​ឆ្លង​វីរុស Covid-19 ។

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ នៅ​ប្រទេស​ចិន បាន​យក​គំរូ ក្រុម​ឈាម​របស់​អ្នកជំងឺ​ជាង ២.០០០ នាក់ ដែល​ឆ្លង​វីរុស​នៅ​ក្រុង​វ៉ូ​ហាន និង​ក្រុង​ស៊ី​ន​ជិន ហើយ​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ប្រជាជន​ដែល​មាន​សុខភាព​ល្អ នៅ​ក្នុង​តំបន់ ។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​រក​ឃើញ​ថា អ្នកជំងឺ​មាន​ក្រុម​ឈាម A បង្ហាញ​អត្រា​ឆ្លង​ខ្ពស់ ហើយ​អ្នក​ឆ្លង​ហាក់ដូចជា​វិ​វត្ត ទៅ​ជា​អ្នកជំងឺ ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​មុន ។

យ៉ាងណាមិញ​ក្រុម​អ្នក​ស្រាវជ្រាវ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វូ​ហាន ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វ៉ាង ស៊ី​ង​ហួ​ន (Wang Xinghuan) នៅ​មន្ទីរពេទ្យ​ហ្សុ​ង​ណា​ន បានអោយ​ដឹង​ថា ប្រជាជន​ចិន មាន​ក្រុម​ឈាម A ប្រហែលជា​ត្រូវការ ការពារ​ខ្លួន​ខ្លាំង ដើម្បី​កាត់​បន្ថយ​ឱកាស នៃ​ការ​ឆ្លង​របស់​វីរុស​ប្រភេទ​ថ្មី​នេះ និង​ការ​ព្យាបាល​យ៉ាង​ប្រុង​ប្រយ័ត្ន ។

លោក​វេជ្ជបណ្ឌិត វ៉ាង ស៊ី​ង​ហួ​ន បន្ថែម​អោយ​ដឹង​ថា ផ្ទុយ​ទៅ​វិញ “​មនុស្ស​មាន​ឈាម​ក្រុម O មាន​ហានិភ័យ​ឆ្លង​ជំងឺ​នេះ​តិច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​ឈាម​មិនមែន O” នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​មួយទៀត នៅ​លើ​គេហទំព័រ Medrxiv.org កាលពី​ថ្ងៃ​ទី​១១ ខែមីនា ។

លោក​វេជ្ជបណ្ឌិត វ៉ាង លើក​ឡើង​ថា ក្នុង​ចំណោម​អ្នកជំងឺ ២០៦​នាក់ ដែល​បាន​ស្លាប់ ដោយសារ​កូ​វី​ដ​-១៩ ក្នុង​ទីក្រុង​វ៉ូ​ហាន មាន​៨៥​នាក់ មាន​ក្រុម​ឈាម​ប្រភេទ A (​ស្មើ​៦៣%) និង​ក៏មាន ៥២​នាក់ មាន​ក្រុម​ឈាម​ប្រភេទ O បានស្លាប់ដែរ ក្រៅពី​ហ្នឹងគឺ​ក្រុម​ឈាម​ប្រភេទ B និង AB ។

ការ​សិក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​វេជ្ជសាស្ត្រ មក​ពី​ទីក្រុង​នានា នៅ​ទូ​ទាំង​ប្រទេស​ចិន រួម​មាន​ទីក្រុង​ប៉េ​កាំ​ង វូ​ហាន សៀង​ហៃ​និង​ស៊ី​ន​សិន ប៉ុន្តែ​មិន​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ទេ ។

ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ចេញ​មក​ព្រមាន​ដែរ​ថា វា​អាច​មាន​គ្រោះថ្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ការ​សិក្សា​ខាងលើ​នេះ ដើម្បី​អនុវត្ត​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន ។

លោក Gao Yingdai អ្នក​ស្រាវជ្រាវ​មក​ពី​មន្ទីរពិសោធន៍​រដ្ឋ ផ្នែក​រោគ​វិទ្យា នៅ​ទីក្រុង​ធាន​ជី​ន ដែល​មិន​បាន​ចូលរួម​ក្នុង​ការ​សិក្សា​ខាងលើ​លោក​មាន​ប្រសាសន៍​ថា គួរតែ​សិក្សា​អោយ​ធំ​ជាង​នេះ ទោះបី​ចំនួន ២,០០០​នាក់ វា​មិន​តិច​ក៏​ដោយ ប៉ុន្តែ​ពេល​នេះ ចំនួន​អ្នកជំងឺ​សរុប​ដែល​ឆ្លង​វីរុស មាន​ចំនួន​ជាង ១៨០.០០០ នាក់ នៅ​ទូ​ទាំង​ពិភពលោក ទៅ​ហើយ ។ ហើយ​ចំណុច​មួយ​ផ្សេង​ទៀត នៃ​ការ​ស្រាវជ្រាវ គឺថា មិន​បាន​ផ្តល់​ការ​ពន្យល់​ច្បាស់លាស់ អំពី​អន្តរ​កម្ម​ម៉ូលេគុល រវាង​វីរុស​និង​កោសិកា​ឈាមក្រហម​ផ្សេង​ៗ​ទៀត ដូច​ជា​ក្រុម​ឈាម​ប្រភេទ B និង AB នៅឡើយ​ទេ ។

នេះ​មិន​មាន​ន័យ​ថា អ្នកមាន​ឈាម​ប្រភេទ A ពិតជា​នឹង​ត្រូវ​ឆ្លង​មេរោគ​១០០​ភាគរយ​ទេ ។ ចំណែក​អ្នកមាន​ក្រុម​ឈាម​ប្រភេទ O ក៏​មិនមែន​មាន​ន័យ​ថា សុវត្ថិភាព​១០០​ភាគរយ​ដែរ ។ រឿង​សំខាន់​គឺ​មនុស្ស​គ្រប់​គ្នា​ត្រូវ​លាងដៃ​ជាមួយ​ទឹក និង​សាប៊ូ ឬ​ក៏​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ។ ហាត់ប្រាណ និងញ៉ាំអាហារបែបណា អោយប្រព័ន្ធភាពស៊ាំខ្លាំងអាចទប់ទល់ជំងឺបាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ