ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ សំអាត ទទួលស្គាល់​ថា ធ្លាក់​ទឹក​ដៃ ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ចាន់ សំអាត គឺជា​អតីត​កីឡាករ​ជើង​ខ្លាំង និង​ធ្លាប់​ឈរជើង​ជា​កីឡាករ​ជួរ​មុខ​នៅ​ក្នុង​វិស័យ​ប្រដាល់ ។ ជាមួយនឹង​ការ​សារភាព​ថា មិនសូវ​បាន​ចូល​ក្លិប​ហ្វឹកហាត់​ជាប់…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ចាន់ សំអាត គឺជា​អតីត​កីឡាករ​ជើង​ខ្លាំង និង​ធ្លាប់​ឈរជើង​ជា​កីឡាករ​ជួរ​មុខ​នៅ​ក្នុង​វិស័យ​ប្រដាល់ ។ ជាមួយនឹង​ការ​សារភាព​ថា មិនសូវ​បាន​ចូល​ក្លិប​ហ្វឹកហាត់​ជាប់ លាប់​ដូច​មុន កីឡាករ​រូប​នេះ​បាន​ទទួល​រង បរាជ័យ​ក្រោម​កណ្ដាប់ដៃ​កីឡា​ក​រ​ថៃ Pha Thalek កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០២០ នៅ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ ។ លោក​ត្រូវ​ថៃ​វាយ​ត្រូវ​ច្រើន​ដង មុន​ពេល​ត្រូវ​បាន​ប្រកាស លទ្ធផល​ថា​ចាញ់​ពិន្ទុ​យ៉ាង​អស់ចិត្ត​។

ការ​ប្រកួត​អន្តរជាតិ ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​ស្ទី​ឌី​យោ​របស់​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​នេះ កីឡាករ​ល្បីឈ្មោះ ចាន់ សំអាត ដែល​ជា​ជើង​ខ្លាំង​១​រូប​ផង ត្រូវ​ប៉ះ កីឡាករ​ថៃ​ឈ្មោះ Pha Thalek ដែល​ជា កីឡាករ​មាន​ថ្វីដៃ​មិនធម្មតា​ម្នាក់ ។ ការ​ប្រកួត នេះ​ម្នាក់​ៗ​មានការ​រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ដោយ​មិន​ពិបាក បើ​ទោះជា​កីឡាករ​ថៃ និង​ចាន់ សំអាត មាន​សមត្ថភាព​ប្រហែល​គ្នា​ក្ដី ។

កីឡាករ​កម្ពុជា បាន​សារភាព​ថា ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត​បើ​ធៀប​នឹង​រយៈពេល​មុន ប៉ុន្តែ​គេ​នៅ​តែ​ប្រឹងប្រែង​ហ្វឹកហាត់ មិនសូវ​ធ្វេសប្រហែស​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ អ្នកខ្លះ​ក៏​យល់​ស្រប​តាំងពី​ដំបូង​ថា កីឡាករ​កម្ពុជា​ដោយសារ​តែ​រវល់​តែ​នឹង​ការងារ​ខាង​ក្រៅ​ច្រើន​ជាង​ឡើង​ប្រដាល់ ពិតជា​ពិបាក​ឱ្យ​អ្នកគាំទ្រ​ជឿ​ថា គេ​នៅ​តែ​មាន​សមត្ថភាព​ដូច​ដើម​ដូច្នេះ​មែន ។

អ៊ីចឹង​ហើយ ទើប​កីឡាករ ចាន់ សំអាត ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ មិនសូវ​មានការ​វាយ​សម្រុក ហើយ​គ្រាន់តែ​ឈាន​ដល់​ទឹក​ទី​២ ក្នុង​ពេល​កីឡាករ​ថៃ​សម្រុកចូល​វាយបក​តែ​មួយ​ប្រាវ ក៏​ត្រូវ​អស់ខ្យល់​តែ​ម្ដង​។ កីឡាករ​ថៃ ស្ទុះ​វ័ធ​កែង​ផង ម៉ាត់​ផង ហើយ​ក្នុង​ពេល​កីឡាករ​ថៃ​អុក​មួយ​កែង​ចំ​ក្បាល​បើ​កុំ​តែ​ការ​ប្រកួត​ត្រូវ​វាយ​ជួង​ឱ្យ​សម្រាក កុំ​អី​កីឡាករ​កម្ពុជា​អាច​នឹង​បោះបង់​ការ​ប្រកួត ព្រោះ​តស៊ូ​លែង​បាន​ផង​ក៏​មិនដឹង ។ ចាន់ សំអាត និយាយ​ថា ខ្លួន​ខកចិត្ត​សម្រាប់​ការ​បរាជ័យ​ដោយ​ពិន្ទុ​នៅ​ក្នុង​ថ្ងៃ​នោះ ប៉ុន្តែ​លោក​ក៏​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ផង​ដែរ​។

ក្រោយ​លទ្ធផល​ស្ដែង​ឡើង​ថា​កីឡាករ​កម្ពុជា ដឹង​តែ​ចាញ់​ទោះ​មិន​ទាន់​ប្រកាស​ផ្លូវការ ម្នាក់​ៗ សុទ្ធតែ​លាន់មាត់​ថា ចាន់ សំអាត ពិតជា​ធ្លាក់ដៃ​ជាង​មុន ប៉ុន្តែ​កម្លាំង និង​សមត្ថភាព​របស់​គេ គឺ​នៅ​តែ​ខ្លាំង ប្រសិនបើ​គេ​មិន​ស៊យ​ត្រូវ​ថៃ​វាយ​ចំ​ចំណុច​សំខាន់ និង​ចាញ់​នៅ​ចុង​ទឹក​ទី​៥ ក៏​ប្រហែល​មិន​ចាញ់​យ៉ាង​អស់ចិត្ត​បែប​នេះ​ដែរ​។

ចាន់ សំអាត ទទួលស្គាល់​ថា លោក​មិនសូវ​បាន​ឡើង​ប្រកួត​ញឹកញាប់​ដូច​មុន ដោយសារ​តែ​លោក​មមាញឹក​ខ្លាំង​នឹង​ការ​រក​ចំណូល​ខាងក្រៅ ប៉ុន្តែ​លោក​ក៏​មាន​វិធានការ​ការពារ​កម្លាំង​របស់​លោក​មិន​ឱ្យ​បាក់​ស្រុត​នោះ​ដែរ គឺ​មិនមែន​មិន​ខំប្រឹង​នោះ​ទេ ។ លោក​ថា ហេតុផល​ដែល​លោក​បរាជ័យ និង​ប្រឹង​តស៊ូ​ខ្លាំង​ដែរ តែ​នៅ​តែ​ចាញ់​ពិន្ទុ គឺ​ដោយសារ​តែ​លោក​ត្រូវ​គេ​វ័ធ​កែង​ត្រូវ​យ៉ាង​ដំណំ​តាំងពី​ទឹក​ទី​២ ហើយ​មាន​សភាព​ឈឺ​ចុកចាប់​ចង់​ងងឹតមុខ​ក្នុង​ពេល​នោះ​។

លោក​ថា ខ្លួន​នៅ​តែ​មានការ​ថែរក្សា​សុខភាព និង​វិធានការ​បង្វឹក​ផ្លូវដង្ហើម​កុំឱ្យ​ឆាប់​ហត់​ត្រឹម​ ត្រូវ មិនមែន​ធ្វេសប្រហែស​ដូច​ការ​ប៉ាន់ស្មាន​ទេ ។ លោក​សារភាព​ថា ខ្លួន​ធ្លាក់ដៃ​ជាង​មុន ប៉ុន្តែ​លោក​មិន​បាន​បណ្ដោយ​ឱ្យ​អន់​កម្លាំង​ហើយ​នៅ​បន្ត​ការ​ប្រកួត​នោះ​ទេ ។ លោក​ថា លោក​កាត់​បន្ថយ​ការ​ប្រកួត មិនមែន​មាន​ន័យ​ថា​លោក​រយាល​ហ្វឹកហាត់ ហើយ​ដល់​ពេល​ឡើង​រេញ​ក៏​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ខកចិត្ត​នោះ​ទេ ដោយសារ​តែ​លោក​ក៏​ត្រូវការ​រក្សា​ក្រេ​ឌី​តរបស់​លោក​ដើម្បី​កុំឱ្យ​ស្ងប់ស្ងាត់​ទីផ្សារ​ដូច​គ្នា ។

លោក​ថា កីឡាករ​ថៃ គឺជា​ជើង​ខ្លាំង​ម្នាក់ ដែល​លោក​ធ្លាប់​ដឹង​ពី​សមត្ថភាព​តាំងពី​ពេល​នៅ​ខ្លាំង និង​មិន​ទាន់​ប៉ះ​គ្នា ហើយ​ប្រសិនបើ​លោក​មិន​មាន​បញ្ហា​របួស​ក្រោយ​ភ្លាត់​ប៉ុន្មាន​កែង​នោះ​ទេ គឺ​លោក​ពិតជា​អាច​តស៊ូ​បាន ដោយសារ​តែ​លោក​ក៏​ដឹង​ពី​ចំណុច​ខ្សោ​ុ​យ​កីឡាករ​ថៃ​រូប​នេះ​កន្លង​មក​ដែរ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា កីឡាករ ចាន់ សំអាត ដ្បិតថា​រយាល​ពេល​ឡើង​រេញ​ខុស​ពី​មុន ព្រោះតែ​ពិបាក​រក​គូប្រកួត​ឱ្យ​ត្រូវ ប៉ុន្តែ​ការ​ប្រកួត​​របស់​កីឡាករ​រូប​នេះ មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​ម្ដងណា​ដូច​លើក​នេះនោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា ការ​បរាជ័យ​លើក​នេះ គឺជា​រឿង​ស៊យ​ច្រើន​ជាង​។ លោក​ថា ហេតុផល​កីឡាករ​រូប​នេះ មិនសូវ​មាន​គូ​ឡើង​វ៉ៃ គឺ​ដោយសារ​តែ​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ប្រដាល់​តម្រូវ​ឱ្យ​មានការ​ផ្គូផ្គង​វិល​ជុំ ដែល​មាន​ន័យ​ថា ទម្រាំ​ដល់ គឺ​អាច​ច្រើន​ខែ ។

លោក​បន្ត​ទៀត​ថា ក្នុង​នោះ​បើ​ដល់​វេន ចាន់ សំអាត ហើយ​ស្រាប់តែ​កីឡាករ​រូប​នេះ​ប្រកែក​ថា​ជាប់រវល់ នោះ​ការ​ប្រកួត គឺ​ពិតជា​ត្រូវ​លើក​ពេល​ទៀត ។ មួយគូ​នេះ បើ​មើល​មួយ​ភ្លែត កីឡាករ​កម្ពុជា សម​នឹង​ឈ្នះ​ច្រើន​ជាង ស្របគ្នា​ដែល​គេ​ក៏​វាយ​ចេញ​ត្រូវ​ចំ​គោលដៅ​បាន​ច្រើន នៅ​ពេល​ការ​ប្រកួត​បើក​ប្រកួត​ភ្លាម​ៗ ។

លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បញ្ចេញ​សមត្ថភាព​បាន​ល្អ ហើយ​បើ​កុំ​តែ​កីឡាករ​ថៃ​សំណាង​វាយ​ត្រូវ​ចំណុច​សំខាន់​បណ្ដាល​ឱ្យ​កីឡាករ​កម្ពុជា​ឈឺ​ខ្លាំង ក៏​ប្រហែលជា​មិន​អាច​ឈ្នះ​ដោយ​ស្រួល​បាន​បែប​នេះ​ដែរ ។ លោក​មាន​គម្រោង​ដាក់​ឱ្យ​មួយគូ​នេះ​ឡើង​ប្រកួត​ជា​ថ្មី​ម្ដងទៀត តែ​រង់ចាំ​ឱ្យ​កីឡាករ​ថៃ និង​ចាន់ សំអាត បាន​ត្រៀមខ្លួន និង​មាន​ពេល​ឱ្យ​គ្រប់គ្រាន់​សិន ដើម្បី​ចង់​ដឹង​ថា បើ​ប៉ះ​គ្នា​ម្ដងទៀត តើ​អ្នក​ណា​នឹង​ឈ្នះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ