ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេ​រ៉ូ​ន​ម្នាក់​ជាប់ជុច​ពាក់​ព័ន្ធ​ឆបោកប្រាក់​ជាង៣ម៉ឺន​ដុល្លារ​រឿង​ចូល​ហ៊ុន​ទិញ​លក់​ដី​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​កាមេ​រ៉ូ​ន​ម្នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​ឆ​.​បោក​ប្រាក់​ពី​ពាណិជ្ជករ​ខ្មែ​ចំនួន​៣៥០០០​ដុល្លារ​អា​មេ​រិ​ក រឿង​ចូល​ហ៊ុន​គ្នា​រកស៊ី​ទិញ​លក់​ដី…

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​កាមេ​រ៉ូ​ន​ម្នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​ឆ​.​បោក​ប្រាក់​ពី​ពាណិជ្ជករ​ខ្មែ​ចំនួន​៣៥០០០​ដុល្លារ​អា​មេ​រិ​ក រឿង​ចូល​ហ៊ុន​គ្នា​រកស៊ី​ទិញ​លក់​ដី ។

ជនសង្ស័យ​មានឈ្មោះ MEZATIO CHUNMELER SIEGFRIEJ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​កាមេ​​រ៉ូ​ន មុខរបរ​មិន​ពិតប្រាកដ ចូល​មក​ស្នាក់​នៅ​អា​ផា​តា​មិន ផ្លូវ​លេខ​៥១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ទាក់ទិន​ករណី​ឆបោក​ប្រាក់​ខាងលើ​នេះ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០ ឈ្មោះ ឌី ឃ​ន និង​សន្តិសុខ​យាម​នៅ​អា​ផា​តា​មិន ឌី​ប្រី​ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​កាមេ​រ៉ូ​ន​ឈ្មោះ MEZATIO ទៅ​ប្រគល់​ឲ្យ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ ។ ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទប្រកាន់​នោះ​មែន ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បញ្ជូន​ទៅ​កាន​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​បន្ត​ថា តាម​ពាក្យបណ្តឹង​ឈ្មោះ ឌី ឃ​ន កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២០ ខ្លួន​បាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ ដោយ​និយាយ​ប្រាប់​គ្នា​ថា គាត់​មាន​លុយរាប់​លាន​ដុល្លារ​ដើម្បី​យក​មក​ទិញ​ដី​នៅ​ស្រុក​ខ្មែរ ដែល​លុយ​នោះ​ចាយ​នៅ​ស្រុក​គាត់​លែង​កើត ។ លុះដល់​ថ្ងៃ​ទី​១០ ខែមីនា ខ្លួន​(​ដើមបណ្តឹង​)​បាន​ណាត់ជួប​ជនសង្ស័យ​នៅ​ហាង​បា​រ៉ាង​ផ្លូវ​១៤៤ ស្ថិត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បន្ទាប់​មក​ថ្ងៃ​ទី​១១ ខែមីនា ជនសង្ស័យ​បាន​មក​ជួប​ដើមបណ្តឹង​ម្តងទៀត​នៅ​ខុន​ដូរ​របស់​គាត់​ម្តុំ​បឹង​ត្របែក ពេល​នោះ​ជនសង្ស័យ​បាន​ឲ្យ​ប្រាក់​១០០​ដុល្លារ​ទៅ​ដើមបណ្តឹង ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​លុយ​របស់​គាត់​១០០​ដុល្លារ​អា​មេ​រិ​ក​ដែរ ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​វិល​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ រហូត​ដល់​ថ្ងៃរសៀល​ដើមបណ្តឹង​បាន​យក​លុយ​១០០ ដុល្លារ​ដែល​ជនសង្ស័យ​ឲ្យ​នោះ យក​ទៅ​ដាក់​ធនាគារ ដើម្បី​ចង់​ដឹង​លុយ​សុទ្ធ​មិន​សុទ្ធ ពេល​នោះ​ធនាគារ​ទទួលយក​ធម្មតា ។ ដូច្នោះ​ហើយ​ជនសង្ស័យ​បាន​ណាត់​ឲ្យ​ប្រមូលប្រាក់​ដែល​មាន​យក​ទៅ​ដាក់​ធនាគារ​ហើយ​ខ្លួន​(​ដើមបណ្តឹង​)​ក៏​បាន​យក​ប្រាក់​ចំនួន​៣៥ ០០០ ដុល្លារ​អា​មេ​រិ​ក​បំណង​កាន់​យក​ទៅ​តម្កល់​នៅ​ធនាគារ​ដែរ ។

បន្ទាប់​មក​ទៀត​ដើមបណ្តឹង​បាន​ទៅ​ជួប​ជនសង្ស័យ​នៅ​សណ្ឋាគារ​​មួយកន្លែង​ ពេល​ទៅ​ដល់​ក៏​ឃើញ​មាន​គ្នា​២​នាក់ រួម​ដំណើរ​ទៅ​ខុន​ដូរ​របស់​គាត់​ដើម្បី​រាប់​លុយ​បញ្ចូល​គ្នា​វិច​ខ្ចប់​យក​ទៅ​ដាក់​ក្នុង​ធនាគារ ។ ពេល​ទៅ​ដល់​ធនាគារ​ស្រាប់តែ​ជនសង្ស័យ​បាន​ប្រាប់​ថា គេ​ភ្លេច​សម្ភារៈ​នៅ​សណ្ឋាគារ ហើយ​ជន​រង​គ្រោះ​បាន​ក៏​បាន​ជូន​ជនសង្ស័យ​ទៅ​ខុន​ដូរ​វិញ លុះ​ពេល​ទៅ​ដល់​ជនសង្ស័យ​បាន​ព្យាយាម​គេចខ្លួន តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ ទើបបាន​សន្តិសុខ​ជួយ​ចាប់​ជនសង្ស័យ នឹង​បាន​ប្រគល់​ឲ្យ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​តែ​ម្តង​ទៅ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​មានគំនិត​ទុច្ចរិត​ចង់ ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​យ៉ាង​ដូច្នោះ​មែន ជាក់ស្តែង​លុយ​មួយ​ដុំ​ដែល​រុំ​ស្កុ​ត​ជិត មាន​បំណង​កាន់​យក​ទៅ​ដាក់​ធនាគារ​ជាមួយ​ជន​រង​គ្រោះ​នោះ ជា​ក្រដាស​សុទ្ធ​សាត​ដើម្បី​បំភ័ន្ត​ជន​រង​គ្រោះ​បោក​យក​ប្រាក់​តែ​ប៉ុណ្ណោះ ។

ដោយ​យោង​ទៅ​លើ​បទល្មើស​ជាក់ស្តែង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ បន្ទាប់​ពី​បើក​ការ​ស៊ើបសួរ​យ៉ាង​ពេញលេញ តំណាង​អយ្យ ការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាតិ​កាម​រ៉ូ​ន​នោះ​ជា​ផ្លូវការ​ពី​បទ​.​ឆបោក នឹង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ