ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ធំ​ៗ​ចំនួន​២ នៅ​ឡាស​វេ​ហ្គា​ស ប្រកាស​បិទ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ទីក្រុង​ឡូ​ស​អេ​ន​ជី​ឡេ​ស ៖ ប្រតិបត្តិ​ករ​កាស៊ីណូ​ធំ​ៗ ​ចំនួន​ពីរ​ នៅ​ឡាស​វេ​ហ្គា​ស Las Vegas គឺ​ក្រុមហ៊ុន MGM Resorts…

ទីក្រុង​ឡូ​ស​អេ​ន​ជី​ឡេ​ស ៖ ប្រតិបត្តិ​ករ​កាស៊ីណូ​ធំ​ៗ ​ចំនួន​ពីរ​ នៅ​ឡាស​វេ​ហ្គា​ស Las Vegas គឺ​ក្រុមហ៊ុន MGM Resorts International និង Wynn Resorts Ltd បាន​ប្រកាស​កាលពី​យប់ថ្ងៃអាទិត្យ​ថា ពួក​គេ​នឹង​បិទ​ទ្វារជា​បណ្តោះអាសន្ន ដើម្បី​បង្ការនិង​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លងបង្ក​ឡើង​ដោយ COVID-19 នេះ​បើ​តាម​សារព័ត៌មាន​ចិន​ស៊ី​ន​ហួរ ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៦ មីនា ។

លោក Jim Murren នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន MGM បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​បិទ​បណ្តោះអាសន្ន​គឺ​ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៦ ​មីនានេះតទៅ “​ដើម្បី​សុវត្ថិភាព​របស់​បុគ្គលិក ភ្ញៀវ និង​សហគមន៍​របស់​យើង​” ហើយនឹង​បើកដំណើរ​ឡើងវិញ​ ដោយ​មិន​កំណត់ពេល​ឡើយ ។

លោក​ប្រធាន Jim Murren បន្ត​ថា “​ឥឡូវនេះវា​ច្បាស់​ណាស់​ថា នេះ​គឺជា​វិបត្តិ​សុខភាព​សាធារណៈ ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ជា​សំខាន់ ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​របស់​មេរោគ​” ។ យើង​នឹង​មាន​គម្រោង​បើក​ឡើង​វិញ នៅ​ពេលស្ថានភាព​ធូរស្រាល និង​មាន​សុវត្ថិភាព ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក ផ្សាយ​ថា យ៉ាង​ហោច​ណាស់មាន​បុគ្គលិក​កាស៊ីណូ​របស់​ក្រុមហ៊ុន MGM ចំនួន​ពីរ​នាក់ហើយ ត្រូវ​បាន​បញ្ជាក់​ថា បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​ម្នាក់​ធ្វើការ​នៅ​កាស៊ីណូ Luxor និង​មួយទៀត​នៅ Wet Republic pool ។

ចំណែកឯ​ក្រុមហ៊ុន Wynn Resorts Ltd ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផង​ដែរ​ថា ខ្លួន​គ្រោង​នឹង​បិទ​កាស៊ីណូ នៅ Las Vegas ចំនួន​២ កន្លែងរយៈពេល​ពី​រស​ប្តា​ហ៍ ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៦​ល្ងាចថ្ងៃ​អង្គារ​ទី​១៧ មីនា​នេះ (​ម៉ោង​ក្នុងស្រុក​) ដើម្បី​ជួយ​ទប់ស្កាត់ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង ។

ទោះ​យ៉ាងណា ក្រុមហ៊ុន Caesars Entertainment Corp, Las Vegas Sands Corp. និង Boyd Gaming Corp បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ពួក​គេ​មិន​មាន​គម្រោង បិទ​កាស៊ីណូរបស់ខ្លួននៅ Las Vegas នៅឡើយ​ទេ ។

បើ​តាម​លោក Steve Sisolak អភិបាល​រដ្ឋ Nevada បានអោយ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា វា​អាស្រ័យ​លើ​ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ​នីមួយ​ៗ ក្នុង​ការ​ជ្រើសរើស​ថា តើ​ពួក​គេ​នៅ​តែ​បើក​ដំណើរការ​បន្ត ឬ​ក៏​ត្រូវ​បិទ​នោះ ព្រោះថា “​ចំណូល​ពី​កាស៊ីណូ វា​រួមចំណែក​មួយ​ដល់​សេដ្ឋកិច្ច​របស់​រដ្ឋ Nevada” ទោះជា​យ៉ាងណា​ លោក​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ពួក​គេ ។

ចំពោះ​កាស៊ីណូណា​​ដែល​មាន​គម្រោង​បិទ លោក​ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជួយ​ថែរក្សា​បុគ្គលិក​របស់​ពួក​គេ​ផង​ដែរ ។ ព្រោះថា មាន​កាស៊ីណូ​មួយ​ចំនួន ដែល​មាន​មូលដ្ឋាន​នៅ​ឡាស​វេ​ហ្គា​ស បាន​ចាប់ផ្តើម​បញ្ឈប់​បុគ្គលិក​ខ្លួន(ជនបរទេស) ចំ​ពេល​ដែលសហរដ្ឋអាមេរិកដាក់​ចេញ​វិធានការ​បិទ​ការ​ធ្វើ​ដំណើរ​ពី​តំបន់​អឺរ៉ុប ។

មក​ដល់​ថ្ងៃ​ទី​១៧ មីនា ២០២០​នេះ សហរដ្ឋអាមេរិក មាន​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​ទូ​ទាំង​ប្រទេស​ចំនួន ៤,៧៣៦ ករណី​ហើយ និង​អ្នក​ស្លាប់ ចំនួន ៩៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ