រាជធានីភ្នំពេញ ៖ មួយសប្តាហ៍ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវកាលពីថ្ងៃទី៩ ខែមីនា ទៅដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ដូចជាម្ចាស់បូរីនានាពាក់ព័ន្ធការពន្យាពេលសងប្រាក់ត្រឡប់ ឬមិនយកការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារពេលរោងចក្រផ្អាកព្រោះមិនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់សង្វាក់ផលិតកម្មនោះ គឺមកដល់ពេលនេះដំណើរការនៃការសងប្រាក់ត្រឡប់របស់កម្មករមកខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងដំណើរការឈានទៅរកការកំណត់អត្តសញ្ញាណកម្មករពិតដែលកំពុងពើបប្រទះនឹងបញ្ហា។ ប៉ុន្តែគោលការណ៍នៃការមិនយកការប្រាក់ ទៅលើកម្មករនូវមិនទាន់មានច្បាស់លាស់នៅឡើយនោះទេ។
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១៥ មីនាថា គិតមកដល់ថ្ងៃទី ១៥ មីនានេះខាងសមាគមបានប្រជុំពិភាក្សាជាមួយនាយកប្រតិបត្តិនានានិងបានឯកភាពជារួមថា «ត្រូវសម្រួលដល់ការសងប្រាក់ត្រឡប់វិញដោយពិនិត្យលទ្ធភាពចំពោះកម្មករដែលបានព្យួរការងារ ផ្អែកទៅតាមទិន្នន័យដែលទទួលបានពីក្រសួងការងារនេះនឹងចាប់ផ្តើមធ្វើក្នុងពេលឆាប់ៗនេះហើយ» ។ លោកបានបន្តថា ពេលនេះយើងកំពុងរងចាំទិន្នន័យកម្មករដែលត្រូវបានព្យួរការងារពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនៅក្នុងសប្តាហ៍ក្រោយនេះយើងនឹងបន្តសម្របសម្រួលធ្វើការជាមួយក្រសួងការងារដើម្បីយកទិន្នន័យនេះចែករំលែកទៅដល់ទាំងសមាជិកសមាគមមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារ ឱ្យប្រើប្រាស់ទិន្នន័យដែលបានមកពីក្រសួងការងារជាគោល។
ទន្ទឹមនឹងសមាជិកសមាគមមីក្រូហិរញ្ញវត្ថុឯកភាពលើការពន្យាការសងប្រាក់ត្រឡប់របស់អ្នកខ្ចីប្រាក់ ក៏ប៉ុន្តែគោលការណ៍មិនយកការប្រាក់ក្នុងពេលកម្មករព្យួរការងារនេះគឺនៅមិនមានភាពច្បាស់លាស់ពីសមាជិករបស់ខ្លួននៅឡើយនោះទេ។
លោក ផល វ៉ាន់ឌី មានប្រសាសន៍ថា «យើងនិយាយថា តើគ្រឹះស្ថាននីមួយៗអាចធ្វើទៅរួច ឬទេក្នុងការមិនយកការប្រាក់ពីអតិថិជន។ ព្រោះសម្តេចតេជោ បានជូនយោបល់ពីរគឺអាចពន្យាពេលសងការប្រាក់ត្រឡប់ ឬមិនយកការប្រាក់បានទេ? នៅចំណុចនេះគាត់(សមាជិក) សុំរក្សាសិទ្ធិអត់ឆ្លើយតបសិន។ គាត់សុំពិនិត្យលទ្ធភាព ព្រោះគាត់មានលំបាកខ្លះដែរ ព្រោះកិច្ចការនេះត្រូវជជែកគ្នាជាមួយម្ចាស់ភាគហ៊ុន ព្រោះប្រាក់នេះគាត់ត្រូវខ្ចីមកពីខាងក្រៅប្រទេស ។ បើគាត់អនុវត្តចំណុចនេះប្រហែលគាត់ជួបការលំបាកខ្លាំង តែគាត់ក៏សុំលទ្ធភាពមួយសម្រួលដល់ការសងប្រាក់ត្រឡប់របស់អតិថិជន។ មានន័យថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវធ្វើតារាងសងប្រាក់ឡើងវិញ ហើយកិច្ចការនេះជាទូទៅគេពុំដែលធ្វើនោះទេ» ។
សូមរម្លឹកថាសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ០៩ មីនា បានថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅខេត្តពោធិសាត៍ សូមឲ្យមីក្រូហិរញ្ញវត្ថុ ឬធានាគារ លើកលែងការប្រាក់ សម្រាប់កម្មករ ដែលត្រូវបានព្យួរការងារ (ពន្យារការសង ឬមិនយកការប្រាក់) ក្នុងរយៈពេលត្រូវព្យួរការងារនេះ ហើយសម្តេចក៏បានសុំឲ្យម្ចាស់បុរី ឬម្ចាស់ផ្ទះដែលលក់ផ្ទះឲ្យកម្មករ ឬអ្នកធ្វើការនៅតាមសណ្ឋាគារ ហើយត្រូវបានព្យួរ ការងារនេះពន្យាការបង់ប្រាក់ ។ កុំផ្តាច់ការប្រាក់ក្នុងពេលហ្នឹង ព្រោះនៅពេលមិនបង់ការប្រាក់នោះគេនឹងដេញចេញពីផ្ទះ អីចឹងទេ សុំឲ្យមានការ យោគយល់ចំពោះបញ្ហានេះ ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថាកម្មករដែលនឹងត្រូវព្យួរការងារនោះមិនដល់២ម៉ឺនាក់នោះទេ ដែលក្នុងចំណោមអ្នកទាំងនេះគឺអាចមានប្រមាណ ៥០% ជាប់បំណុលធនាគារ ដោយសារខ្ចីថវិកាធ្វើផ្ទះ និងធ្វើអ្វីផ្សេងៗទៀតជាដើម ៕
ចែករំលែកព័តមាននេះ