ខេត្តសៀមរាប ៖ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ១៩ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញ ព្រមទាំងវត្តមានសិក្ខាកាមជាតំណាងមកពីបណ្តាមន្ទីរ អង្គភាព ស្ថាប័ននានាក្នុងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ផ្នែកឯកជន និងប្រតិបត្តិករទេចរណ៍ជាច្រើននាក់ផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវិធីបង្ការ ការពារ និងរោគសញ្ញានៃការចម្លងរបស់មេរោគកូវីដ១៩ មកមនុស្សជាដើម ។ ថ្លែងបើកអង្គសិក្ខាសាលាលោក ទៀ សីហា បានកោតសរសើរ និងថ្លែងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យ ដែលបានអនុវត្តការងារយ៉ាងសកម្ម ដោយប្រុងប្រយ័ត្នទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ធ្វើឲ្យខេត្តសៀមរាប យើងមានស្ថានភាពល្អប្រសើរជាងមុន ប្រជាពលរដ្ឋមិនមានការភ័យខ្លាចដូចការបំផុសព័ត៌ មានមិនពិតនោះទេ ។
ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៍បានយកចិត្តទុកដាក់សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ ហៅមកណែនាំចំពោះម្ចាស់គណនេយ្យហ្វេសប៊ុកមួយចំនួនតូចដែល «បំប៉ោងស្ថានភាព បំពុលដល់សង្គម បង្កើនការភ័យខ្លាច បង្កការរើសអើង ធ្វើបាបប្រជាពលរដ្ឋខេត្តសៀមរាប ដោយបង្ហោះព័ត៌មានមិនពិត» ហើយបញ្ហាព័ត៌មានមិនពិតនេះ គឺជាជំងឺឆ្លងខ្លាំងជាងជម្ងឺកូវិដ១៩ទៅទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ បាក់បង់នូវអារម្មណ៍ស្មារតីទៀតផង ។
លោកបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ ស្រដៀង គ្នា ទៅនឹងជំងឺផ្តាសាយធំ បើយើងមានប្រព័ន្ធការពាររាងកាយល្អ ធ្វើអនាម័យជាប្រចាំជម្ងឺមិនងាយនឹងឆ្លងចូលបានទេ ។ តាមរយៈសិក្ខាសាលានេះ លោក សង្ឃឹមថា អ្នកចូលរួមនឹងនាំយកចំណេះដឹងនេះទៅពន្យល់បន្តដល់ក្រុមគ្រួសារ កូនចៅ មិត្តភក្តិជិតខាងក្នុងមូលដ្ឋានខ្លួន ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារ បង្ការពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩នេះ និង ស្វែងយល់ពីជំងឺនេះឲ្យបានច្បាស់លាស់នូវភាពកាចសាហាវរបស់វា ពេលដែលយើងយល់ច្បាស់ហើយ វាកាត់បន្ថយការភ័យខ្លាចបានមួយកម្រិតធំ ។
ក្នុងបទបង្ហាញរបស់លោកវេជ្ជ ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្ត បានបង្ហាញពីរបៀបក្នុងការធ្វើអនាម័យដៃ និងរបៀបពាក់ម៉ាសការរពារឲ្យបានត្រឹមត្រូវ ។ ក្នុងបទបង្ហាញ ក៏បានពន្យល់ពីជំងឺឆ្លងថា គឺជាជំងឺដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលបង្កឡើងដោយពពួកមេរោគផ្សេងៗ ។
ដោយឡែកមូលដ្ឋានគ្រឹះនៃជំងឺកូវីដ១៩ គឺជាក្រុមគ្រួសារវីរុសដ៏ធំមួយដែលគេឃើញ នៅលើសត្វ និងមនុស្ស នៅលើមនុស្សមានតាំងពីជំងឺផ្កាសាយធម្មតា រហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត។
វីរុសកូរ៉ូណាប្រភេទថ្មី គឺជាវីរុសកូរ៉ណាថ្មីមួយដែលពីមុនមិន មាននៅលើមនុស្ស ហើយមនុស្សអាចឆ្លងជំងឺកូវីដ១៩ ពីអ្នកដទៃដែលមានវីរុសនេះតាមរយៈ រាលដាលនៅពេលក្អក ៖ តំណក់ទឹកទាំងនេះមានលើវត្ថុ និងផ្ទៃ, មនុស្សដទៃមកប៉ះតំណក់ទឹកទាំងនេះ រួចប៉ះច្រមុះ មាត់ និងមនុស្សអាចឆ្លងជំងឺកូវីដ១៩ ប្រសិនជាដកដង្ហើមនូវតំណក់ទឹក ក្អក ឬកណ្តាស់ពីអ្នកមានជំងឺ ។
តាមការសិក្សាបង្ហាញថា វីរុសជំងឺកូវីដចម្លងតាមការប៉ះពាល់ជាមួយតំណក់ទឹកពីផ្លូវដង្ហើមជាជាងឆ្លងកាត់ខ្យល់ ។ រោគសញ្ញាវីរុសកូវីដ១៩ ជាទូទៅ គ្រុន អស់កម្លាំង និងក្អកស្ងួត មានអ្នកជំងឺខ្លះអាចមាន និងតឹងហៀរសំបោរ ឈឺបំពង់ក មនុស្សខ្លះឆ្លងមេរោគ ប៉ុន្តែមិនមានរោគសញ្ញា ហើយមិនមានអារម្មណ៍ថា មិនស្រួលខ្លួនដែរ។
មកដល់ពេលនេះ មិនមានវ៉ាក់សាំងទេ ហើយក៏មិនមានថ្នាំប្រឆាំង ឬព្យាបាលកូវីដ-១៩ ដែរក្នុងដំណាក់កាល ដើម្បីចៀសវាងពីការឆ្លងជំងឺយើងត្រូវការពារខ្លួនដោយ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ រក្សាចំងាយយ៉ាងតិចឱ្យបាន១ ម៉ែត្ររវាងខ្លួនអ្នក និងអ្នកដែលក្អក ឬកណ្តាស់ កាត់បន្ថយជាអតិបរិមានការយកដៃមកប៉ះភ្នែក ច្រមុះ និងមាត់។
ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ប្រើកែងដៃ ឬក្រដាសរួចហើយចោលក្រដាសភ្លាមក្នុងធុងសំរាម។ ចៀសវាងប៉ះពាល់ស្និតជាមួយអ្នកជំងឺផ្លូវដង្ហើមដូចជាគ្រុនក្តៅ ក្អក និងកណ្តាស ឬផ្តាសាយ។ ពិសារអាហារដែលចម្អិនឆ្អិនល្អ ជាពិសេសសាច់ និងជៀសវាងប៉ះពាល់ជិតស្និទ្ធិកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេ ដឹងថា មានវីរុសកំពុងចរាចរ។
ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដូចជា គ្រុន ក្តៅ ក្អក ពិបាកដកដង្ហើម ទាំងមុន ឬក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រលប់មកពីកន្លែងដែលបាននិងកំពុងរាតត្បាតនៅប្រទេសមួយចំនួន ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលអះអាងពីមន្ទីរពិសោធ សូមទាក់ទងទូរស័ព្ទ ១១៥ ជាបន្ទាន់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ