ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០ នៅសាលាខេត្តពោធិ៍សាត់ មានធ្វើពិធីប្រកាសផ្ទេរនិងតែងតាំងចូលកាន់ណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការនិងជាតំណាងរបស់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកជំទាវ ជាសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តមួយចំនួនទៀត។
យោងតាមព្រះរាជក្រិត្យលេខ នស/រកត/០២២០/២១២ បានត្រាស់បង្គាប់តែងតាំងនិងផ្ទេរមុខតំណែងលោក កូយ កាន់យ៉ា ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជំនួសលោក តន់ សីហតេជៈ ដែលត្រូវបានព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអគ្គព្រះអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរខេត្តត្បូងឃ្មុំ ។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ចរតែងតាំងព្រះរាជអាជ្ញានាពេលនេះ ជាផ្នែកមួយនៃការកែទម្រង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ក្នុងការបម្រើសេវាយុត្តិធម៌ឲ្យកាន់តែប្រសើរឡើងថែមទៀត គឺធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្តពីសំណាក់សាធារណៈជននិងប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌នេះ។
លោករដ្ឋរមន្ត្រី បានជម្រុញឲ្យលោកព្រះរាជអាជ្ញាដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការ សាមគ្គីផ្ទៃក្នុងឲ្យបានល្អជាមួយមន្ត្រីក្នុងស្ថាប័ន អាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ទប់ស្កាត់និងបង្ក្រាបបទល្មើសដែលកើតមានក្នុងខេត្តពោធិ៍សាត់។
លោកបានសំណូមពរដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រកាន់ភ្ជាប់នូវ សម្បជញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឲ្យមនសិការកាន់តែទទួលនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនយ៉ាងម៉ឹងមាត់ ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យសម្រាប់ជួយតម្រង់ផ្លូវឲ្យចៅក្រម និងព្រះរាជអាជ្ញាគោរពច្បាប់ ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលាការ។ ត្រូវជម្រុញ លើកកម្ពស់ឯករាជ្យភាពរបស់តុលាការ ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌ ប្រកបដោយការទទួលខុសត្រូវ និងបន្តចាត់ការទាន់ពេលវេលាស្របទៅតាមនីតីវិធី ដែលច្បាប់បានកំណត់ ៕(កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ