នៅថ្ងៃទី១៨ មីនា ២០២០ ៖ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសស្តីពីប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយបានកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចមកត្រឹម៧% ចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ។
គោលដៅនៃប្រកាសនេះ គឺដើម្បីផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់កម្ចីបន្ថែមជូនអតិថិជនចំនួនប្រមាណ១.៨០០លានដុល្លារអាមេរិក មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅក្នុងវិធានការនេះលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទីមួយ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចបន្តផ្តល់កម្ចី ឬផ្តល់កម្ចីថ្មីដល់អតិថិជន ដើម្បីអាចរក្សាបាននិរន្តរភាពអាជីវកម្ម និងជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩ ។
បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះផលវិបាក ដែលបង្កឡើងដោយការរីករាលដាលនៃវីរុសកូវីដ-១៩ ។ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការមួយចំនួនដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលស្ថិតក្រោមអាណាព្យាបាលធនគារជាតិនៃកម្ពុជា តាមរយៈការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អនុញ្ញាតឱ្យអ្នកខ្ចីប្រាក់ពន្យាររយៈពេលសងប្រាក់ ឬសងតែការប្រាក់ តាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថាន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ