ខេត្តកំពត ៖ ដូចការគ្រោងទុកសមយុទ្ធនាគមាសឆ្នាំ២០២០ ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅទីលានសមយុទ្ធ ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកវ៉ាង វីនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា និងឯកអគ្គរាជ
ទូត ឯកអគ្គរដ្ឋទូតបរទេសមួយចំនួននៅកម្ពុជាផងដែរ ។
លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានថ្លែងថា នេះជាលើក
ទី៤ហើយដែលកងយោធពលខេមរភូមិន្ទបានដើរតួនាទីជាស្នូលក្នុងការរៀបចំធ្វើសមយុទ្ធជាមួយកងទ័ពរំដោះប្រជាជនចិន ។ គោលបំណងនៃសមយុទ្ធនីមួយៗ បានធ្វើឡើងជាលក្ខណៈទ្វេភាគី ក្រោមការជួយឧបត្ថម្ភគាំទ្រពីកងទ័ពរំដោះប្រជាជនចិន សុទ្ធតែបានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់កិច្ចទំនាក់ទំនង បង្កើនចំណងសាមគ្គីភាព សម្ព័ន្ធមេត្រីភាព បណ្តុះបណ្តាលចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ អភិវឌ្ឍន៍ធនធានមនុស្ស ។ ជាពិសេស ធ្វើឱ្យប្រសើរឡើងនូវសមត្ថ ភាពកងទ័ពប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការជាលក្ខណៈពហុភាគីឲ្យយោធិនគ្រប់រូបចេះសម្របសម្រួល ចេះរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទាំងក្នុងពេលប្រតិបត្តិការក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណី ។
លោកនាយឧត្តមសេនីយ៏បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ «សូមសម្តែងការចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាជនចិនជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ខាងវិស័យសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីមេរោគជំងឺផ្លូវដង្ហើមវីរុសកូវីដ-១៩ នាពេលកន្លងមក ។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជា ជនកម្ពុជាទាំងមូលនៅតែមានគោលជំហរមិនងាករេ ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ រួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិនដោយពុំមានការរើសអើងហើយសង្ឃឹមថាជំងឺដ៏កាចសាហាវមួយនេះនឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ» ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងបន្ថែមថា សមិទ្ធផលដែលរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ពសម្រេចបាននាពេលកន្លងមក គឺបានមកពីការរួមចំណែកជួយឧបត្ថម្ភគាំទ្រ ទាំងមធ្យោបាយ សម្ភារ ថវិកា ក៏ដូចជាការជួយបណ្តុះបណ្តាលធនធានមនុស្សពីសំណាក់រដ្ឋាភិបាលប្រជាជន និងកងទ័ពបណ្ដាប្រទេសជាមិត្ត
ជាពិសេសសា ធារណរដ្ឋប្រជាមានិតចិន ។ សមយុទ្ធនាគមាសឆ្នាំ២០២០ ក្រោមប្រធានបទ(រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌) បានធ្វើឲ្យកងយោធពល ខេមរភូមិន្ទកាន់តែមានសមត្ថភាព និង ទទួលបាននូវជំនាញថ្មីៗបន្ថែមទៀត លើប្រតិបត្តិការចម្រុះជាតិសាសន៍នេះ ។
លោក វ៉ាង វីនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់ថាការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ ដែលជាការធ្វើសមយុទ្ធរួមគ្នា ។ កម្ពុជា ចិន មានប្រវត្តិសាស្ត្រជាមួយគ្នាយូរមកហើយ ជួយយកអាសារគ្នា ទៅវិញទៅមក ។ នៅក្នុងពេលនេះព្រះមហាក្សត្រកម្ពុជានិងសម្តេចម៉ែ ព្រះអង្គបានប្រទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយដល់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់កូវីដ១៩ និងសម្តេចតេជោ បានគាំទ្រយ៉ាងពេញទំហឹងជាមួយរដ្ឋាភិបាលចិន លើការប្រយុទ្ធប្រឆាំង និងជំងឺកូរ៉ូណាឬកូវីដ១៩ ។
ភាគីចិនបន្តជួយកម្ពុជាលើការទប់ស្កាត់កូវីដ១៩នេះ ដោយលោកមានជំនឿថា សមយុទ្ធនាគមាសឆ្នាំ២០២០និងទទួលបានជោគជ័យ ហើយមិត្តភាពចិន-កម្ពុជានៅស្ថិតស្ថិរជាអមតៈ ។ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទមានប្រសាសន៍បញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២០ ប្រព្រឹត្តឡើងពីថ្ងៃទី១៤-៣១ មីនា២០២០ និងមានវិញ្ញាសាសមយុទ្ធរួមគ្នាសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌និងការរួមគ្នាប្រឆាំងភេរវកម្ម ។
ការប្រើកម្លាំងកងទ័ពចិនមានចំនួន២៦៥ នាក់ ។ ចំពោះកងយោធពលខេមរមិន្ទ មានចំនួន២៧៤៦នាក់ កម្លាំងធ្វើសមយុទ្ធជាង៤០០នាក់ ៕
ចែករំលែកព័តមាននេះ