ក្លិបបាល់ទាត់ Valencia បានបង្ហើបឱ្យដឹងថា មនុស្សមិនតិចជាង៩នាក់ដែលមានទាំងកីឡាករ និងបុគ្គលិករបស់ក្លិប បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Covid-19។
សូមរំលឹកជូនថាកាលពីថ្ងៃអាទិត្យសប្តាហ៍មុនក្លិប Valencia ទើបតែបានប្រកាសរកឃើញកីឡាករ និងបុគ្គលិកចំនួន៥នាក់ ដែលមានផ្ទុកវីរុស Covid-19 ក្នុងក្លិបនេះ ក្នុងនោះរួមមានទាំងកីឡាករ Ezequiel Garay , Eliaquim Mangala និងកីឡាករ Jose Gaya។
ឥឡូវនេះក្លិប Valencia បានបញ្ជាក់ថាមាន៤ករណីទៀត ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកវីរុស Covid-19 ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទក្លិប Valencia បានប្រកាសថា «ការធ្វើតេស្តជាច្រើនទៀត ដើម្បីស្វែងរកអ្នកមានវីរុស Covid-19 ក្នុងចំណោមបុគ្គលិកគ្រូបង្វឹក និងកីឡាករ បានទទួលលទ្ធផលត្រលប់មកវិញគឺ វិជ្ជមាន» ។
«ករណីរកឃើញ រួមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីទទួលការវាយតម្លៃពីផ្នែកវេជ្ជសាស្ត្រ និងអនុវត្តផែនការបណ្តុះបណ្តាលដែលបានគ្រោងទុករបស់ក្លិប» ៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ