ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​រហូត​មក​ទល់​ពេល​នេះ​ជួសជុល​ជិត​រួចរាល់​១០០​ភាគរយ​ហើយដោយ​បាន​ប្រើប្រាស់​ថវិកា​អស់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​កាលពី​ពេល​ថ្មី​នេះ។ លោក​អគ្គលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ថា អាង​ហែល​ទឹក​មួយ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន តាំងពី​ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​រហូត​មក​ទល់​ពេល​នេះ​ជួសជុល​ជិត​រួចរាល់​១០០​ភាគរយ​ហើយដោយ​បាន​ប្រើប្រាស់​ថវិកា​អស់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​កាលពី​ពេល​ថ្មី​នេះ។

លោក​អគ្គលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ថា អាង​ហែល​ទឹក​មួយ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន តាំងពី​ខែកញ្ញា ឆ្នាំ​២០១៩ មក​ម៉្លេះ បើ​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជាង​៦​ខែ​ប៉ុណ្ណោះ​។ អាង​ហែល​ទឹក​នេះ​ជា​អាង​ដែល​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ត្រឹមត្រូវ ព្រោះ​ទីតាំង​អាង​ត្រូវ​បាន​ចែក​ចេញ​ជា​២​ផ្នែក ។ ផ្នែក​ម្ខាង​ជា កន្លែង​សម្រាប់​ប្រកួត​ឬ​ហ្វឹកហាត់ ហែល​ចម្ងាយ និង​ផ្នែក​ម្ខាង​ទៀត​ជា​កន្លែង​ទឹក​ជ្រៅ​សម្រាប់​ហ្វឹកហាត់​ឬ​ប្រកួត​លោត​ពីលើ​ចុះ​មក​ក្រោម​។​មិនតែប៉ុណ្ណោះ​បរិវេណ​ជុំវិញ​មាន​បំពាក់​កៅអី​ជ័រ​ប្រភេទ​ស្ដង់ដារ​សម្រាប់​អ្នក​ទស្សនា​ទៀត​ផង​។

អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ត្រូវ​បាន​ជួសជុល​និង​កែ​លម្អ​ឡើង​វិញ​ទាំងស្រុង មាន​ទាំង​បន្ទប់​ស្នាក់​នៅ​របស់​កីឡាករ​ជម្រើសជាតិ បន្ទប់​ផ្លាស់​ប្ដួ​រ​សម្លៀក​បំពាក់ និង​មាន​អាហារ​ដ្ឋា​ន ទៀត​ផង ។ អាង​ហែល​ទឹក​មួយ​នេះ​ជា​កន្លែង​មួយ​ដ៏​សំខាន់​សម្រាប់​បម្រើ​ឱ្យ​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ធំ​ៗ ជា​ពិសេស​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក ហែម គិរី បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ជួសជុល​សាងសង់​បាន​១០០​ភាគរយ​នៅឡើយ​ទេ ព្រោះ​នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​លើ​ការងារ​ចុង​ក្រោយ​គឺ​ការ​សម្អាត ។ ទោះបីជា​ការ​សាងសង់​ជិត​រួចរាល់​១០០​ភាគរយ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ចំពោះ​ពេលវេលា​នៃ​ការ​បើក​ឱ្យ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ