ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រឹត​បន្តឹង​ផ្ទះសំណាក់ សណ្ឋា​គារ ក្លឹ​ប​កម្សាន្ត​នានា​ក្នុង​ក្រុង​សែន​មនោ​រ​ម្យ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ា​ង បាន​ថ្លែងប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ នេះ​ថា ផ្ទះសំណាក់…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ា​ង បាន​ថ្លែងប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ នេះ​ថា ផ្ទះសំណាក់ សណ្ឋាគារ ក្លឹ​ប​កម្សាន្ត​នានា​ក្នុង​ក្រុង​សែន​មនោ​រម្យ និង​ត្រូវ​ពិនិត្យ​ដោយ​មន្ត្រី​ជំនាញ​ជា​ទៀងទាត់ ដើម្បី​ធានា​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គ្រប់ការ​ធ្វើ​ដំណើរ​របស់​​ជនបរទេស​ចូល​មក​ក្នុង​ខេត្តមណ្ឌលគិរី ក៏​មានការ​ពិនិត្យ​ជា​មុន​ពី​ក្រុម​មន្ត្រី​ជំនាញ​ផង​ដែរ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៦ ខែមីនា នៅ​ចំណុច​គោលដៅ​ជាប់​ព្រំប្រទល់​ខេត្តក្រចេះ មណ្ឌលគិរី លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កម្លាំង​ចម្រុះ​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បទបញ្ជា​ថ្មី​នូវ​ករណី​សង្ស័យ ដើម្បី​ពិនិត្យ​មើល​កំ​ដៅ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ខេត្តមណ្ឌលគិរី លើ​រថយន្ត​ដែល​ជា​ជនជាតិ​បរទេស និង​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​។

ក្នុង​សកម្មភាព​នោះ ដឹកនាំ​បទបញ្ជា​ដោយ​ឧត្តមសេនីយ៍ត្រី ចាន់ ទិ​ត្យ ស្នងការ​រង​ខេត្តមណ្ឌលគិរី និង​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល​ចរាចរណ៍ កងកម្លាំង​អន្តរាគមន៍ នគរបាល​អន្តោប្រវេសន៍ កង​កម្លាំង​អាវុធហត្ថ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​បុគ្គលិក​ពេទ្យ​ជំនាញ ។

លោក ចាន់ ទិ​ត្យ បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​សរុប​រួម​ចំនួន​២៤ រូប បាន​ធ្វើការ​ចុះ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អនុវត្តន៍​បទបញ្ជា​ថ្មី ករណី​ត្រួតពិនិត្យ ជនជាតិ​ម៉ា​ឡេ​ស៊ី និង​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ក្នុង​ករណី សង្ស័យ​ផ្ទុក​ជំងឺ Covid-19 ជា​ប្រចាំ ដែល​ធ្វើ​ដំណើរ​លើ​រថយន្ត​គ្រប់​ប្រភេទ​​ចូល​មក​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។​ចំពោះ​ច្រក​ទ្វារ​ទ្វេភាគី​ទាំង​៣ ដែល​មានការ​ចេញចូល​រវាង​ពលរដ្ឋ​កម្ពុជា និង​វៀតណាម ក៏​មាន​មន្ត្រី​សុខាភិបាល​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ​។

ជុំវិញ​វិធានការ​ខាងលើ​នេះ លោក ស្វាយ សំ​អ៊ា​ង បាន​បញ្ជាក់​ថា នេះ​គឺជា​វិធានការ​ការពារ​របស់​អាជ្ញាធរ ដែល​ត្រួតពិនិត្យ​ជនបរទេស​ចេញ​-​ចូល​ក្នុង​ខេត្ត ចៀសវាង​មាន​ជំងឺ​អ្វីមួយ​ដោយ​យើង​មិន​បានដឹង ហើយ​បង្ក​ការ​ឆ្លង​នៅ​ក្នុង​ខេត្ត​យើង​តែ​ប៉ុណ្ណោះ ។ ព្រោះ​មិន​អាច​សន្និដ្ឋាន​បាន​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​បង្ការ​ទប់ស្កាត់ តាម​គ្រប់​រូបភាព​យ៉ាង​ដូច្នេះ​ហើយ​។ លោក​បន្ថែម​ថា អាជ្ញាធរ​នឹង​ដាក់​វិធានការ​ពិនិត្យ​ការ​ស្នាក់​នៅ និង​នៅ​តាម​ផ្ទះសំណាក់ ព្រមទាំង​សណ្ឋាគារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ទោះជា​យ៉ាងណា បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា នៅ​មិន​ទាន់​មាន​សេចក្តី​រាយ​ការ​ណាមួយ អំពី​ករណី​សង្ស័យ​ពី​វីរុស​ដ៏​សាហា​នេះ ក្នុង​ខេត្តមណ្ឌលគិរី​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ