កូកឡាឡាំពួរ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយនៅល្ងាចថ្ងៃទី១៧ ខែមីនា នេះថា ក្រសួងបានរកឃើញករណីអ្នកឆ្លង Covid-19 ចំនួន ១២០ករណីបន្ថែមទៀត ដែលនាំឲ្យប្រទេសនេះមានចំនួនអ្នកឆ្លងសរុបឡើងដល់ ៦៧៣ ករណី នេះបើតាម malaymail ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Datuk Seri Dr Adham Baba បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅឯក្រសួង ថា ក្នុងចំណោម ១២០ករណី មាន ៩៥ករណី ត្រូវបានទាក់ទងនឹងការប្រមូលផ្តុំគ្នា នៅឯវិហារមួយនៅតំបន់ Jamek Sri Petaling Mosque ក្នុងទីក្រុងគូឡាឡាំពួរ ដែលបានបើកដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដែលមានអ្នកចូលរួមប្រមាណ ១៦,០០០នាក់ ក្នុងនោះមានមួយចំនួនមកពីក្រៅប្រទេស ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ថែមថា នៅថ្ងៃអង្គារទី១៧ មីនានេះ មានអ្នកជំងឺ២នាក់ហើយ បានស្លាប់ ។ អ្នកស្លាប់ដំបូង បុរសវ័យ៦០ឆ្នាំម្នាក់ ជាគ្រូគង្វាល នៅព្រះវិហារគ្រិស្ត មួយកន្លែង ក្នុងទីក្រុង Sarawak ចំណែកឯអ្នកស្លាប់ទី២ គឺជាបុរស វ័យ ៣៤ឆ្នាំម្នាក់ ដែលបានចូលរួមក្នុងពិធីជួបជុំបែបសាសនាដ៏ធំមួយ នៅព្រះវិហារអ៊ីស្លាមមួយកន្លែងនៅតំបន់ Jamek Sri Petaling Mosque ក្នុងទីក្រុងគូឡាឡាំពួរ ៕
ចែករំលែកព័តមាននេះ