ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​ក្រុង​អង្គរធំ​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម (វីដេអូ)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ខ្លោងទ្វារ​តា​កាវ ជា​ខ្លោងទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ក្រុង​អង្គរធំ ដែល​ស្ថិត​នៅ​ទិស​ខាងលិច​នៃ​ប្រាសាទបាយ័ន ។ ដោយសារ​អាយុកាល អាកាសធាតុ សង្គ្រាម កង្វះ​ការ​ថែទាំ និង​ការ​ដុះដាល​នៃ​ដើមឈើ…

ខេត្តសៀមរាប ៖​ខ្លោងទ្វារ​តា​កាវ ជា​ខ្លោងទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ក្រុង​អង្គរធំ ដែល​ស្ថិត​នៅ​ទិស​ខាងលិច​នៃ​ប្រាសាទបាយ័ន ។ ដោយសារ​អាយុកាល អាកាសធាតុ សង្គ្រាម កង្វះ​ការ​ថែទាំ និង​ការ​ដុះដាល​នៃ​ដើមឈើ បណ្តាល​ឱ្យ​រូបចម្លាក់​បង្កាន់ដៃ​យក្ស និង​ទេវតា​ជា​ច្រើន​ដួល​រលំ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ ពិសេស​រូប​ដំរី​ទាំង​៤​បាន​រង​នូវ​ការ​ខូចខាត​ជា​ខ្លាំង ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​ដើម្បី​សង្គ្រោះ និង​អភិរក្ស ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​នា​ពេល ថ្មី​ៗ​នេះ​ថា​កញ្ញា​ម៉េ​ង សុវណ្ណ​លី​លី​ន ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ហើយ​ជា​អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​អ្នកជំនាញ​ស្ថាបត្យកម្ម ក្រុម​សម្រង់​ប្លង់ ក្រុម​រក និង​ផ្គុំ​ថ្ម និង​ក្រុម​ដំឡើង​រន្ទា កំពុង​អនុវត្ត​ការងារ​ទល់​ទ្រ​រចនាសម្ព័ន្ធ​ផ្នែក​ខាង​ក្នុង​ខ្លោងទ្វារ ស្វែងរក​បំណែក​ថ្ម​នៃ​តួ​ខ្លោងទ្វារ ដំរី​អាទិទេព និង​បង្កាន់ដៃ ។

ចំណែក​ក្រុមការងារ​ផ្នែក​បុរាណវិទ្យា​គ្រោង​នឹង​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ដើម្បី​ស្វែងរក​បំណែក​ថ្ម​បន្ថែម ព្រមទាំង​សិក្សា​ពី​រចនាសម្ព័ន្ធ​គ្រឹះ​របស់​ខ្លោងទ្វារ និង​បង្កាន់ដៃ​ផង​ដែរ​នៅ​ពេល​រក​ថ្ម​នៅ​ស្រទាប់ដី​ចាក់​បង្គរ​ខាងលើ​បញ្ចប់​។ កិច្ចការ​នេះ​ដំណើរការ​ជួសជុល​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៩ ហើយ​គម្រោង​នេះ​ត្រូវការ​រយៈពេល​ប្រមាណ​២​ឆ្នាំ​ដើ​ម្បី​អនុវត្ត ។

ខ្លោងទ្វារ​តា​កាវ​រង​នូវ​ហា​នី​ភ័យ​ខ្ពស់​ត្រង់​តួ​នៃ​ខ្លោងទ្វារ ចំណុច​ដំរី​អាទិទេព​ដោយសារ​ទម្ងន់​ពី​កំពូល​ខ្លោងទ្វារ​សង្កត់​ធ្លាក់​មក​ក្រោម​ចំ​ដំរី​ទាំង​៤ ។ ដូចនេះ​ការ​ជួសជុល​ដំណាក់កាល​ទី​១ តម្រូវ​ឱ្យ​មានការ​ជួសជុល និង​ពង្រឹង​ដំរី​នេះ ដើម្បី​ទ្រទ្រង់​រចនាសម្ព័ន្ធ​នៃ​ខ្លោងទ្វារ ។ ដំណាក់កាល​ទី​២ នឹង​ជួសជុល​តួ​ខ្លោងទ្វារ ហើយ​ដំណាក់កាល​ទី​៣​សិក្សា​និង​ពង្រឹង​ទួល​ដែល​នៅ​ជុំវិញ​ខ្លោងទ្វារ ។

កញ្ញា​ម៉េ​ង សុវណ្ណ​លី​លី​ន បញ្ជាក់​ថា ៣​ខែ​កន្លង​មកនេះ ក្រុមការងារ​បាន​ដំឡើង​រន្ទា​ផ្នែក​ខាងក្នុង​បាន​ប្រមាណ​៦០%​ហើយ​ដើម្បី​ជួយ​ទ្រទ្រង់​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​នៅ​ពេល​រើ​ថ្ម​ដំរី​ដើម្បី​ជួសជុល ។ បន្ថែម​ពី​នោះ​ក៏​បាន​ចុះបញ្ជី​ថ្ម​រាយ​ប៉ាយ​ទាំង​៤​ទិស ចែក​ចេញ​ជា​៤​តំបន់​ទៅ​តាម​ទិស នីមួយ​ៗ រក​ថ្ម​ដំរី រក​ថ្ម​ដំបូល​ដែល​បាត់ សម្រង់​ប្លង់ គូរ​ប្លង់ និង​ធ្វើ​ប្លង់​ហា​នី​ភ័យ​នៃ​ខ្លោងទ្វារ ។ ក្នុង​នោះ​ដែរ​ក្រុមការងារ​ក៏​បាន​សាកល្បង​ផ្គុំ​ថ្ម​បង្កាន់ដៃ​យក្ស ពេល​បាន​ប្រទះ​ឃើញ​បំណែក​តួខ្លួន​និង​ប្រអប់​ដៃ​យក្ស​ពេល​រក​ថ្ម​ផង​ដែរ ។

ជា​កិច្ច​ការងារ​បន្ត ក្រុមការងារ​ក៏​នឹង​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ដើម្បី​សិក្សា​ពី​គ្រឹះ​តួ​បង្កាន់​ដៃ​និង​បង្ហាប់​គ្រឹះ​ឡើង​វិញ រួច​សិក្សា​លើ​ផ្លូវ​ដែល​ឆ្លងកាត់​ដែល​ជា​ចំណោទ​នាំ​ទឹក​ហូរ​ច្រោះ​ឱ្យ​រលុះ​ដី ដើម្បី​កែប្រែ​សណ្ឋាន​ដី​និង​បុក​បង្ហាប់ដី​ឱ្យ​ស្មើនឹង​គ្រឹះ​នៃ​បង្កាន់ដៃ​យក្ស​និង​ទេវតា​សងខាង​ការពារ​ការ​ហូរ​ច្រោះ​ដី ។

ចំពោះ​ខ្លោងទ្វារ​តា​កាវ​កន្លង​មក មិន​ធ្លាប់​ទទួល​បានការ​ជួសជុល​ទេ គ្រាន់តែ​បាន​ទល់​ទ្រ​ដំរី​អាទិ​ទេព​ទាំង​៤​នៅ​ឆ្នាំ​២០០៧ ហើយ​ក្រាលកម្រាល​ឈើ​ដើម្បី​ធ្វើ​ដំណើរ​ឆ្លងកាត់​។ លុះ​ឆ្នាំ​២០១៥ ក្រុមការងារ​ក៏​បាន​រុះ​កម្រាល​ឈើ ហើយ​ចាក់​ដី​បំពេញ​ដោយ​ដីក្រហម និង​ហាម​មិន​ឱ្យ​រថយន្ត​ឆ្លងកាត់ ដោយ​អនុញ្ញាត​ឱ្យ​តែ​ម៉ូតូ​និង​រ៉ឺ​ម៉ក​ក៍​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ